ក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត សហការជាមួយមជ្ឈមណ្ឌលកម្ពុជា 4.0 បានរៀបចំកម្មវិធីវគ្គបណ្តុះបណ្តាល
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត សហការជាមួយមជ្ឈមណ្ឌលកម្ពុជា 4.0 បានរៀបចំកម្មវិធីវគ្គបណ្តុះបណ្តាល ស្តីពីរបៀបប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសមត្ថភាពផ្ទុកតាមគន្លងប្រក្រតីភាពថ្មី (Carrying Capacity Management System) សម្រាប់ផ្សារ ហាង និងអាជីវកម្មទេសចរណ៍ ។
កម្មវិធីប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាននៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដោយមានសមាសភាពចូលរួមពីរដ្ឋបាលរាជធានី ខេត្ត មន្ទីរទេសចរណ៍រាជធានី ខេត្ត អាជីវករនៃអាជីវកម្មទេសចរណ៍ និងអាជីវកម្មដែលមានឧបនិស្ស័យទេសចរណ៍ នៅទីតាំងផ្ទាល់ និងតាមប្រព័ន្ធអនឡាញ (Zoom) ប្រមាណ ៣២០នាក់។
វគ្គបណ្តុះបណ្តាលស្តីពីប្រពន្ធ័គ្រប់គ្រងសមត្ថភាពផ្ទុកតាមគន្លងប្រក្រតីភាពថ្មី (Carrying Capacity Management System)នេះ រៀបចំក្នុងគោលបំណងដើម្បីឱ្យមន្ត្រីថ្នាក់ក្រោមជាតិ អាជីវករ ប្រតិបត្តិករទេសចរណ៍ និងភាគីពាក់ព័ន្ធទាំងអស់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសមត្ថភាពផ្ទុកតាមគន្លងប្រក្រតីភាពថ្មីនេះប្រកបដោយប្រសិទ្ធភាព។
សូមបញ្ជាក់ផងដែរថា ប្រព័ន្ធគ្រប់គ្រងសមត្ថភាពផ្ទុកតាមគន្លងប្រក្រតីភាពថ្មីត្រូវបានរៀបចំឡើងដើម្បីបន្តពង្រឹងការអនុវត្តវិធានការ "៣ការពារ ៣កុំ", ការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍, និងការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រតីភាពថ្មី ព្រមទាំងត្រៀមខ្លួនបង្ការទប់ស្កាត់នូវហានិភ័យនៃជំងឺឆ្លងដ៏កាចសាហាវផ្សេងៗ ទៀត និងបើកទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិឡើងវិញ ស្របទៅតាមដំណាក់កាលទី២នៃការជំរុញ និងការស្តារឡើងវិញនៃវិស័យទេសចរណ៍ (Recovery Phase) នៃផែនទីចង្អុលផ្លូវ ស្តីពី ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ហើយក៏ដូចជាការត្រៀមឆ្ពោះទៅស្វាគមន៍ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលចូលរួមដល់ផែនការរបស់រាជរដ្ឋាភិបាលក្នុងការស្តារសដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជាឡើងវិញ៕
ប្រភព៖ ក្រសួងទេសចរណ៍