លោក Macron ជំរុញឱ្យសហភាពអឺរ៉ុបពិចារណាឆ្លើយតបចំពោះពន្ធគយរបស់សហរដ្ឋអាមេរិក

ភាពតានតឹងបានកើនឡើងរវាងសហរដ្ឋអាមេរិក និងអឺរ៉ុប ខណៈដែលលោក ដូណាល់ ត្រាំ បានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងកោះ Greenland ដោយបានគំរាមកំហែងដាក់ពន្ធគយលើប្រទេសចំនួន ៨ ក្នុងតំបន់អឺរ៉ុបដែលប្រឆាំងនឹងផែនការរបស់លោក កាលពីចុងសប្តាហ៍កន្លងទៅ។

 
លោក Macron ជំរុញឱ្យសហភាពអឺរ៉ុបពិចារណាឆ្លើយតបចំពោះពន្ធគយរបស់សហរដ្ឋអាមេរិក

ថ្លែងទៅកាន់វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) កាលពីថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ២០២៦ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានមានប្រសាសន៍ថា លោកចង់បាន "ការគោរពជាជាងការគំរាមកំហែង" និង "នីតិរដ្ឋជាជាងការប្រើហិង្សា"។

សូមជម្រាបថាការលើកឡើងរបស់លោក Macron បានធ្វើឡើងបន្ទាប់ពីមានការគំរាមកំហែងពីសំណាក់ប្រធានាធិបតីអាមេរិកកាលពីថ្ងៃចន្ទ ក្នុងការដំឡើងពន្ធ ២០០% លើស្រាទំពាំងបាយជូរ និងស្រាសំប៉ាញរបស់បារាំង បន្ទាប់ពីមេដឹកនាំបារាំងរូបនេះបានបដិសេធការអញ្ជើញឱ្យចូលរួមក្នុង "ក្រុមប្រឹក្សាសន្តិភាព" (Board of Peace) ដែលបង្កើតឡើងដោយលោក Donald Trump  ។

គួររម្លឹកថា ប្រធានាធិបតីបារាំងលោក Macron គឺជាមនុស្សម្នាក់ ដែលជំរុញឱ្យសហភាពអឺរ៉ុប (EU) ពិចារណាលើការឆ្លើយតបប្រឆាំងនឹងពន្ធគយរបស់អាមេរិក រួមទាំងការប្រឆាំងនឹងការបង្ខិតបង្ខំ ដែលត្រូវបានគេហៅឈ្មោះថា "អាវុធបាហ្ស៊ូកាពាណិជ្ជកម្ម" (trade bazooka)៕

ប្រភព៖ BBC NEWS