ផលិតផលក្នុងស្រុកសរុបរបស់ចិនកើនឡើងរហូតដល់ ៤.៩% ស្របពេលតម្រូវការកាន់តែកើនឡើង
ប៉េកាំង៖ ការស្ទុះឡើងនៃសេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើងនៅក្នុងត្រីមាសទី៣ ក្នុងឆ្នាំ២០២០នេះខ្ពស់ជាងការរំពឹងទុក ស្របពេលតម្រូវការក្នុងស្រុកកាន់តែចាំបាច់ និងស្ថានភាពនៃវីរុសរាតត្បាតក្នុងប្រទេសចិនស្ថិតក្រោមការគ្រប់គ្រង។
ទិន្នន័យផ្លូវការបានបង្ហាញនៅថ្ងៃច័ន្ទនេះថា GDP ឬផលិតក្នុងស្រុកសរុបរបស់ប្រទេសចិនបានកើនឡើងរហូតទៅដល់ ៤.៩ភាគរយ ក្នុងត្រីមាសទី៣នៃឆ្នាំ២០២០ ដែលជាតួរលេខមួយលើសពីការរំពឹងទុករបស់អ្នកជំនាញ។
ទោះជាយ៉ាងណា សេដ្ឋកិច្ចចិនបានថយចុះ ៦.៨ ភាគរយក្នុងត្រីមាសទី១ នៃឆ្នាំ២០២០ ដោយសារតែ វិបត្តិវីរុសរាតត្បាត ព្រោះតែស្ថានភាពលំបាក ទើបរដ្ឋាភិបាលទីក្រុងប៉េកាំងបានសម្រេចបោះបង់ចោលនូវគោលដៅសេដ្ឋកិច្ចមួយចំនួនរបស់ខ្លួននៅឆ្នាំ២០២០នេះ។
សូមជម្រាបថា កាលពីខែកញ្ញា អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានកែប្រែ ការព្យាករណ៍របស់ខ្លួនសម្រាប់សក្តានុពលនៃ GDP របស់ចិន ដោយបានរំពឹងថា នឹងមានកំណើន ១.៨ភាគរយសម្រាប់ឆ្នាំ២០២០។ មិនតែប៉ុណ្ណោះ គេក៏បានកែសម្រួលការព្យាករណ៍របស់ខ្លួនសម្រាប់ឆ្នាំ២០២១ផងដែរ ដោយរំពឹងជាថ្មីថា ប្រទេសចិននឹងមានកំណើន GDP រហូតដល់៨ភាគរយ នៅឆ្នាំក្រោយ៕
សូមទស្សនាវីដេអូ៖
ប្រភព៖ Sputnik, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ