សាលាភាសាអង់គ្លេសលីដឺលែនប្រកាសបើកថ្នាក់វិញ្ញាបនបត្រផ្នែកសំណេរ និងទំនាក់ទំនងជាភាសាអង់គ្លេសសម្រាប់ធុរៈកិច្ច ថ្នាក់ត្រៀមប្រឡង TOEFL និងសេវាប្រឹក្សាយោបល់សិក្សានៅបរទេស

សាលាភាសាអង់គ្លេសលីដឺលែនបានប្រកាសបើកថ្នាក់វិញ្ញាបនបត្រផ្នែកសំណេរ និងទំនាក់ទំនងជាភាសាអង់គ្លេសសម្រាប់ធុរៈកិច្ច (Diploma in Business English for Oral and Written Communication )ថ្នាក់ត្រៀមប្រឡង TOEFL និងសេវាប្រឹក្សាយោបល់សិក្សានៅបរទេស ដើម្បីបង្កើនជំនាញភាសាអង់គ្លេសផ្នែកទំនាក់ទំនងធុរៈកិច្ចប្រកបដោយភាពអាជីព និងស្ទាត់ជំនាញ ព្រមទាំងផ្តល់ឱកាសដល់សិស្សអាចបន្តការសិក្សានៅក្រៅប្រទេស។

 
សាលាភាសាអង់គ្លេសលីដឺលែនប្រកាសបើកថ្នាក់វិញ្ញាបនបត្រផ្នែកសំណេរ និងទំនាក់ទំនងជាភាសាអង់គ្លេសសម្រាប់ធុរៈកិច្ច ថ្នាក់ត្រៀមប្រឡង TOEFL និងសេវាប្រឹក្សាយោបល់សិក្សានៅបរទេស

ថ្លែងក្នុងពិធីបើកវគ្គសិក្សាខាងលើ ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យខេសិន គ្រុប បានលើកឡើងថា “កាលពីមុន ការប្រើប្រាស់ភាសាអង់គ្លេសនៅកម្ពុជាត្រូវចាត់ទុកថាភាសាបរទេស ប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះ ភាសាអង់គ្លេសត្រូវចាត់ទុកថាជាភាសាទី២ បន្ទាប់ពីភាសាជាតិ ដោយសារគ្រឹះស្ថានអប់រំភាគច្រើនបានបង្រៀនភាសាអង់គ្លេសចាប់ពីកម្រិតមត្តេយ្យ រហូតដល់មហាវិទ្យាល័យ ចំណែកការទំនាក់ទំនងផ្នែកធុរៈកិច្ច ព្រមទាំងកិច្ចប្រជុំថ្នាក់អន្តរជាតិប្រើប្រាស់ភាសាអង់គ្លេសជាភាសាផ្លូវការ និងមានភាពទូលំទូលាយ”។

លោកបានបន្ថែមទៀតថា “អ្នកចេះសរសេរ និងនិយាយភាសាអង់គ្លេសបានច្បាស់លាស់ និងស្ទាត់ជំនាញ មិនប្រាកដថាអាចប្រើប្រាស់ភាសាគ្រប់បរិបទនោះទេ ហើយវាជាភាសាមួយដាច់ដោយឡែក ពីព្រោះភាសាអង់គ្លេសមានពាក្យគន្លឹះ និងពាក្យបច្ចេកទេសតាមបរិបទធុរៈកិច្ច ធានាគារ បច្ចេកវិទ្យា និងសុខាភិបាល។

លោកបានបញ្ជាក់ថា ដោយមើលឃើញថាគ្រឹះស្ថានអប់រំភាគច្រើនមិនទាន់បើកជំនាញនេះ ម្យ៉ាងទៀតតម្រូវការប្រើប្រាស់ភាសាអង់គ្លេសសម្រាប់ធុរៈកិច្ចសម្រាប់បុគ្គលិកកំពុងបម្រើការងារផ្នែកទីផ្សារភាគហ៊ុន ធានាគារ ក្រុមហ៊ុនបច្ចេកវិទ្យា បរិសណ្ឋារកិច្ច និងសណ្ឋាគារ មានការកើនឡើង ដូចនេះការបើកជំនាញនេះប្រាកដជាឆ្លើយតបនឹងតម្រូវទីផ្សារជាមិនខាន។ 

លោកក៏បានលើកទឹកចិត្តបុគ្គលិកធ្វើការងារក្នុងវិស័យនានាគួរតែឆ្លៀតឱកាសមករៀនត្រៀមទុកជាមុន ដើម្បីទទួលពាក្យបច្ចេកទេសថ្មីៗបន្ថែមទៀត និងឱកាសការងារល្អប្រសើរទាំងក្នុងប្រទេស និងក្រៅប្រទេស។

លោក យាន់ និករតនៈ ជានាយកសាលាភាសាអង់គ្លេសលីដឺលែន បានឱ្យដឹងថា “ក្រោយពីបញ្ចប់ថ្នាក់វិញ្ញាបនបត្រផ្នែកសំណេរ និងទំនាក់ទំនងជាភាសាអង់គ្លេសសម្រាប់ធុរៈកិច្ច សិស្សនឹងទទួលបានការប្រើប្រាស់ភាសាអង់គ្លេសប្រកបដោយភាពអាជីពក្នុងបរិបទធុរៈកិច្ច ព្រមទាំងអភិវឌ្ឍជំនាញនិងមានទំនុកចិត្តលើខ្លួនឯងលើសំណេរ ការធ្វើបទបង្ហាញ ការកសាងទំនាក់ទំនងជាភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ។ ហើយវិញ្ញាបនបត្រនេះមានកាទទួលស្គាល់ពីគ្រឹះស្ថានអប់រំមួយចំនួនក្នុងប្រទេសកម្ពុជា ដែលសិស្សនឹងទទួលបានក្រេឌីត(Credit) និងអនុញ្ញាតិឱ្យបន្តសិក្សាកម្រិតបរិញ្ញាបត្រ”។

លោកបានបន្ថែមថា “ចំពោះគ្រូបណ្តុះបណ្តាលវិញគឺមានទាំងជនជាតិខ្មែរ និងបរទេសដែលនិយាយនិងប្រើប្រាស់ភាសាអង់គ្លេសបានស្ទាត់ជំនាញ មានឯកទេសច្បាស់លាស់ មានពិន្ទុTOEFLខ្ពស់ និងបទពិសោធន៍បង្រៀនជាច្រើនឆ្នាំ។ ទន្ទឹមនេះ សាលាភាសាអង់គ្លេសលឺដឺលែនក៏មានផ្តល់សេវាបង្រៀនភាសាអង់គ្លេសលើជំនាញឯកទេសណាមួយតាមក្រុមហ៊ុន និងសហគ្រាសផងដែរ”។

លោកបញ្ជាក់ថា “សាលាភាសាអង់គ្លេសលីដឺលែនមានបង្រៀនកម្មវិធីត្រៀមប្រឡងតេស្តភាសាអង់គ្លេស (TOEFL, TOEFL iBT, PTE Academic, ACT) ហើយសាលាក៏មានវិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ(EDI)ជាដៃគូក្នុងការផ្តល់ការប្រឹក្សាយោបល់សម្រាប់សិស្សដែលមានបំណងបន្តការសិក្សានៅក្រៅប្រទេសដូចជា សហរដ្ឋអាមេរិក ប្រទេសអូស្ត្រាលី ប្រទេសញូវសឺលែន ប្រទេសអង់គ្លេស និងបណ្តាទេសផ្សេងៗទៀតនៅអ៊ឺរ៉ុប និងអាស៊ីផងដែរ។

សម្រាប់ថ្នាក់វិញ្ញាបនបត្រខាងលើកនេះនឹងបញ្ចុះតម្លៃរហូតដល់២០% ហើយវគ្គសិក្សាថ្មីចូលរៀនថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង 092 311 168 | 070 310 168 ។

 សូមបញ្ជាក់ថា សាលាភាសាអង់គ្លេសលីដឺលែនគឺជាបណ្តាញរបស់គ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប។ កម្មវិធីសិក្សាភាសាអង់គ្លេសនៅលីដឺលែន មិនត្រឹមតែផ្តោតលើ ភាសាអង់គ្លេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ជំនាញភាពជាអ្នកដឹកនាំ សហគ្រិនភាព និងចំណេះផ្នែកបច្ចេកវិទ្យាតាមរយៈការចែករំលែកពីវាគ្មិនល្បីៗក្នុងសិក្ខាសាលារៀងរាល់៣ខែម្តង រួមទាំងបញ្ចូនជំនាញបំណិនជីវិតក្នុងសតវត្សទី២១ផងដែរ៕