ដើមឆ្នាំ២០២២នេះ បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុបទទួលបានចំនួនសិស្សវិលត្រលប់ចូលរៀនក្នុងថ្នាក់ផ្ទាល់
នៅដើមឆ្នាំ២០២២នេះ បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុបទទួលបានចំនួនសិស្សវិលត្រលប់ចូលរៀនក្នុងថ្នាក់ផ្ទាល់ និងចុះឈ្មោះចូលរៀនឡើងវិញមានចំនួនកើនឡើងជាលំដាប់ បន្ទាប់ពីស្ថានភាពនៃការរីករាលដាលជំងឺកូវីដ ១៩ មានភាពធូរស្រាលជាងមុន ប៉ុន្តែគ្រឹះស្ថានអប់រំមួយនេះនៅតែអនុវត្តវិធានការណ៍សុវត្ថិភាពរបស់រដ្ឋាភិបាល។
ក្នុងកិច្ចប្រជុំត្រួតពិនិត្យនិងវាយតម្លៃធុរៈកិច្ច កាលពីរសៀលថ្ងៃទី២៥ ខែមេសានេះ
លោក គង់ សំនៀង ប្រធាននាយកប្រតិបត្តិការនៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុបបានលើកឡើងថា ចាប់តាំងពីការផ្ទុះឡើងកូវីដ១៩ កំឡុង២ឆ្នាំ បានជះឥទ្ធិពលដល់សេដ្ឋកិច្ចពិភពលោក ហើយការកើនឡើងនៃវិបត្តិនេះបានប៉ះពាល់ដល់ប្រទេសកំពុងអភិវឌ្ឍន៍មិនត្រឹមតែទៅលើភាពអាសន្នផ្នែកសុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបំផ្លាញដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចដល់ប្រទេសទាំងនោះយ៉ាងធ្ងន់ធ្ងរផងដែរ។
សម្រាប់វិស័យអប់រំវិញ លោកបញ្ជាក់ថាក៏បានទទួលរងផលប៉ះពាល់ផលដែរ ដែលសិស្សមិនអាចមកសិក្សាក្នុងថ្នាក់រៀនផ្ទាល់ និងសិស្សខ្លះទៀតត្រូវព្យូរការសិក្សាដោយសារកត្តាជីវភាព និងមិនមានបច្ចេកវិទ្យាគាំទ្រការសិក្សាតាមប្រព័ន្ធអនឡាញ។ កត្តាទាំងនេះបានប៉ះពាល់ដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
ពាក់ព័ន្ធនឹងស្ថានភាពសិស្សនៅបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ គ្រុប លោកបានលើកយកស្ថិតិសិស្សក្នុងឆ្នាំ២០២០ និង២០២១បង្ហាញថា កម្មវិធីកុមារតូចមានចំនួនបោះបង់ចោល និងព្យួរការសិក្សាមានចំនួនច្រើនជាងកម្មវិធីដទៃទៀត ដោយសារកុមារតូចពិបាកផ្ចង់អារម្មណ៍រៀនតាមប្រព័ន្ធអនឡាញ ម្យ៉ាងទៀតប្រាក់ចំណូលក្នុងក្រុមគ្រួសារមានការធ្លាក់ចុះ ឬបាត់បង់ ដែលអាណាព្យាបាលត្រូបង្ខំចិត្តផ្អាកសិក្សាមួយរយៈសិន។ សម្រាប់កម្មវិធីភាសាអង់គ្លេស និងចំណេះទូទៅខ្មែរវិញ ដែលជាសិស្សមានវ័យធំ ពួកគាត់អាចមានសមត្ថភាពប្រើបច្ចេកវិទ្យាអប់រំ និងអាចរៀនតាមប្រព័ន្ធអនឡាញ ហើយអត្រាសិស្សព្យួរការសិក្សាមានចំនួនតិចតួច។
លោកបានបន្ថែមទៀតថា វិធានការចាក់ស្រោចវ៉ាក់សាំងកូវីដ១៩ ដូសទី១ ទី២ ទី៣ និងទី៤ ជូនដល់ប្រជាពលរដ្ឋ រួមនឹងដាក់ចេញវិធានការសុវត្ថិភាពនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលទាន់ពេលវេលា ពិតជាមានប្រសិទ្ធភាពខ្ពស់ ក្នុងការកាត់បន្ថយអត្រាស្លាប់ និងជួយពង្រឹងភាពសុាំក្នុងសហគមន៍ថែមទៀតផង។ កត្តានេះបានអំណោយផលដល់សកម្មភាពប្រកបអាជីវកម្ម និងបំពេញការងាររប្រជាពលរដ្ឋជាប្រក្រតីឡើងវិញ ។
ទន្ទឹមនឹងនោះដែរ លោកក៏បានបញ្ជាក់ថាក្នុងរយៈពេល៣ខែដើមឆ្នាំនេះ សិស្សកម្មវិធីកុមារតូច និងកម្មវិធីដទៃទៀត បានវិលត្រឡប់មកសិក្សាក្នុងថ្នាក់ផ្ទាល់ឡើងវិញ និងមួយចំនួនទៀតបានមកចុះឈ្មោះចូលរៀនវិញជាបន្តបន្ទាប់ ដែលនេះជាសញ្ញាណមួយដ៏ល្អប្រសើរសម្រាប់ការអភិវឌ្ឍវិស័យអប់រំ និងនិរន្តរភាពរបស់គ្រឹះស្ថានអប់រំផងដែរ។
ទោះជាស្ថានភាពកូវីដ១៩មានសភាពថមថយក៏ដោយ លោកនៅតែជម្រុញបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ គ្រុបបន្តអនុវត្តវិធានការសុវត្ថិភាពរបស់រាជរដ្ឋាភិបាល និងតាមដានសុខភាពសិស្សជាប្រចាំ៕
សូមជម្រាបថាបណ្តាញគ្រឹះស្ថាន វេសឡាញនឹងបើកវគ្គសិក្សាសម្រាប់កម្មវិធីមត្តេយ្យភាសាខ្មែរនិងអង់គ្លេស កម្មវិធីភាសាអង់គ្លេសសម្រាប់កុមារ និងកម្មវិធីភាសាអង់គ្លេសទូទៅ ចូលរៀនថ្ងៃទី៣ ខែឧសភាខាងមុនេះ។ លើសពីនេះ នឹងមានផ្តល់ជូនការបញ្ចុះតម្លៃរហូត១៥% សម្រាប់ការចុះឈ្មោះត្រឹមថ្ងៃទី២ ខែឧសភា៕