វិធីសាស្រ្តកាត់បន្ថយការផ្សព្វផ្សាយព័ត៌មានប្រឌិត ញុះញង់ បំពុលសង្គម ក្នុងបណ្តាញទំនាក់ទំនងសង្គម Facebook ! ( មានតំណភ្ជាប់វីដេអូ ពន្យល់ពីវិធីសាស្ត្រនីមួយៗ )

នាយកដ្ឋានព័ត៌មានវិទ្យា៖ កម្មវិធីទំទាក់ទំនងសង្គម Facebook កំពុងទទួលបាននូវការពេញនិយមប្រើប្រាស់ច្រើនជាងគេបំផុត ក្នុងព្រះរាជាណាចក្រកម្ពុជា ពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ គ្រប់វ័យ ដោយសារតែកម្មវិធីនេះ បានផ្តល់នូវមុខងារប្រើប្រាស់មានភាពងាយស្រួល ម្យ៉ាងវិញទៀត ដោយសារការផ្តត់ផ្គង់ និងតម្លៃសមរម្យនៃសេវាអ៊ីនធឺណេតផងដែរ។

 
វិធីសាស្រ្តកាត់បន្ថយការផ្សព្វផ្សាយព័ត៌មានប្រឌិត ញុះញង់ បំពុលសង្គម ក្នុងបណ្តាញទំនាក់ទំនងសង្គម Facebook ! ( មានតំណភ្ជាប់វីដេអូ ពន្យល់ពីវិធីសាស្ត្រនីមួយៗ )

កម្មវិធីទំទាក់ទំនងសង្គម Facebook ត្រូវបានប្រើប្រាស់ក្នុងគោលបំណង និងគោលដៅផ្សេងៗគ្នា ដូចជា៖ ការកំសាន្តនិងភ្ជាប់ទំនាក់ទំនងគ្រួសារមិត្តភ័ក្តិ ការប្រើប្រាស់ធ្វើជាមធ្យោបាយអាជីវកម្ម ការផ្តល់និងទទួលព័ត៌មាន និងការសិក្សាស្រាវជ្រាវ។ល។

ស្របពេលជាមួយគ្នានេះផងដែរ ជនខិលខូចមួយចំនួនបានប្រើប្រាស់កម្មវិធីទំនាក់ទំនសង្គមនេះ ជាមធ្យោបាយប្រព្រឹត្តអំពើល្មើសច្បាប់ បង្កផលប៉ះពាល់ដល់បុគ្គល និងសង្គមជាតិ ក្នុងនោះរួមបញ្ចូលចាប់ពីបទល្មើសកម្រិតស្រាល រហូតដល់កម្រិតធ្ងន់ធ្ងរបំផុត គួរឱ្យព្រួយបារម្មណ៍។

ថ្ងៃនេះក្រុមការងារស្រាវជ្រាវនៃនាយកដ្ឋានព័ត៌មានវិទ្យា សូមអំពាវនាវដល់សាធារណជនទាំងអស់មេត្តាចូលរួមដើម្បីទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានប្រឌិត ញ៉ុះញ៉ង់ បំពុលសង្គម ក្នុងបណ្តាញទំនាក់ទំនងសង្គម Facebook ដោយប្រើប្រាស់វិធីសាស្ត្រងាយៗ មួយចំនួន ដូចខាងក្រោម៖

១. កុំចុចទទួលយកឬស្នើសុំជាមិត្តភ័ក្តិ (Accept Friend) ក្នុងបណ្តាញសង្គម Facebook ចំពោះរាល់គណនី ដែលលោកអ្នកមិនស្គាល់អត្តសញ្ញាណច្បាស់លាស់ ឬមានការសង្ស័យថាជាគណនីក្លែងក្លាយ។ ប្រសិនបើមានការសង្ស័យថាមានគណនីក្លែងបន្លំ ឬគណនីណាមួយ កំពុងរំខានលោកអ្នក សូមចូលទៅកាន់បញ្ជី Friends របស់លោកអ្នក ដើម្បីធ្វើការ Unfriend ឬ Block គណនីនោះ។

សូមស្វែងយល់អំពីរបៀប Unfriend និង Block តាមរយៈតំណភ្ជាប់វីដេអូ៖ https://youtu.be/pTWvgZcZyjM

២. កំណត់សិទ្ធិមិនឱ្យអ្នកដទៃ Tag អ្នកចូលក្នុងរូបភាព អត្ថបទ ឬតំណភ្ជាប់ ឬបង្ហោះក្នុងគណនី (Timeline) របស់លោកអ្នកដោយមិនមានការអនុញ្ញាត។

សូមស្វែងយល់អំពីរបៀបកំណត់សិទ្ធិ ការបង្ហោះ (Post) ឬ Tag អ្នកចូលក្នុងរូបភាព អត្ថបទ ឬតំណភ្ជាប់ ឬបង្ហោះក្នុងគណនី (Timeline) តាមរយៈតំណភ្ជាប់វីដេអូ៖ https://www.youtube.com/watch?v=vQn_KCBcEUM

៣. កុំចុច Like, Follow ទំព័រហ្វេសប៊ុកផេក (Page) ដែលពុំមានប្រភពច្បាស់លាស់ ឬកំពុងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ឬបំពុលសង្គម។ ប្រសិនលោកអ្នកបាន Like ឬ Follow សូមធ្វេីការចូលរួម Unlike និង Unfollow។

សូមស្វែងយល់អំពីរបៀប Unlike និង Unfollow ទំព័រហ្វេសប៊ុកផេក (Page) ដែលកំពុងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ឬបំពុលសង្គម តាមរយៈតំណភ្ជាប់វីដេអូ៖ https://youtu.be/_krwruvTVS8

៤. កុំចែករំលែក (Share) នូវព័ត៌មានណាមួយដែលលោកអ្នកមិនបានអាន ឬពិនិត្យឲ្យច្បាស់លាស់ ឬចំពោះព័ត៌មានណាមួយដែលលោកអ្នកយល់ថាមានភាពមិនសមរម្យ ឬមានលក្ខណៈបំពុលសង្គម។

៥. ចូលរួមធ្វើសេចក្តីរាយការណ៍ (Report) គណនីក្លែងក្លាយ (Account) ព័ត៌មានក្លែងក្លាយ (Post) ទំព័រហ្វេសប៊ុកផេក (Page) ផ្សព្វផ្សាយព័ត៌មានបំពុលសង្គម ទៅកាន់ក្រុមហ៊ុន Facebook។

សូមស្វែងយល់អំពីរបៀប ធ្វើសេចក្តីរាយការណ៍ (Report) គណនីក្លែងក្លាយ (Account) ព័ត៌មានក្លែងក្លាយ (Post) ទំព័រហ្វេសប៊ុកផេក (Page) ទៅកាន់ក្រុមហ៊ុន Facebook តាមរយៈតំណភ្ជាប់វីដេអូ៖ https://youtu.be/IVvUxAPSMHQ

ជាថ្មីម្តងទៀត យើងខ្ញុំសូមជម្រាបជូនថា មានតែការចូលរួមពីសំណាក់បងប្អូន ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់បណ្តាញសង្គមប៉ុណ្ណោះ ទើបអាចធានាបាននូវការទប់ស្កាត់សកម្មភាពបំពុលសង្គម និងបទល្មើសទាំងឡាយក្នុងបណ្តាញសង្គម Facebook ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងដើម្បីទទួលបាននូវគុណប្រយោជន៍ពិតប្រាកដពីបច្ចេកវិទ្យា៕

#FakeNews #HateSpeech #Unfriend #Unlike #Unfollow #Report

 

ប្រភព: នាយកដ្ឋានព័ត៌មានវិទ្យា