អបអរសាទរ ទិវាស្តង់ដារពិភពលោក ប្រចាំឆ្នាំ ២០២៥ ក្រោមប្រធានបទ “ទស្សនៈចែករំលែកដើម្បីពិភពលោកល្អប្រសើរ៖ SDG 17- ភាពជាដៃគូសម្រាប់គោលដៅរួម”
នាព្រឹកថ្ងៃអង្គារ ៧រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋាគារភ្នំពេញ បានប្រារព្ធទិវាស្តង់ដារពិភពលោក ប្រចាំឆ្នាំ ២០២៥ ក្រោមប្រធានបទ “ទស្សនៈចែករំលែកដើម្បីពិភពលោកល្អប្រសើរ៖ SDG 17- ភាពជាដៃគូសម្រាប់គោលដៅរួម” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ទិវាស្តង់ដារពិភពលោកនេះ ប្រព្រឹត្តទៅក្នុងរយៈពេលមួយព្រឹក មានអ្នកចូលរួមសរុបប្រមាណ ៦០០នាក់ ដែលបានអញ្ជើញមកពីបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យសាធារណៈ គ្រឹះស្ថានបណ្តុះបណ្តាល ម្ចាស់សិប្បកម្ម រោងចក្រ សហគ្រាស អ្នកប្រើប្រាស់ ព្រមទំាងដៃគូអភិវឌ្ឍនានាផងដែរ។
ថ្ងៃទី១៤ ខែតុលា រៀងរាល់ឆ្នាំ អង្គការស្តង់ដារអន្តរជាតិ និងប្រទេសជាសមាជិកទាំងអស់ តែងតែប្រារព្ធទិវានេះ ដើម្បីរំលឹកដល់មុខងារដ៏សំខាន់របស់ស្តង់ដារអន្តរជាតិ ដែលនាំនិងជំរុញឱ្យមានវិវឌ្ឍន៍ជាសកល និងជាទិវាដែលទទួលស្គាល់អ្នកជំនាញរាប់ពាន់អ្នកនៅជុំវិញពិភពលោក ដែលអ្នកនោះជាអ្នកចូលរួមអភិវឌ្ឍស្តង់ដារ និងរំលេចចេញនូវចំណេះដឹង ដែលរួមចំណែកដោះស្រាយកង្វល់ សន្តិសុខ និងទ្រទ្រង់ពិភពលោក ជាពិសេស គឺផ្តោតទៅលើគោលដៅទី១៧ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) របស់អង្គការសហប្រជាជាតិ។ ហើយក៏លើកទីមួយរបស់កម្ពុជាផងដែរ ដែលបានប្រារព្ធទិវាស្តង់ដារនេះឡើង ក្នុងគោលបំណងចែករំលែកចំណេះដឹង ទស្សនៈ មតិយោបល់ទៅវិញទៅតាមរយៈជំនួបរវាងបណ្តាក្រសួង-ស្ថានប័នរបស់រដ្ឋាភិបាល វិស័យឯកជន ដៃគូអភិវឌ្ឍ និងសាធារណជន ដែលជាផ្នែកមួយដ៏សំខាន់នៃការជម្រុញឱ្យមានចូលរួមអភិវឌ្ឍ អនុវត្តស្តង់ដារ និងជួយដោះស្រាយប្រកបដោយសក្ដានុពល ដើម្បីឆ្ពោះទៅរកសង្គមសេដ្ឋកិច្ចកម្ពុជាមួយ ប្រកបដោយភាពចីរភាព។
ទិវាស្តង់ដារពិភពលោកនេះ បានបញ្ចប់នៅថ្ងៃដដែល ដោយមានការចូលរួមផ្លាស់ប្តូរមតិយោបល់ពីវាគ្មិន និងលើកជាសំណួរពីអ្នកដែលបានចូលរួមយ៉ាងផុលផុស តាមរយៈវេទិកាកិច្ចពិភាក្សា ដែលទាំងនេះសបញ្ជាក់ឱ្យឃើញថា កម្ពុជាបច្ចុប្បន្ន កំពុងខិតខំប្រឹងប្រែងឈរដោយខ្លួនឯង សម្រួចធ្វើបដិវត្ត និងធ្វើទំនើបកម្មឧស្សាហកម្មគ្រប់វិស័យ៕