ព្រឹត្តិការណ៍អមមហាសន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៨ ក្រោមប្រធានបទ៖ «មិនមានសុខភាពទេ បើមិនមានធនធានសុខាភិបាលមានសមត្ថភាព និងមានទេពកោសល្យ»
ទីក្រុងហ្សឺណែវ សហព័ន្ធស្វីស៖ ថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយនិង ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការ បានអញ្ជើញចូលរួមក្នុងកម្មវិធីកិច្ចប្រជុំ Leem et l’Organisation Internationale de la Francophonie ដែលជាកិច្ចប្រជុំដោយឡែក។

គោលបំណងនៃកិច្ចប្រជុំ គឺផ្តល់ជូនវេទិកាពិភាក្សាមួយឆ្នាំម្តង រវាងសុខាភិបាលគ្រប់ប្រទេសសមាជិកនិយាយភាសារបារាំងនៅលើសកលលោក។ ថ្នាក់ដឹកនាំសុខាភិបាលនៃប្រទេសមាជិក ក្នុងនោះមានកម្ពុជា បានចូលរួមចែករំលែកបទពិសោធន៏កម្ពុជាលើវិស័យសុខាភិបាល ទាំងសមិទ្ធិផលវិជ្ជមានធំៗទាំងឡាយ ទាំងកត្តាប្រឈម។
បណ្តារដ្ឋសមាជិកស្ទើរទាំងអស់បានរកឃើញថា «កត្តាធនធានមនុស្សដែលមានសមត្ថភាពទេពកោសល្យផ្នែកសុខាភិបាល ពិតជាកត្តាប្រឈមយ៉ាងជាក់ស្តែងពិតប្រាកដ ដែលក្នុងនោះពីពេលនេះដល់ឆ្នាំ២០៣០ កង្វះធនធានមនុស្សសុខាភិបាលអាចនឹងត្រូវប្រហាក់ប្រហែល ១១លាននាក់ លើពិភពលោក។ បន្ថែមពីលើកង្វះនេះ ក៏មានកត្តាប្រឈមការបែងចែកមិនសមសមាត្រជាភូមិសាស្ត្រនៃការប្រើប្រាស់ធនធានមនុស្សសុខាភិបាល ដោយមកពីមិនមានតុល្យភាពសមរម្យនៅឡើយនៃកិច្ចសហការ កិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រទេសតំបន់ និងអន្តរជាតិ ក្នុងនោះការប្រណាំងប្រជែងទាក់ទាញរៀងៗខ្លួន។»
ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា បានលើកជូនអង្គប្រជុំពីកិច្ចខិតខំរបស់កម្ពុជា លើការថែរក្សារ និងការផ្តល់អាទិភាពដល់ធនធានមនុស្សសុខាភិបាល ការពង្រីកនិងកាន់តែបន្តស្វះស្វែងរកដៃគូរជាតិ តំបន់ និងអន្តរជាតិចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា បណ្តុះបណ្តាលធនធានមនុស្សសុខាភិបាល និងកាន់តែជំរុញសមត្ថភាពទេពកោសល្យអោយមុតស្រួច៕
ប្រភព៖ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
សូមចុច join Telegram https://t.me/cngtvcambodia
ទំនាក់ទំនងការផ្សាយ: 085 999 070 / 098 999 070