អុីរ៉ង់ប្រកាសជំហររឹងមាំលើសិទ្ធិចម្រាញ់អ៊ុយរ៉ាញ៉ូម ខណៈលោក ត្រាំ គំរាមប្រើកម្លាំងបាយ

ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអុីរ៉ង់បានកើនឡើងដល់កម្រិតថ្មីមួយទៀត នៅពេលដែលទីក្រុងតេអេរ៉ង់បានប្រកាសជាដាច់ខាតថា គ្មានប្រទេសណាមួយអាចដកហូតសិទ្ធិ របស់ខ្លួនក្នុងការចម្រាញ់អ៊ុយរ៉ាញ៉ូមបានឡើយ ទោះបីជាមានការព្រមានវាយប្រហារយោធាពីលោក ដូណាល់ ត្រាំ ក៏ដោយ។

 
អុីរ៉ង់ប្រកាសជំហររឹងមាំលើសិទ្ធិចម្រាញ់អ៊ុយរ៉ាញ៉ូម ខណៈលោក ត្រាំ គំរាមប្រើកម្លាំងបាយ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA និងប្រភពព័ត៌មានអន្តរជាតិនៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៦ មន្ត្រីជាន់ខ្ពស់ផ្នែកថាមពលអាតូមិករបស់អ៊ីរ៉ង់ លោក Mohammad Eslami បានបញ្ជាក់ថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនកំពុងដំណើរការស្របតាមច្បាប់របស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)។ លោកបានសង្កត់ធ្ងន់ថា ការចម្រាញ់អ៊ុយរ៉ាញ៉ូមគឺជា មូលដ្ឋានគ្រឹះ នៃឧស្សាហកម្មនុយក្លេអ៊ែរ ដើម្បីបង្កើតឥន្ធនៈសម្រាប់គោលបំណងសន្តិវិធី ហើយអ៊ីរ៉ង់នឹងមិនបោះបង់បច្ចេកវិទ្យានេះជាដាច់ខាត។

ការថ្លែងការណ៍នេះបានកើតឡើងភ្លាមៗ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គម ដោយបង្ហើបពីលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធាវាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ប្រសិនបើការចរចានៅទីក្រុងហ្សឺណែវមិនទទួលបានលទ្ធផល។ លោក ត្រាំ បានព្រមានថា អាមេរិកអាចនឹងប្រើប្រាស់មូលដ្ឋានទ័ព Diego Garcia និងមូលដ្ឋានទ័ពអាកាសក្នុងចក្រភពអង់គ្លេស ដើម្បីកម្ចាត់ចោលនូវការវាយប្រហារណាមួយ ពីរបបអ៊ីរ៉ង់ ដែលលោកចាត់ទុកថាជាគ្រោះថ្នាក់បំផុត។

សូមបញ្ជាក់ថា កិច្ចចរចានុយក្លេអ៊ែរជុំទី ២ រវាងអាមេរិក និងអ៊ីរ៉ង់ កាលពីថ្ងៃអង្គារកន្លងទៅនេះ បានបញ្ចប់ទៅដោយមានវឌ្ឍនភាពខ្លះៗ ប៉ុន្តែភាគីទាំងពីរក៏នៅតែមានភាពខុសគ្នាខ្លាំងលើចំណុចគន្លឹះសំខាន់ៗផងដែរ។ ខណៈដែលអាមេរិកទាមទារឱ្យអ៊ីរ៉ង់បញ្ឈប់ការចម្រាញ់អ៊ុយរ៉ាញ៉ូមទាំងស្រុង អ៊ីរ៉ង់បែរជាទទូចថាខ្លួនត្រូវការបច្ចេកវិទ្យានេះសម្រាប់ថាមពលស៊ីវិល៕

ប្រភព៖ CNA  

ទំនាក់ទំនងការផ្សាយ៖ 085 999 070 / 098 999 070