រដ្ឋមន្រ្តីសុខាភិបាល៖​ ជំរុញបុគ្គលិកសុខាភិបាល ឱ្យបង្កើនស្មារតីឯកភាពជាតិ​ និងត្រូវតបស្នងការពលី ជីវិតរបស់វីរយុទ្ធជន ដោយបន្តរក្សាភាពរឹងមាំ នៃការផ្តល់សេវាសុខាភិបាល ក្នុងគ្រប់ស្ថានការណ៍ដែលអាចកើតមានឡើង។

ថ្ងៃអង្គារ ២កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ចាប់ពីម៉ោង ២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ(Zoom) សរុបចំនួន ៣១៧៧រូប។

 
រដ្ឋមន្រ្តីសុខាភិបាល៖​ ជំរុញបុគ្គលិកសុខាភិបាល ឱ្យបង្កើនស្មារតីឯកភាពជាតិ​ និងត្រូវតបស្នងការពលី ជីវិតរបស់វីរយុទ្ធជន ដោយបន្តរក្សាភាពរឹងមាំ នៃការផ្តល់សេវាសុខាភិបាល ក្នុងគ្រប់ស្ថានការណ៍ដែលអាចកើតមានឡើង។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបង្ហាញពីប្រភពកំលាំង របស់ក្រសួងសុខាភិបាល ដែលកើតចេញពីការខិតខំបម្រើសេវាជូនប្រជាជន និងកងទ័ពក្នុងពេលកន្លងមក និងជំរុញឱ្យបុគ្គលិកសុខាភិបាល បន្តរក្សាភាពរឹងមាំនេះ ឱ្យមាននិរន្តរ៍ភាព។ នៅក្នុងកាលៈទេសៈលំបាកនេះ បុគ្គលិកសុខាភិបាល ត្រូវរួបរួមបង្កើនស្មារតីឯកភាពជាតិ និងប្រែក្លាយការគោរព ការលះបង់របស់វីរកងទ័ព ឱ្យក្លាយទៅជាការខិតខំបម្រើសេវាជូនប្រជាជន និងកងទ័ពឱ្យកាន់តែប្រសើរឡើង។

ជាកិច្ចបន្ត ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានលើកយកនវានុវត្តន៍សម្រាប់លើកកម្ពស់ប្រសិទ្ធិភាពការងារ រួមមាន៖(១)បង្កើតយន្តការវាយតម្លៃគុណភាពបុគ្គលិក (២)រៀបចំការប្រឡងប្រណាំងស្នាដៃបុគ្គលិក (៣)ការប្រើប្រាស់អាហារដ្ឋានរបស់អង្គភាព សម្រាប់បង្កើនសាមគ្គីភាព (៤)ផ្តល់ឱកាសជូនបុគ្គលិកប្រើប្រាស់ភាពជាអ្នកដឹកនាំ ដើម្បីសម្រេចកិច្ចការដែលប្រគល់ជូន (៥)បង្កើតជាស្តង់ដារសម្រាប់អនុវត្តការងារ (៦)បង្ហាញពីសេវាកម្មដែលមានជូនសាធារណៈជនជ្រាប (៧)រៀបចំឱ្យមានកន្លែងផ្តល់ព័ត៌មាន និងផ្តល់យោបល់វេជ្ជសាស្រ្ត (៨)រៀបចំឱ្យមាន QR code សម្រាប់សម្រួលការទូទាត់សេវា (៩)បុគ្គលិកសុខាភិបាលត្រូវយកចិត្តទុកដាក់លើសុខភាពខ្លួនឯង (១០)បង្កើតមូលនិធិតាមអង្គភាព សម្រាប់ជួយបុគ្គលិកក្នុងគ្រាអាសន្ន (១១)បង្កើនការសន្សំសំចៃការចាយវាយចំណូលហិរញ្ញប្បទាន (១២)ស្រាវជ្រាវរកចំណុចមិនទាន់ល្អ ដើម្បីលម្អ (១៣)មានយន្តការទទួលយកព័ត៌មានត្រឡប់ពីអ្នកប្រើប្រាស់សេវា និង(១៤)មានយន្តការផ្តល់ព័ត៌មាន និងប្រមូលព័ត៌មានពីសហគមន៍និងអជ្ញាធរ។

ជាកិច្ចបន្ត ក្រុមការងារការិយាល័យសុខាភិបាលស្រុកស្រែអំបិល នៃមន្ទីរសុខាភិបាលខេត្តកោះកុង បានធ្វើបទបង្ហាញពីការប្រើប្រាស់PDIA សម្រាប់ទាក់ទាញឱ្យប្រជាជន មកប្រើប្រាស់សេវាកាន់តែច្រើន។

ក្រោយពីបទបង្ហាញ ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ បានជំរុញឱ្យមន្រ្តីយើងគិតគូរពីការធានាឱ្យបាន នូវការតភ្ជាប់នៃសេវាថែទាំ និងព្យាបាលគ្រប់កម្រិត (continuity of care) ហើយបុគ្គលិកសុខាភិបាលម្នាក់ៗ ត្រូវផ្តោតសំខាន់ និងតម្កល់ខ្ពស់បំផុតនូវក្រមសីលធម៌វិជ្ជាជីវៈ នោះគឺផ្តើមពីការស្រលាញ់ ផ្តល់គុណតម្លៃនៃវិន័យវិជ្ជាជីវៈ (professional discipline) ដែលនេះគឺជាមូលដ្ឋាននៃការធានាបានសុវត្ថិភាពអ្នកជំងឺ ធានាបានគុណភាពសេវា ធានាបានការគោរពអ្នកជំងឺ និង ធានាបាននូវការគោរព-ការផ្តល់គុណតម្លៃដល់ខ្លួនឯង និងសមូហភាព (អង្គភាពទាំងមូល)។