សម្ដេចតេជោ ហ៊ុន សែន៖ ការអភិវឌ្ឍរបស់សាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់បច្ច័យវិជ្ជមានយ៉ាងច្រើន សម្រាប់អាស៊ាន និង កម្ពុជា

ភ្នំពេញ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការអភិវឌ្ឍរបស់សាធារណរដ្ឋប្រជាមានិតចិន គឺជាសមិទ្ធផលដ៏អស្ចារ្យ ដែលបានផ្ដល់ផលប្រយោជន៍ជាច្រើន មិនត្រឹមតែប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែផ្ដល់បច្ច័យវិជ្ជមានយ៉ាងច្រើន សម្រាប់អាស៊ាន និង កម្ពុជា។

 
សម្ដេចតេជោ ហ៊ុន សែន៖ ការអភិវឌ្ឍរបស់សាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់បច្ច័យវិជ្ជមានយ៉ាងច្រើន សម្រាប់អាស៊ាន និង កម្ពុជា

ក្នុងពិធីទទួលពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភព លោក ប្រគល់ជូនដោយ វិទ្យាស្ថានយុទ្ធសាស្ត្រ សម្រាប់អាស៊ីប៉ាស៊ីហ្វិក (KSI) ស្តីពី «ការបង្កើនទំនាក់ទំនងអាស៊ាន-ចិន» ដោយមានការចូលរួមរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាព្រឹកថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២២ នៅវិមានសន្តិភាព សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការរក្សាបាននូវកិត្យានុភាពអាស៊ានក្នុងសកលលោកលើគ្រប់ទិដ្ឋភាព មិនអាចកាត់ផ្តាច់ពីការចូលរួមចំណែករបស់ដៃគូសន្ទនាអាស៊ាននានា ជាពិសេសសាធារណរដ្ឋប្រជាមានិតចិន ដែលត្រូវបានទទួលស្គាល់ថា ជាមហាអំណាចសេដ្ឋកិច្ចទី២ លើសកលលោកបាននោះទេ។ ជាក់ស្ដែង កិច្ចសហប្រតិបត្តិការអាស៊ាន-ចិន បានរីកចម្រើនជាលំដាប់ក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ ដោយឆ្លុះបញ្ចាំងតាមរយៈការបង្កើត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន» កាលពីឆ្នាំ ២០២១ ហើយក៏កំពុងឈានទៅស្ថាបនា «តំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ទម្រង់ថ្មី៣.០» នាពេលឆាប់ៗខាងមុខ។ សម្ដេចតេជោបញ្ជាក់ថា តួយ៉ាង ចិនជាដៃគូពាណិជ្ជកម្មធំបំផុតទី១ របស់អាស៊ាន ដោយពាណិជ្ជកម្មទំនិញសរុប រវាងអាស៊ាន និង ចិន បានកើនឡើងរហូតដល់ប្រមាណ ៦៦៩ ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២១ ពោលគឺកើនឡើង ២៨ ភាគរយ, ខណៈដែលរំហូរនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ពីចិនមកអាស៊ានមានចំនួន ១៣,៦ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២១ ដែលកើនឡើងជិតទ្វេដង ធៀបនឹងឆ្នាំ ២០២០។

សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានបន្តថា ជាមួយនឹងការចូលរួមចំណែកទាំងនេះ ផ្អែកតាមការវាយតម្លៃ និងព្យាករណ៍របស់ការិយាល័យស្រាវជ្រាវសេដ្ឋកិច្ចអាស៊ានបូកបី កាលពីខែ តុលា កន្លង ទៅនេះ តំបន់អាស៊ាន នឹងអាចសម្រេចបានកំណើនក្នុងអត្រា ៥,៣ភាគរយ និង ៤,៩ភាគរយ ក្នុងឆ្នាំ ២០២២ និង ២០២៣រៀងគ្នា ដែលជាអត្រាខ្ពស់ បើប្រៀបធៀបទៅនឹងតំបន់ផ្សេងទៀត នៃសកលលោក។ ចំណែកឯក្នុងក្របខណ្ឌទ្វេភាគី កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានការរីកចម្រើន ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និង សង្គម ដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈដំណើរ ទស្សនកិច្ចទៅវិញទៅមក កាន់តែញឹកញាប់ កំណើនពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និង កំណើន នៃការប្រាស្រ័យទាក់ទង រវាងប្រជាជន និង ប្រជាជនផងដែរ។

សម្ដេចតេជោបានថ្លែងបញ្ជាក់ថា ចំពោះទំនាក់ទំនង រវាងកម្ពុជា និង ចិន មានការរីកចម្រើនគួរជាទីមោទនៈ រហូតត្រូវបានទទួលស្គាល់ថាជា “មិត្តភាព ដែកថែប» ព្រមទាំងកំណើនពាណិជ្ជកម្មទ្វេភាគី សរុបក្នុងទំហំប្រមាណ ១១ ពាន់លានដុល្លារ អាម៉េរិក ក្នុងឆ្នាំ២០២១ ដែលគិតជាភាគរយមានការកើនឡើង ៣៧ភាគរយបើធៀបទៅនឹងឆ្នាំ ២០២០។ បន្ថែមលើនេះ កម្ពុជាតែងទទួលបានការជួយគាំទ្រ និងជ្រោមជ្រែងជាបន្តបន្ទាប់ពីមិត្តចិន ទាំងហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ជាពិសេស ក្នុងពេលវេលាដ៏លំបាកបំផុតបណ្តាលមកពីវិបត្តិជំងឺកូវីដ-១៩ ដែលបានចូលរួមបង្កលក្ខណៈឱ្យកម្ពុជា មានលទ្ធភាពគ្រប់គ្រងស្ថានភាពឆ្លងរីករាលដាលបានល្អប្រសើរ និងជាពិសេសចូលរួមដល់ការកាត់បន្ថយផលប៉ះទង្គិចសង្គម-សេដ្ឋកិច្ច ផងដែរ។

សម្ដេចតេជោគូសបញ្ជាក់ទៀតថា ការអភិវឌ្ឍរបស់សាធារណរដ្ឋប្រជាមានិតចិន គឺជាសមិទ្ធផលដ៏អស្ចារ្យ ដែលបានផ្ដល់ផលប្រយោជន៍ជាច្រើន មិនត្រឹមតែប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែផ្ដល់បច្ច័យវិជ្ជមានយ៉ាងច្រើនសម្រាប់អាស៊ាន និងកម្ពុជា ទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច សង្គម និង ភូមិសាស្ត្រនយោបាយ។ ក្នុងបរិការណ៍ដែលយើងកំពុងបន្តប្រឈមនឹងបញ្ហា និងហានិភ័យកាន់តែច្រើន ប្រកបដោយភាព មិនប្រាកដប្រជាខ្ពស់ ដូចជា ការបន្តរាតត្បាតនៃជំងឺកូវីដ-១៩ ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ ការគាំពារនិយម ភាពមិនប្រាកដប្រជា នៃទស្សនវិស័យសេដ្ឋកិច្ចសកល ការប្រែប្រួលអាកាសធាតុ ការបន្តបន្ទច់បង្អាក់ចរន្ត នៃខ្សែច្រវាក់តម្លៃ និង ផលិតកម្មសកល។

សម្ដេចតេជោមានសង្ឃឹមជឿជាក់ថា កិច្ចសហការអាស៊ាន-ចិន ដែលបាន និងកំពុងនឹងបើកទំព័រថ្មីមួយតាមរយៈការអនុវត្ត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន» និងការបង្កើត «តំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ទម្រង់ថ្មី ៣.០» នឹងរួមចំណែកក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាង តំបន់ទាំងពីរ ឱ្យកាន់តែមានសក្ដានុពលប្រកបដោយថាមវន្តបន្ថែមទៀត។

សម្ដេចតេជោបានបន្ថែមថា ស្ថិតក្នុងបរិការណ៍នេះដែរ អាស៊ាន-ចិនត្រូវតែធ្វើការរួមគ្នា ដើម្បីជំរុញបន្ថែមទៀតនូវ កិច្ចសហប្រតិបត្តិការក្នុងតំបន់ ដែលមានលក្ខណៈបើកចំហ តម្លាភាព ប្រកបដោយបរិយាបន្ន បំពេញបន្ថែម និង ផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ តួយ៉ាង កិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) គឺជាគំរូដ៏ល្អបំផុតមួយ នៃប្រព័ន្ធពាណិជ្ជកម្មបើកចំហ ប្រកបដោយបរិយាបន្ន ដែលផ្អែកលើវិធាននៃច្បាប់ និង ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តពិតប្រាកដរបស់ យើង ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់។

សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់បន្ថែមដែរថា ក្នុងន័យនេះយើងត្រូវបន្ត និងបង្កើនកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់នូវគំនិតផ្តួចផ្តើម និង កិច្ចសហប្រតិបត្តិការក្នុងតំបន់ផ្សេងៗទៀត ដើម្បីចាប់យកសក្តានុពល នៃកិច្ចអភិវឌ្ឍន៍របស់តំបន់ទាំងពីរឱ្យបានជាអតិបរមា ហើយសម្ដេចក៏បានវាយតម្លៃខ្ពស់ចំពោះការបន្តគាំទ្ររបស់ចិន ក្នុងការរក្សាមជ្ឈភាព និង ឯកភាពអាស៊ាន នៅក្នុងនិម្មាបនកម្មតំបន់ដែលកំពុងវិវឌ្ឍ និង ការលើកកម្ពស់ការសំយោគពង្រឹងគ្នាទៅវិញទៅមក ក្នុងចំណោមយន្តការដែលដឹកនាំដោយអាស៊ាន។

ទន្ទឹមនេះដែរ អាស៊ាន និង ចិន ចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់បង្កើនកិច្ចសហប្រតិបត្តិ ការលើគ្រប់វិស័យ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ជាពិសេសលើការពន្លឿនការធ្វើសមាហរណកម្ម សង្គម-សេដ្ឋកិច្ច ការលុបបំបាត់របាំងពាណិជ្ជកម្ម ការពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ និង ផលិតកម្មក្នុងតំបន់ ព្រមទាំងការចាប់យកនូវកាលានុវត្តភាពថ្មីៗ ពីសេដ្ឋកិច្ចឌីជីថល កំណើន បៃតង អន្តរកាលថាមពល និង ការបង្កើនសមត្ថភាពសហគ្រាសមីក្រូ ធុនតូច និង មធ្យម ដែលត្រូវបានចាត់ទុកថាជាចន្ទល់កំណើនសេដ្ឋកិច្ចក្នុងគន្លងប្រក្រតីភាពថ្មី និងជាពិសេសការប្រកាន់ខ្ជាប់នូវអភិក្រមពហុភាគីនិយម ក្នុងការដោះស្រាយរាល់នូវបញ្ហានានា។

គួរបញ្ជាក់ដែរថា វិទ្យាស្ថាន KSI មានមូលដ្ឋាននៅក្នុងប្រទេសម៉ាឡេស៊ី។ វិទ្យាស្ថាននេះ គឺជាស្ថាប័នឯករាជ្យ មិនរកប្រាក់ចំណេញ និងជាស្ថាប័នតភ្ជាប់រវាងរដ្ឋាភិបាល ធុរកិច្ច និងសង្គមស៊ីវិល ដើម្បីប្រែក្លាយគំនិតផ្តួចផ្តើមនានា ឱ្យទៅជាផលសម្រេចដែលមានឥទ្ធិពល។ គោលដៅចម្បងរបស់វិទ្យាស្ថាន គឺការកសាងប្រទេសឱ្យកាន់តែប្រសើរឡើងនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ការសម្រេចផ្តល់ពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក» ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឡើងបន្ទាប់ពីវិទ្យាស្ថាន បានសិក្សា និងវាយតម្លៃយ៉ាងល្អិតល្អន់ ទៅលើលក្ខណៈសម្បត្តិនៃការដឹកនាំ និងសមិទ្ធផលទាំងឡាយ ដែលកើតចេញពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ វិទ្យាស្ថាន បានកត់សម្គាល់ពីភាពប៉ិនប្រសព្វ ឈ្លាសវៃ និងពោរពេញដោយឆន្ទៈមនសិការ ភក្តីភាពយ៉ាងមុតមាំចំពោះជាតិ និងប្រជាជន ហើយបានធ្វើពលីកម្មដោយមិនចេះនឿយហត់ ដើម្បីនាំមកនូវសុខសន្តិភាព ភាពក្សេមក្សាន្ត វឌ្ឍនភាព ភាពរីកចម្រើន និងវិបុលភាពសម្រាប់ជាតិ និងប្រជាជាតិកម្ពុជា។ បន្ថែមពីលើភាពជោគជ័យដ៏ត្រចះត្រចង់មួយទៀត ដែលវិទ្យាស្ថានបានកត់សម្គាល់ដែរនោះ គឺភាពជាប្រធានអាស៊ាន របស់សម្តេចតេជោនៅក្នុងឆ្នាំ២០២២ ធ្វើឱ្យអាស៊ានក្លាយទៅជាវេទិកាប្រកបដោយសក្តានុពល ក្នុងការជជែកដើម្បីដោះស្រាយវិបត្តិនានារបស់ពិភពលោក បើទោះបីបញ្ហាមានច្រើន និងក្តៅៗមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់អាស៊ានយ៉ាងណាក្តី៕

ប្រភព៖ ក្រសួងព័ត៌មាន