ស្ងាត់ៗ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បង្ហាញវត្តមានជាមួយកូនស្រី ចុះត្រួតពិនិត្យការហ្វឹកហ្វឺនបាញ់គ្រាប់ពិត
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាង បានបញ្ចេញរូបភាពថ្មីៗដែលបង្ហាញពីមេដឹកនាំកំពូល លោក គីម ជុងអ៊ុន អមដំណើរដោយកូនស្រីវ័យជំទង់របស់លោក គឺកញ្ញា គីម ជូអ៊េ ក្នុងសកម្មភាពត្រួតពិនិត្យយោធា។
តាមរយៈរូបភាពដែលបានចុះផ្សាយនៅថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២៦ នេះ លោក គីម ជុងអ៊ុន និងកូនស្រី បានរួមដំណើរជាមួយគ្នានៅលើរថក្រោះ ដើម្បីចុះត្រួតពិនិត្យការហ្វឹកហ្វឺនបាញ់គ្រាប់ពិតរបស់អង្គភាពរថក្រោះ និងថ្មើរជើង។
ក្នុងដំណើរទស្សនកិច្ចនេះ លោក គីម បានជំរុញឱ្យកងទ័ពបង្កើនការត្រៀមលក្ខណៈសម្រាប់សង្គ្រាមឱ្យបានគ្រប់ជ្រុងជ្រោយ។ អ្វីដែលគេចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ វត្តមានរបស់កញ្ញា គីម ជូអ៊េ ដែលត្រូវបានគេមើលឃើញថា កំពុងដើរតួនាទីកាន់តែសំខាន់ក្នុងកិច្ចការរដ្ឋ និងយោធា។
អ្នកវិភាគអន្តរជាតិបានលើកឡើងថា ការបង្ហាញខ្លួនកាន់តែញឹកញាប់របស់កូនស្រីលោក គីម ក្នុងព្រឹត្តិការណ៍សំខាន់ៗបែបនេះ គឺជាសញ្ញាកាន់តែច្បាស់ថា នាងត្រូវបានគ្រោងទុកថាជាអ្នកបន្តវេនដឹកនាំ កូរ៉េខាងជើងនាពេលអនាគត។
គួររម្លឹកថាកាលពីសប្តាហ៍មុន អ្នកទាំងពីរក៏បានបង្ហាញខ្លួនជាមួយគ្នាក្នុងការសាកល្បងបាញ់កាំភ្លើងខ្លី និងទស្សនាការបាញ់បង្ហោះគ្រាប់រ៉ុក្កែតផងដែរ៕



ប្រភព៖ CNA


















