ថ្នាក់ដឹកនាំ គ.ជ.ប ប្តេជ្ញាបង្កើនការជឿទុកចិត្តលើការងារបោះឆ្នោត

 
ថ្នាក់ដឹកនាំ គ.ជ.ប ប្តេជ្ញាបង្កើនការជឿទុកចិត្តលើការងារបោះឆ្នោត

ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប ដែលត្រូវបានជ្រើសតាំងសម្រាប់អាណត្តិថ្មីនេះ បានប្តេជ្ញាចិត្តបំពេញភារកិច្ច ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងបង្កើនការជឿទុកចិត្តពីសំណាក់ម្ចាស់ឆ្នោត និងភាគីពាក់ព័ន្ធនានា។

ថ្លែងក្នុងការចូលកាន់តំណែងជាផ្លូវការរបស់ថ្នាក់ដឹកនាំរបស់ គ.ជ.ប ទាំង៩រូប ក្រោយការត្រាស់បង្គាប់ដោយព្រះរាជក្រឹត្យ នៅព្រឹកថ្ងៃទី១៤ ខែធ្នូនេះ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានលើកយកសមិទ្ធផលការងារពីអាណត្តិមុន ដើម្បីជាមេរៀនពិសោធន៍ និងធ្វើជាមូលដ្ឋាន ក្នុងការរៀបចំ ចាត់ចែង គ្រប់គ្រង និងកែលម្អការបោះឆ្នោតលើកក្រោយៗទៀត ឱ្យកាន់តែល្អប្រសើរឡើង ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នីតិរដ្ឋ សន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ។

ប្រធាន គ.ជ.ប រូបនេះ បញ្ជាក់ថា ចំពោះមុខនេះ គ.ជ.ប ត្រូវបន្តបេសកកម្មក្នុងការរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតអសកល ចំនួនពីរនៅក្នុងឆ្នាំ២០២៤ខាងមុខនេះ គឺការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ស្របតាមកំណត់ច្បាប់។ ពោលគឺ បើទោះបីជាក្នុងរយៈពេលចន្លោះពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ ពុំមានការបោះឆ្នោតជាសកលយ៉ាងណាក្តី ក៏ គ.ជ.ប នៅតែបន្តពង្រឹងស្ថាប័ន ការងារអភិបាលកិច្ច និងការបង្កើនសមត្ថភាពដល់មន្រ្តីជំនាញគ្រប់លំដាប់ថ្នាក់ ឱ្យបានសមស្របតាមតម្រូវការការងារ និងការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបនឹងសភាពការណ៍បច្ចុប្បន្ន និងអនាគត សំដៅឆ្ពោះទៅការរៀបចំការបោះឆ្នោតជាសកល ដើម្បីជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៨ ឆ្នាំ២០២៨ជាបន្តទៀត។

សូមបញ្ជាក់ថា សមាសភាពគ.ជ.ប អាណត្តិថ្មីនេះ មានឯកឧត្តម ប្រាជ្ញ ចន្ទ ជាប្រធាន និង ឯកឧត្តម ជឺ ចំណាន ជាអនុប្រធានគ.ជ.ប។ ចំណែកសមាជិកគ.ជ.ប ចំនួន ៧រូបទៀត មាន៖ ឯកឧត្តម មាន សទិ
, ឯកឧត្តម ឌឹម សុវណ្ណារុំ, ឯកឧត្តម សោម សូរីដា, ឯកឧត្តម ហេង ស៊ីឡេង, ឯកឧត្តម យិច សមិទ្ធិ, ឯកឧត្តម ហ៊ែល សារ៉ាត់, និងឯកឧត្តម ហង្ស ពុទ្ធា។ សមាសភាពក្បាលម៉ាស៊ីនគ.ជ.បថ្មីនេះ ត្រូវបានព្រះរុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ក្រោយរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុក ចិត្ត កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣៕