ឯកឧត្តម រដ្ឋ សារ៉ាវុធ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានកិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការគ្រប់វិស័យក្រោមសហគមន៍សេដ្ឋកិច្ចអាស៊ាន (12th CoW Meeting) តាមប្រព័ន្ធវីដេអូ

(ភ្នំពេញ)៖ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រដ្ឋ សារ៉ាវុធ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ ក្នុងនាមជាប្រធានកិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន (SEOM Chair) ក្នុងឆ្នាំ២០២២ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១២ នៃគណៈកម្មាធិការគ្រប់វិស័យក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន (The 12th Meeting of the Committee of the Whole for the ASEAN Economic Community – 12th CoW Meeting) តាមប្រព័ន្ធវីដេអូ។

 
ឯកឧត្តម រដ្ឋ សារ៉ាវុធ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ  និងជាប្រធានកិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការគ្រប់វិស័យក្រោមសហគមន៍សេដ្ឋកិច្ចអាស៊ាន (12th CoW Meeting) តាមប្រព័ន្ធវីដេអូ

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម SATVINDER SINGH អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សេដ្ឋកិច្ចអាស៊ាន ព្រមទាំងមានការចូលរួមពីប្រធានកិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រីអាស៊ាននៃអន្តរវិស័យនីមួយៗ(Chairpersons of Senior Official Meetings) ឧត្តមមន្ត្រីអាស៊ានតំណាងប្រទេសសមាជិកនៃអន្តរវិស័យនីមួយៗ(Country Leads for Senior Official Meetings)  ប្រធានកិច្ចប្រជុំក្រុមការងារអន្តរវិស័យក្រោមសមត្ថកិច្ចឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន (Chairpersons of Subsidiary Bodies under SEOM) ព្រមទាំងសមាជិក  តំណាងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និងមន្ត្រីលេខាធិការដ្ឋានអាស៊ានផងដែរ។

កិច្ចប្រជុំបានកត់សម្គាល់ និងផ្លាស់ប្តូរមតិយោបល់លើរបៀបវារៈសំខាន់ៗ រួមមាន៖

(១)លទ្ធផលនៃកិច្ចប្រជុំកម្រិតខ្ពស់ និងកិច្ចការបន្ត 

(២)លក្ខខណ្ឌប្រតិបត្តិនិងរចនាសម្ព័ន្ធនៃគណៈកម្មាធិការគ្រប់វិស័យ 

(៣)លទ្ធផលនៃសិក្ខាសាលាត្រៀមមុនកិច្ចប្រជុំគណៈកម្មាធិការគ្រប់វិស័យ ស្តីពីការពង្រឹងកិច្ចយន្តការសហប្រតិបត្តិការរវាងអន្តរវិស័យ  

(៤)សមិទ្ធផលអាទិភាពក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា

(៥)សមិទ្ធផលអាទិភាពរបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២២ និង

(៦)បញ្ហាផ្សេងៗទៀត។

ក្នុងនោះផងដែរ ឯកឧត្តមអគ្គនាយកពាណិជ្ជកម្មអន្តរជាតិ ក្នុងនាមជាប្រធានកិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន (SEOM Chair) បានផ្តល់បទបង្ហាញអំពីសមិទ្ធផលអាទិភាពសេដ្ឋកិច្ចសម្រាប់២០២២ ព្រមទាំងបានជម្រាបជូនកិច្ចប្រជុំអំពីបច្ចុប្បន្នភាពនៃការផ្តល់មតិយោបល់ និងការឯកភាពជាគោលការណ៍របស់ឧត្តមមន្ត្រីសេដ្ឋកិច្ច ទៅលើសមិទ្ធផលអាទិភាពសេដ្ឋកិច្ចទាំងនេះផងដែរ។

ឯកឧត្តម បានជម្រាបជូនកិច្ចប្រជុំបន្ថែមថា សម្រាប់នីតិវិធីបន្ត សមិទ្ធផលអាទិភាពសេដ្ឋកិច្ចដែលស្នើដោយកម្ពុជាទាំងនេះ នឹងត្រូវបានដាក់ជូនកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២៨ (The 28th AEM Retreat) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២២ ដើម្បីស្នើសុំការអនុម័ត។

ជាកិច្ចបញ្ចប់ អង្គប្រជុំបានសម្តែងការស្វាគមន៍ និងបានបញ្ជាក់ពីការប្ដេជ្ញាចិត្តគាំទ្រនិងផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា ព្រមទាំងបានណែនាំឱ្យក្រុមការងារអន្តរវិស័យក្រោមសហគមន៍សេដ្ឋកិច្ចអាស៊ានទាំងអស់ ខិតខំប្រឹងប្រែងតាមដានការអនុវត្តការងារអាទិភាព ដែលគាំទ្រនិងធានាដល់ការសម្រេចបាននូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ច (PEDs) របស់កម្ពុជា ក្នុងឆ្នាំ២០២២៕

 

សូមចុច join Telegram https://t.me/cngtvcambodia

ប្រភព៖ ក្រសួងពាណិជ្ជកម្ម