ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវឱ្យយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារ ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឱ្យយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារ ក្នុងឱកាសពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ ដើម្បីចៀសវាងបញ្ហាសុខភាពណាមួយ ដែលអាចកើតមានឡើង ជាយថាហេតុទៅដល់ប្រជាពលរដ្ឋ ។
ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយ សរុបចំនួន៤,៥៦៦នាក់ ដែលរៀបចំ ឡើងនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ នាមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមាន ប្រសាសន៍ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនឹងឈានមកដល់ក្នុងពេលឆាប់ៗខាងមុខនេះហើយ ដូច្នេះទាមទារឱ្យក្រសួង ស្ថាប័ន ពាក់ព័ន្ធ ដូចជា ៖ ក្រសួងទេសចរណ៍ ក្រសួងពាណិជ្ចកម្ម ជាដើម ត្រូវរួមសហការគ្នាយកចិត្តទុកដាក់ទៅលើបញ្ហាអនាម័យចំណីអាហារ និងការកំណត់តម្លៃម្ហូបអាហារ ដែលនេះគឺជាកិច្ចការចាំបាច់បំផុត ដើម្បីផ្តល់ការការពារសុខភាព សុវត្ថិភាពស្បៀងអាហារ សម្រាប់អ្នក បរិភោគ និងធានាឱ្យមានពាណិជ្ជកម្មម្ហូបអាហារដោយភាពស្មោះត្រង់ ។ សម្តេចបានមានប្រសាសន៍បន្តថា ក្រសួងពាក់ព័ន្ធត្រូវចុះពិនិត្យនិងតាមដានជាប់ជាប្រចាំ ពីការលក់ដូរ របស់អាជីវករ នៅតាមរមណីយដ្ឋាននិងអាហារដ្ឋានទាំងអស់ ដើម្បីលើកកម្ពស់ចំណេះដឹងជាសាធារណៈ ពីសុវត្ថិភាពម្ហូបអាហារ អត្ថប្រយោជន៍នៃការបរិភោគចំណីអាហារដែលមានអនាម័យត្រឹមត្រូវ ជាពិសេស បង្កលក្ខណៈងាយស្រួលទៅដល់ភ្ញៀវជាតិនិងអន្តរជាតិ ដែលធ្វើដំណើរកម្សាន្តទៅតាមតំបន់រមណីយដ្ឋាន នានាទូទាំងប្រទេស ។ សំឡេង ៖ « ឥឡូវនេះខ្ញុំសូមបញ្ជាក់ ហើយសូមអំពាវនាវទៅដល់ក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម ជាពិសេសអាជ្ញាធរដែនដី គឺចុះធ្វើកិច្ចការងារនេះ ដោយកុំរង់ចាំពីថ្នាក់ជាតិ គឺថ្នាក់ក្រោមជាតិត្រូវនាំគ្នាធ្វើ ដើម្បីប្រកួតប្រជែង ។ ក្រៅពីអនាម័យក៏យើងត្រូវធ្វើឱ្យមានការរៀបចំតម្លៃ ដើម្បីឱ្យភ្ញៀវងាយស្រួល ក្នុងការ ទិញឬមិនទិញ ជួនកាលដើរទៅមើលតាមនោះហើយម្ដុំនោះគឺសម្បូររបស់ញុំាផ្សេងៗ ដោយមានការដាក់ តម្លៃត្រឹមត្រូវគឺមានភាពងាយស្រួល » ។
ប្រភព៖ ក្រសួងព័ត៌មាន