យុវជនជ្រើសរើសជំនាញសិក្សាត្រឹមត្រូវបូកនិងទម្លាប់ការងារល្អនឹងរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ

ខណៈពេលការប្រឡងបញ្ចប់ថ្នាក់ទី១២នឹងធ្វើឡើងនៅពេលខាងមុខនេះ យុវជនមួយចំនួនប្រាកដជាពិបាកក្នុងការសម្រេចចិត្តជ្រើសរើសជំនាញសិក្សានៅសាកលវិទ្យាល័យ តើគួរជ្រើសរើសជំនាញសិក្សាដោយផ្តោតលើទីផ្សារការងារ ឬអាហារូបករណ៍?។ ចំណែកឯ យុវជនខ្លះទៀតដែលកំពុងបម្រើការងារនៅតាមស្ថាប័ននានា តើត្រូវត្រៀមលក្ខណៈបែបណាដើម្បីអភិវឌ្ឍខ្លួនសម្រាប់ការប្រកួតប្រជែងទីផ្សារការងារ?

 
យុវជនជ្រើសរើសជំនាញសិក្សាត្រឹមត្រូវបូកនិងទម្លាប់ការងារល្អនឹងរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ
យុវជនជ្រើសរើសជំនាញសិក្សាត្រឹមត្រូវបូកនិងទម្លាប់ការងារល្អនឹងរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ
យុវជនជ្រើសរើសជំនាញសិក្សាត្រឹមត្រូវបូកនិងទម្លាប់ការងារល្អនឹងរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ
យុវជនជ្រើសរើសជំនាញសិក្សាត្រឹមត្រូវបូកនិងទម្លាប់ការងារល្អនឹងរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ
យុវជនជ្រើសរើសជំនាញសិក្សាត្រឹមត្រូវបូកនិងទម្លាប់ការងារល្អនឹងរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ

 

ក្នុងសិក្ខាសាលាស្តីពីការតម្រង់ទិស និងផ្សព្វផ្សាយអាហារូបករណ៍ដល់សិស្សថ្នាក់ទី១២នៃសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍តាមប្រព័ន្ធ Zoom Conference កាលពីពេលថ្មីៗកន្លងមកនេះ ឧកញ៉ាប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើថា យុវជនគួរតែជ្រើសរើសជំនាញសិក្សាដែលសាកសមនឹងចំណង់ចំណូលចិត្ត និងទីផ្សារការងារក្នុងពេលបច្ចុប្បន្ន និងពេលអនាគតជា ជាងការសិក្សាជំនាញដែលសាកលវិទ្យាល័យមួយចំនួនផ្តល់អាហារូបករណ៍ខ្ពស់។
ឧកញ៉ាបន្តទៀតថា ការជ្រើសរើសជំនាញសិក្សាណាមួយនៅសាកលវិទ្យាល័យ យុវជនត្រូវរៀបចំផែនការ និងកំណត់ទិសដៅរៀនមុខវិជ្ជាវិទ្យាសាស្ត្រពិត ឬវិទ្យាសាស្រ្តសង្គម តាំងពីនៅកម្រិតវិទ្យាល័យ។ ឧកញ៉ាបានឱ្យឧទាហរណ៍ថា យុវជនមានបំណងរៀនជំនាញផ្នែកវិស្វកម្ម ឬផ្នែកសុខាភិបាល ដូចនេះត្រូវចាប់យកមុខវិជ្ជាវិទ្យាសាស្រ្តពិត ដូចជាមុខវិជ្ជាគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យាជាដើម ពីព្រោះមុខវិជ្ជាទាំងនេះគឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងការគាំទ្រជំនាញសិក្សា។ ផ្ទុយទៅវិញ បើយុវជនចាប់យកមុខវិជ្ជាវិទ្យាសាស្ត្រសង្គម ដោយសារមិនចង់គិតស្មុគស្មាញច្រើន ហើយបែជាជ្រើសរើសជំនាញផ្នែកវិស្វកម្ម ឬផ្នែកសុខាភិបាល នោះការសិក្សាប្រាកដជាមិនល្អប្រសើរឡើង ហើយអាចបោះបង់ការសិក្សានៅឆ្នាំទី១ ឬទី២ ដោយសារតែជំនាញនេះ ប្រើមុខវិជ្ជាវិទ្យាសាស្ត្រពិតជាគោល។

 


ក្រៅពីជំនាញសិក្សានៅសាកលវិទ្យាល័យ ឧកញ៉ាក៏បានលើកទឹកចិត្តយុវជនគួរសិក្សាជំនាញពាក់ព័ន្ធមួយចំនួនទៀត ដើម្បីគាំទ្រដល់ការសិក្សា និងពេលចេញទៅបំពេញការងារ។ ឧកញ៉ាបានបន្ថែមទៀតថា ក្រៅពីចេះភាសាអង់គ្លេស យុវជនគួររៀនភាសាទី៣ ដូចជាភាសាចិន ភាសាវៀតណាម ភាសាថៃ និងភាសាក្នុងតំបន់អាស៊ាន ពីព្រោះវាផ្តល់ភាពងាយស្រួសក្នុងធ្វើពាណិជ្ជកម្មជាមួយប្រទេសក្នុងតំបន់។ រីឯជំនាញបច្ចេកវិទ្យាក៏ដើរតួរយ៉ាងសំខាន់ផងដែរ ដោយសារតែគ្រប់ប្រភេទការងារ និងជំនាញទាំងអស់គឺត្រូវការផ្នែកបច្ចេកវិទ្យាជួយសម្រួល ដើម្បីបង្កើនល្បឿនការងារ រួមនឹងប្រសិទ្ធភាពខ្ពស់ផងដែរ។ បើសិនជាយុវជនខ្សោយផ្នែកបច្ចេកវិទ្យា នោះអាចនឹងបាត់បង់ឱកាសប្រកួតប្រជែងក្នុងពិភពការងារ ក៏ដូចជាទទួលបានផលិតភាពការងារទាប។
យោងតាមបទពិសោធន៍ប្រឡូកក្នុងការងារដឹកនាំ និងគ្រប់គ្រងធនធានមនុស្ស ម្ចាស់គ្រឹះស្ថានអប់រំខាងលើបានឱ្យដឹងថា កម្លាំងពលកម្មកម្ពុជាមានបញ្ហាប្រឈមលើទម្លាប់ ផ្នត់គំនិត និងអត្តចរិកបំពេញការងារដែលធ្វើឱ្យប៉ះពាល់ដល់សមិទ្ធផលការងារ។ ឧកញ៉ាក៏បានជំរុញយុវជនត្រូវប្រកាន់ភ្ជាប់នូវផ្នត់គំនិតវិជ្ជមាន មានភាពម្ចាស់ការ មានទំនួលខុសត្រូវខ្ពស់ ចេះប្រើប្រាស់ពេលវេលាឱ្យមានប្រសិទ្ធភាព ចេះរៀបចំផែនការ កំណត់គោលដៅអាជីពការងារ មានភាពអំណត់តស៊ូ ត្រូវមានបុព្វហេតុសន្ទុះចិត្ត អភិវឌ្ឍសមត្ថភាពផ្នែកចំណេះនិងជំនាញជាប្រចាំ ដើម្បីទទួលបានផលិតភាពការងារខ្ពស់។


ទន្ទឹមនឹងនេះ សម្រាប់យុវជនដែលចង់បានជោគជ័យក្នុងការបំពេញការងារ និងប្រកបអាជីវកម្ម ឧកញ៉ាបានផ្តល់យោបល់ថា យុវជនមិនត្រូវប្រកួតប្រជែង ឬចាំប៉ែងជើងគ្នា ដើម្បីប្រយោជន៍ និងមុខមាត់ផ្ទាល់ខ្លួនទេ ដែលទង្វើនេះធ្វើឱ្យប៉ះពាល់ដល់សមិទ្ធផលរួមរបស់ក្រុមហ៊ុន ហើយនឹងអាចឈានដល់បាត់បង់អត្ថប្រយោជន៍ខ្លួនឯង និងអ្នកដទៃនៅពេលខាងមុខ។ ឧកញ៉ាបានបញ្ចាក់ថា យុវជនត្រូវបំពេញការងារដោយកិច្ចសហការខ្ពស់ កសាងទំនាក់ទំនងល្អជាមួយគ្នា បង្កើតឱកាស ដើម្បីទទួលបានផលប្រយោជន៍រួមគ្នា។
ឧកញ៉ាបានសង្កត់ធ្ងន់ថា យុវជនត្រូវអភិវឌ្ឍខ្លួនឱ្យក្លាយជាកម្លាំងទ័ព្វសេដ្ឋកិច្ចដ៏មាំទាំមួយ ដើម្បីជួយប្រទេសកម្ពុជារបស់យើងឱ្យស្មើមុខមាត់ក្នុងឆាកអន្តរជាតិ ហើយត្រូវបង្ហាញថាកម្ពុជាមានឯករាជ្យពិតប្រាកដ មាននិតិរដ្ឋ និងសមភាពសេដ្ឋកិច្ចជាមួយប្រទេសដទៃ ហើយមធ្យោយបាយតែមួយគត់ ដើម្បីកុំឱ្យគេមើលងាយប្រទេសយើង យើងត្រូវធ្វើឱ្យប្រទេសយើងក្លាយជាប្រទេសអ្នកមាន ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ហើយសម្រេចឱ្យបាននូវគោលដៅជាប្រទេសដែលទទួលបានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០៕