ឧកញ៉ា ប៉ិច បូឡែន បានជួបសំណេះសំណាលជាមួយបុគ្គលិក និងគ្រូបង្រៀននៅសាលារៀនវ៉េស្ទឡាញន៍ សាខាចម្ការសំរោង(បាត់ដំបង) និងបានបង្ហាញពីទិសដៅយុទ្ធសាស្រ្តអភិវឌ្ឍសាលារៀន
កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២កន្លងមកនេះ ឧកញ៉ា ប៉ិច បូឡែន បានជួបសំណេះសំណាលជាមួយបុគ្គលិក និងគ្រូបង្រៀននៅសាលារៀនវ៉េស្ទឡាញន៍ សាខាចម្ការសំរោង(បាត់ដំបង) និងបានបង្ហាញពីទិសដៅយុទ្ធសាស្រ្តអភិវឌ្ឍសាលារៀន និងនវានុវត្តន៍របស់បណ្តាញសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍។
លោកឧកញ៉ាបានបញ្ជាក់ថា ក្នុងកំឡុង២ឆ្នាំនៃវិបត្តិកូវីដ១៩ សាលារៀននៅតែអាចបន្តផ្តល់ការអប់រំតាមរយៈប្រព័ន្ធអនឡាញ និងមធ្យោបាយផ្សេងៗ ដើម្បីរក្សាគុណភាពអប់រំ។ លើសពីសាលារៀនបានបង្កើតប្រព័ន្ធបច្ចេកវិទ្យាអប់រំ ក្នុងការបង្កើនភាពងាយស្រួលសម្រាប់មាតាបិតាសិស្សតាមដានការសិក្សារបស់កូនៗ និងការទំនាក់ទំនង ព្រមទាំងជួយគាំទ្រដល់ការសិក្សារបស់សិស្សានុសិស្សឲ្យកាន់តែប្រសើរឡើង។
ក្រៅពីការដាក់បញ្ចូលកម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងទម្លាប់ល្អទាំង៧សម្រាប់បុគ្គលឆ្នើមក្នុងកម្មវិធីសិក្សា លោកឧកញ៉ាបញ្ជាក់ថា សាលារៀនកំពុងរៀបចំកម្មវិធីសហគ្រិនភាពថ្មីមួយបន្ថែមទៀត ហើយក៏នឹងដាក់ចូលបញ្ចូលក្នុងកម្មវិធីសិក្សាក្នុងពេលឆាប់ៗខាងមុខនេះ សម្រាប់សិស្សកម្រិតវិទ្យាល័យ ដើម្បីបណ្តុះបណ្តាលចំណេះដឹងមូលដ្ឋានផ្នែកសហគ្រិនភាព ក៏ដូចជាពង្រឹងសមត្ថភាពរបស់សិស្សអាចប្រកបអាជីវកម្មនៅពេលចប់ថ្នាក់ទី១២ ហើយជំនាញនេះក៏ស្ថិតក្នុងបំណិតជីវិតក្នុងសតវត្សទី២១ផងដែរ។
ដើម្បីបណ្តុះកុមារនិងយុវជនឲ្យក្លាយជាងពលរដ្ឋល្អក្នុងសង្គម លោកឧកញ៉ាបានលើកទឹកចិត្តដល់បណ្តាញសាសារៀនទាំងអស់គួរជម្រុញសិស្សឲ្យចូលរួមការងារសង្គម តាមរយៈការរើសសម្រាម សម្អាតបរិស្ថាន ដាំដើមឈើ និងការងារមនុស្សធម៌ផ្សេងៗ ។ ហើយសកម្មភាពទាំងនេះគឺជាការអនុវត្ត និងជាទង្វើរជាក់ស្តែង សម្រាប់មុខវិជ្ជាសិលធម៌-ពលរដ្ឋ។
ក្រៅពីការសិក្សា លោកឧកញ៉ាបានផ្តល់យោបល់ដល់សាលារៀនគួររៀបចំសកម្មភាព និងល្បែងកំសាន្តថ្មីៗបន្ថែមទៀត ដើម្បីបង្កើនបញ្ញា ស្មារតី និងបរិយាកាសសប្បាយរីករាយ ព្រមទាំងទាក់ទាញសិស្សផងដែរ។
ចំពោះក្លឹបសិក្សាវិញ លោកឧកញ៉ានឹងពិចារណាបង្កើតក្លឹបសិក្សាតាមប្រព័ន្ធអនឡាញលើមុខវិជ្ជាសំខាន់ៗមួយចំនួន ដើម្បីផ្តល់ឱកាសសិស្សបានពិភាក្សាជាក្រុម និងសួរសំនួរទៅគ្រូបង្រៀនលើការដោះស្រាយលំហាត់ និងចម្ងល់ផ្សេងៗ។
ទន្ទឹមនឹងនោះ លោកឧញ៉ាក៏បានលើកឡើងពីទិសដៅពង្រីកបេសកកម្មអប់រំរបស់សាលារៀនវ៉េស្ទឡាញន៍ នៅតាមបណ្តាក្រុង និងខេត្តមួយចំនួនបន្ថែមទៀត ដើម្បីចូលរួមចំណែកអវិឌ្ឍវិស័យអប់រំជាមួយរាជរដ្ឋាភិបាល៕