[វីដេអូ] Ep. 81 ប្រធានបទ៖ ការខ្សោយប្រដាប់ភេទបុរស ( ED ) លើអ្នកជំងឺទឹកនោមផ្អែម
បច្ចុប្បន្ននេះជំងឺទឹកនោមផ្អែមមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ទាក់ទងនឹងបញ្ហាខ្សោយប្រដាប់ភេទក៏មានច្រើនផងដែរ ។ អ្នកជំងឺមួយចំនួនក៏គាត់នៅតែមានការអៀនខ្មាស់ចំពោះបញ្ហានេះដោយមិនហ៊ានបញ្ចេញឬក៏ទៅប្រឹក្សាជាមួយគ្រូពេទ្យ។
ជំងឺទឹកនោមផ្អែមជាជំងឺរុំារ៉ៃដែលងាយប្រឈមនឹងធ្វើឲ្យជំងឺផ្សេងៗមានឱកាសកើត ដោយសារជំងឺទឹកផ្អែមធ្វើឲ្យប្រព័ន្ធភាពសុំាចុះខ្សោយដែលអាចបណ្តាលឲ្យខូចសរសៃប្រសាទ ខូចតម្រងនោម ខូចអវជីវ:ជើងនិងផ្នែកផ្សេងៗទៀតនៃរាងកាយ។ ជាពិសេសធ្វើឲ្យមានការបាត់តុល្យភាពអ័រម៉ូនផ្លូវភេទ ជាហេតុធ្វើឲ្យអ្នកជំងឺខ្សោយផ្លូវភេទ មានទាំងបុរសនិងស្រ្តី មិនថាគាត់នៅវ័យក្មេងនោះទេ ឲ្យតែគាត់មានជំងឺទឹកនោមផ្អែមប្រភេទទី២រុំារ៉ៃ។
ការខ្សោយប្រដាប់ភេទបុរសគឺជាការដំណើរការនៃការថយចុះអសមត្ថភាពផ្នែកណាមួយរបស់បុរស។ចំពោះអ្នកកើតជំងឺនេះគឺនៅចន្លោះអាយុចាប់ ៣២ឆ្នាំឡើងទៅ។
កត្តាប្រឈម
មានកត្តាជាច្រើនដែលធ្វើឲ្យអ្នកជំងឺបាត់បង់ ឬខ្សោយចំណង់ផ្លូវភេទមានដូចជាបញ្ហាការលេបថ្នាំច្រើន ជំងឺទឹកនោមផ្អែម ជំងឺធ្លាក់ទឹកចិត្ត ជំងឺស្រ្តូក ជំងឺប្រូស្តាត ជំងឺពកក ជំងឺក្រពេញអ័រម៉ូនទីរ៉ូអ៊ីត ស្រ្តេសតានតឹងផ្លូវចិត្ត ការមានជាតិខ្លាញ់នៅក្នុងឈាម និងការលើសសម្ពាធឈាមជាដើម។
ដើម្បីកាត់បន្ថយនូវការខ្សោយប្រដាប់ភេទបុរស អ្នកជំងឺគួរទទួលទានអាហារណាដែលល្អសំរាប់សុខភាព កាត់បន្ថយការពិសារគ្រឿងស្រវឹង កាត់បន្ថយការជក់បារី អាហារដែលមានជាតិប្រៃ អាហារត្រាំ អាហារដែលមានជាតិខ្លាញ់ គួរគេងឲ្យបានគ្រប់គ្រាន់ ធ្វើលំហាត់ប្រាណ ធ្វើអារម្មណ៍ឲ្យសប្បាយរីករាយ ធ្វើដំណើរកំសាន្ត ទំលាក់ចោលការងារស្រ្តេសទុកមួយឡែកសិន។
ការព្យាបាល
ដើម្បីឲ្យការព្យាបាលមានប្រសិទ្ធភាពគឺត្រូវដឹងពី
- ប្រភពនៃជំងឺនេះជាមុនសិន
- ត្រួតពិនិត្យទៅលើថ្នាំដែលអ្នកជំងឺគួរលេប និងមិនគួរលេប
- ការពិនិត្យមើលអ័រម៉ូនអ្នកជំងឺ
- ការលើកទឹកចិត្តពីគ្រួសារ
គួររម្លឹកថា សូមជៀសវាងប្រើប្រាស់ថ្នាំគ្មានវេជ្ជបញ្ជាចេញពីគ្រូពេទ្យ ពីព្រោះថ្នាំគឺជាអាវុទ្ធមុខពីរ អាចជួយព្យាបាលយើង និងនាំផលវិបាកដល់សុខភាពយើង។ដូច្នេះសូមកុំជឿតាមការឃោសនាទិញថ្នាំតាម Online ដែលគ្មានប្រភពឬចេញពីគ្រូពេទ្យ៕
សូមទស្សនាវីដេអូខាងក្រោម៖