ចក្រភពអង់គ្លេសនឹងផ្លាស់ប្តូរច្បាប់អន្តោប្រវេសន៍ ប្រសិនបើចិនអនុវត្តច្បាប់សន្តិសុខទៅលើទីក្រុងហុងកុង
នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) បានឲ្យដឹងថា ចក្រភពអង់គ្លេសបានត្រៀមខ្លួនរួចហើយ ដើម្បីផ្លាស់ប្តូរច្បាប់អន្តោប្រវេសន៍របស់ខ្លួនលើចិន ប្រសិនបើចិនដាក់ចេញនូវច្បាប់សន្តិសុខជាតិថ្មីទៅលើទីក្រុងហុងកុងមែន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក បូរីស ចនសុន បានសរសេរថា ចាប់តាំងប្រគល់ទីក្រុងហុងកុងឱ្យចិនវិញនៅឆ្នាំ១៩៩៧ មក គោលគំនិតចម្បងនោះគឺផ្តោតលើ “ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ” ដែលបានចែងនៅក្នុងច្បាប់មូលដ្ឋានរបស់ហុងកុង និងគាំទ្រដោយសេចក្តីប្រកាសរួមដែលចុះហត្ថលេខាដោយចក្រភពអង់គ្លេស និងចិន”។
បន្ថែមពីនេះ ការសម្រេចចិត្តរបស់ចិនក្នុងការដាក់ឲ្យអនុវត្តច្បាប់សន្តិសុខជាតិថ្មីនេះទៅលើទីក្រុងហុងកុងនឹងធ្វើឲ្យបាត់បង់សិទ្ធិសេរីភាព និងសិទ្ធិស្វ័យភាពរបស់ទីក្រុងហុងកុងផងដែរ។
លោក ចនសុន បានថ្លែងទៀតថា ប្រសិនបើចិនដាក់ចេញនូវច្បាប់សន្តិសុខជាតិមែន រដ្ឋាភិបាលអង់គ្លេសក៏នឹងផ្លាស់ប្តូរច្បាប់អន្តោប្រវេសន៍ផងដែរ។
សូមរម្លឹកផងដែរថា កាលពីថ្ងៃអង្គារម្សិលមិញ អង់គ្លេសបានព្រមានទីក្រុងប៉េកាំងថា ឱ្យងាកចេញពីច្បាប់សន្តិសុខជាតិនៅទីក្រុងហុងកុង ដោយបាននិយាយថាច្បាប់នេះនឹងបំផ្លាញសេដ្ឋកិច្ចរបស់អាស៊ី ខណ:ពេលដែលចិននឹងត្រូវបាត់បង់កេរ្តិ៍ឈ្មោះរបស់ខ្លួន៕
ប្រភព៖ Reuters ប្រែសម្រួល៖ ជា បញ្ញា