សម្ដេចក្រឡាហោម៖ រដ្ឋបាលខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់អនុវត្តន៍ឱ្យបានម៉ឺងម៉ាត់ នូវវិធានការការពារធនធានធម្មជាតិ

បាត់ដំបង ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២​ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ដ្រីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានណែនាំឱ្យរដ្ឋបាលខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់អនុវត្តន៍ឱ្យបានម៉ឺងម៉ាត់ នូវវិធានការការពារធនធានធម្មជាតិ និងបរិស្ថាន ក្នុងនោះសម្ដេចជំរុញឱ្យបង្កើនការយកចិត្តទុកដាក់បង្ការ និងទប់ស្កាត់បទល្មើសកាប់បំផ្លាញព្រៃឈើ បរបាញ់សត្វ និងការនេសាទខុសច្បាប់ ដែលបំផ្លិចបំផ្លាញធនធានមច្ឆាជាតិ ពិសេសនៅតំបន់ជាប់បឹងទន្លេសាប។

 
សម្ដេចក្រឡាហោម៖ រដ្ឋបាលខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់អនុវត្តន៍ឱ្យបានម៉ឺងម៉ាត់ នូវវិធានការការពារធនធានធម្មជាតិ

សម្ដេចក្រឡាហោម មានប្រសាសន៍ដូចនេះ នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នៅពេលសម្ដេចក្រឡាហោម អញ្ជើញជាអធិបតី ក្នុងពិធីក្រុងពលីបញ្ចុះបឋមសិលាសាងសង់វិមានឯករាជ្យ សួនសម្ដេចក្រឡាហោម និងផ្សាររាត្រី ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានសម្ដែងក្ដីរីករាយក្រៃលែង ដែលមានឱកាសបានមកចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់វិមានឯករាជ្យ ផ្សាររាត្រី និង សួនច្បារ ដែលរដ្ឋបាលខេត្តបានប្រសិទ្ធនាមថា«សួនសម្ដេចក្រឡាហោម »។

សម្ដេចមានប្រសាសន៍ថា សមិទ្ធផលថ្មីនេះនឹងរួមចំណែកទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងភ្ញៀវទេសចរបរទេស ពិសេសពលរដ្ឋនឹងមានកន្លែងកម្សាន្ត ក្នុងពិធីបុណ្យ ឬកម្មវិធីផ្សេងៗដែលរៀបចំដោយរដ្ឋបាលខេត្ត រួមទាំងការហាត់ប្រាណ និងកម្សាន្តប្រចាំថ្ងៃក្នុងក្រុងបាត់ដំបង។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោជាប្រមុខ សម្ដេចក្រឡាហោម បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ ការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត រដ្ឋបាល ក្រុង សង្កាត់ ព្រមជាមួយក្រុមការងារគ្រប់ថ្នាក់ ដែលបានរួមសាមគ្គីជាមួយកម្លាំងគាំទ្រ និងការចូលរួមពីប្រជាពលរដ្ឋ ក្នុងការរក្សាសន្តិភាព ស្ថិរភាព រួមគ្នាអភិវឌ្ឍន៍ខេត្ត និងដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ។ ពិសេសក្នុងដំណាក់កាលជំងឺកូវីដ-១៩ រីករាលដាល បន្ថែមដោយបញ្ហាជំនន់ទឹកភ្លៀង ដែលធ្វើឱ្យប៉ះពាល់ជីវភាពពលរដ្ឋ ប្រជាកសិករ រួមទាំងបញ្ហាប្រឈមផ្សេងៗទៀត។​

សូមបញ្ជាក់ថា គម្រោងសាងសង់វិមានឯករាជ្យនេះ មានផ្ទៃដីសរុប ៩៦២ម៉ែត្រក្រឡា មានខឿនទម្របាតក្រោមដែលមានអង្កត់ផ្ចិត ៣៥ម៉ែត្រ និងកម្ពស់ ២២,២៣ម៉ែត្រ មានអាងបាញ់ទឹក៤ មានកម្ពស់ ០,៨ម៉ែត្រ អមជុំវិញវិមានឯករាជ្យ។ សម្រាប់គម្រោងសួនសម្ដេចក្រឡា ហោមវិមានឯករាជ្យ ធ្វើនៅលើផ្ទៃដីប្រមាណ ១៣ ៦០០ម៉ែត្រ ចែកជា ៥តំបន់ ផ្សេងៗពីគ្នា មានដូចជា៖ ទី១-តំបន់នាគបាញ់ទឹក តំបន់រីករាយ (កន្លែងថតរូប) ។ ទី២-តំបន់សន្តិភាពស្ងប់ស្ងាត់ និង សុខសាន្ត ។ ទី៣-តំបន់រំលឹកប្រវត្តិសាស្ត្រ ។ ទី៤-តំបន់នាគសន្តិភាព ឬតំបន់រម្លឹកគុណសន្តិភាព ។ ទី៥- តំបន់រង់ចាំ។

ដោយឡែកគម្រោងផ្សាររាត្រីក្រុងបាត់ដំបង សាងសង់ឡើងនៅលើផ្ទៃដីប្រមាណ ២ ៤២៥ម៉ែត្រក្រឡា មានចម្ងាយប្រមាណ ៥០០ម៉ែត ពីទីតាំងវិមានឯករាជ្យ។ ផ្សាររាត្រីនេះ មានទ្វារចេញ-ចូលចំនួន៣ ទ្វារធំមួយ និងទ្វារតូចពីរ ព្រមទាំងមានសួនផ្កានៅចំកណ្តាល ដែលមានផ្លូវដើរទៅមក ព្រមទាំងមានកន្លែងអង្គុយសម្រាប់ញ៉ាំអាហារផងដែរ ៕ 

ប្រភព៖ ក្រសួងព័ត៌មាន