សម្តេចធិបតិ អញ្ជើញចូលរួមពិធី “បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ ក្រោមឥណទានសម្បទាន និងជំនួយឥតសំណង ពីរដ្ឋាភិបាលជប៉ុន”

គម្រោងចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ ប្រវែង ៣៥០ម៉ែត្រនេះ នឹងបង្កើនសមត្ថភាពផែដល់ ៤៥០  ០០០ TEUs/ឆ្នាំ និងនាំឱ្យសមត្ថភាពផែសរុបកើនដល់ ១  ២៥០ ០០០ TEUs/ឆ្នាំ ដោយអនុញ្ញាតឱ្យនាវាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រមាណ ៩៣ភាគរយ ចូលចតបាន ដើម្បីបង្កើនការប្រកួតប្រជែង។

 
សម្តេចធិបតិ អញ្ជើញចូលរួមពិធី “បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ ក្រោមឥណទានសម្បទាន និងជំនួយឥតសំណង ពីរដ្ឋាភិបាលជប៉ុន”



គម្រោងចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ ប្រវែង ៣៥០ម៉ែត្រនេះ នឹងបង្កើនសមត្ថភាពផែដល់ ៤៥០  ០០០ TEUs/ឆ្នាំ និងនាំឱ្យសមត្ថភាពផែសរុបកើនដល់ ១  ២៥០ ០០០ TEUs/ឆ្នាំ ដោយអនុញ្ញាតឱ្យនាវាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រមាណ ៩៣ភាគរយ ចូលចតបាន ដើម្បីបង្កើនការប្រកួតប្រជែង។ កម្ពុជា គ្រោងនឹងបន្តការពង្រីកនៃគម្រោងផែកុងតឺន័រថ្មី-ជំហានទី២ (ឆ្នាំ២០២៥-២០២៨)  និងជំហានទី៣ (ឆ្នាំ២០២៦-២០២៩) ការណ៍នេះ នឹងក្លាយជាកាតាលីករថ្មីបន្ថែម ដើម្បីឱ្យកម្ពុជាសម្រេចបាននូវគោលដៅ កម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឈានទៅក្លាយជាប្រទេសដែលមានចំណូលខ្ពស់ ក្នុងឆ្នាំ២០៥០។



កំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននិងកំពុងដើរតួរនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេសជាតិ។ បរិមាណទំនិញឆ្លងកាត់កំពង់ផែនេះ មានការកើនទ្បើងគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឱ្យប្រាក់ចំណូលរបស់កំពង់ផែ ក៏ដូចជាប្រាក់ចំណូលរបស់ជាតិមានការកើនទ្បើងជាលំដាប់ ។ ជាក់ស្តែង ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣ បរិមាណទំនិញឆ្លងកាត់មានចំនួនប្រមាណជាង ៧លានតោន កើនទ្បើង ១១,៣៤% និងចំណូលអាជីវកម្មសរុបមានចំនួនប្រមាណជាង ៨៥លានដុល្លាអាម៉េរិក កើនទ្បើង ២,៧១% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ។ បន្ថែមពីនេះ បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួនសរុបប្រមាណជាង ៧៥ម៉ឺន TEUs ដោយមានកំណើនមធ្យម ១០,៨៣% ក្នុងរយៈពេល ១២ឆ្នាំ ចុងក្រោយ   គិតចាប់តាំងពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០២២ ។ ការណ៏នេះបានចូលរួមចំណែកក្នុងការរក្សាកំណើនសេដ្ឋកិច្ចជាតិប្រចាំឆ្នាំក្នុងរង្វង់ ៧% ប្រកបដោយចីរភាពក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយមុនការផ្ទុះទ្បើងនៃជំងឺកូវីដ-១៩ និងវិបត្តិសាកល និងក្រោយមកក៏នៅបន្តមានកំណើនក្នុងអត្រា ៥,៦% ក្នុងឆ្នាំ ២០២៣ និង ៦,៦% ក្នុងឆ្នាំ ២០២៤ ដែលក្នុងនោះអនុវិស័យដឹកជញ្ជូន និងគមនាគមន៍ ត្រូវបានព្យាករណ៍ថានឹងបន្តសម្រេចបានកំណើនខ្ពស់ក្នុងរង្វង់ ៧,៩% ក្នុងឆ្នាំ ២០២៣ និង៨% ក្នុងឆ្នាំ ២០២៤ ដោយសារការបន្តនិន្នាការកើនទ្បើងនៃសកម្មភាពដឹកជញ្ជូន និងគមនាគមន៍៕