ឯកឧត្តម ស៊ុន ចាន់ថុល អញ្ជើញធ្វើ​បាឋកថាស្តីពី “ រចនាសម្ព័ន្ធចាត់តាំង តួនាទី ភារកិច្ច ” របស់ក្រសួងសាធារណការ និងដឹកជញ្ជូន

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញធ្វើបាឋកថាស្តីពី “ រចនាសម្ព័ន្ធចាត់តាំង តួនាទី ភារកិច្ច ” របស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ យោធាចារ្យ នាយទាហាន នាយទាហានរង និងនិស្សិតនាយទាហានសកម្ម នៃសាលានាយទាហានសកម្ម កាលពីថ្ងៃព្រហស្បតិ៍ ៧រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។

 
ឯកឧត្តម ស៊ុន ចាន់ថុល អញ្ជើញធ្វើ​បាឋកថាស្តីពី “ រចនាសម្ព័ន្ធចាត់តាំង តួនាទី ភារកិច្ច ” របស់ក្រសួងសាធារណការ និងដឹកជញ្ជូន

នៅក្នុង​ឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់អំពីសមិទ្ធផលការងារជាច្រើន កើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីគ្រប់ជាន់ថ្នាក់ ដែលសម្រេចបានដោយឆន្ទៈមនសិការការងារខ្ពស់ រួមមាន៖ វិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ, ស្ពាន, កំពង់ផែ, វិស័យដឹកជញ្ជូនផ្លូវគោក, ផ្លូវទឹក, ផ្លូវដែក, វិស័យភ័ស្តុភារកម្ម, ប្រព័ន្ធស្វ័យប្រវត្តិកម្ម, ព្រមទាំងទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យា, និងជាពិសេសការផ្តល់សេវាសាធារណៈ ដែលកាន់តែនាំមកនូវភាពងាយស្រួល ជូនដល់បងប្អូនប្រជាពលរដ្ឋ ។

ឯកឧត្តមក៏បាន​លើកឡើងអំពី គម្រោងជាច្រើនដែលក្រសួងកំពុងអនុវត្តន៍, គម្រោងដែលគ្រោងនឹងបើកការដ្ឋានសាងសង់, គម្រោងដែលកំពុងសិក្សាសមិទ្ធិលទ្ធភាព, និងគម្រោងដែលគ្រោងនឹងចុះកិច្ចព្រមព្រៀង ជាមួយដៃគូអភិវឌ្ឍន៍នាពេលឆាប់ខាងមុខនេះ ជូនដល់អង្គពិធីទាំងមូលឱ្យបានជ្រាប។ ដែលនេះសបញ្ជាក់ឱ្យឃើញអំពីការយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនឥតឈប់ឈរក្នុងពេលដែលកម្ពុជាកំពុងស្ថិតនៅក្រោមម្លប់សន្តិភាពយ៉ាងពេញលេញ។

ទន្ទឹមនឹងនេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់បន្ថែមទៀតថា ដើម្បីចូលរួមក្នុងការអភិវឌ្ឍធនធានមនុស្ស លើវិស័យសាធារណការ និងដឹកជញ្ជូន ឯកឧត្តមបានផ្តួច ផ្តើមគំនិតបង្កើតនូវស្ថាប័នសិក្សាអប់រំមួយ ដែលមានឈ្មោះថា “ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ” និងបានផ្តល់អនុសាសន៍ណែនាំ ឱ្យគណៈគ្រប់គ្រងសាលា និងគណៈគ្រប់គ្រងវិទ្យាស្ថាន សហការគ្នាក្នុងការចុះអនុស្សរណៈលើការយោគយល់ ដើម្បីជំរុញលើកទឹកចិត្តបញ្ជូននិស្សិតនាយទាហាន ឬ ផ្លាស់ប្តូរសាស្រ្តាចារ្យ ដើម្បីចែករំលែកចំណេះដឹងបន្ថែមរវាងគ្នា និងគ្នា។

ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានចែករំលែកបទពិសោធន៍ល្អៗជាច្រើន ដែលនាំឱ្យឯកឧត្តមទទួលបានជោគជ័យ ក្នុងភាពជាអ្នកដឹកនាំកន្លងមក ជូនដល់សិក្ខាកាមគ្រប់រូប និង​បានបកស្រាយចម្ងល់ និងសំណួរពាក់ព័ន្ធនឹងវិស័យសាធារណការ និងដឹកជញ្ជូន ដែលសិក្ខាកាមបានធ្វើការចោទសួរផងដែរ ៕

ប្រភព៖ ក្រសួងព័ត៌មាន