ក្រុមហ៊ុន QatarEnergy ប្រកាសអាសន្នលើកិច្ចសន្យា LNG ខណៈវិបត្តិនៅច្រកសមុទ្រ Hormuz កាន់តែធ្ងន់ធ្ងរ

ស្របពេលដែលភាពតានតឹងយោធានៅក្នុងតំបន់មជ្ឈិមបូព៌ាមិនទាន់មានសញ្ញាថមថយ ក្រុមហ៊ុនថាមពលយក្សរដ្ឋរបស់ប្រទេសកាតា QatarEnergy កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៦ម្សិលមិញនេះ បានសម្រេចប្រកាសស្ថានភាព Force Majeure លើកិច្ចសន្យាផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ LNGមួយចំនួនរបស់ខ្លួន។

 
ក្រុមហ៊ុន QatarEnergy ប្រកាសអាសន្នលើកិច្ចសន្យា LNG ខណៈវិបត្តិនៅច្រកសមុទ្រ Hormuz កាន់តែធ្ងន់ធ្ងរ

ការសម្រេចចិត្តនេះបានធ្វើឱ្យទីផ្សារថាមពលពិភពលោកមានការព្រួយបារម្ភយ៉ាងខ្លាំង ខណៈដែលកាតាគឺជាអ្នកនាំចេញ LNG ធំជាងគេបំផុតមួយក្នុងលោក។

ក្រុមហ៊ុន QatarEnergy បានបញ្ជាក់ថា ខ្លួនមិនអាចធានាការដឹកជញ្ជូនតាមកាលវិភាគបានឡើយ ដោយសារតែការបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់សម្រាប់នាវាដឹកឧស្ម័ន។ វិបត្តិសន្តិសុខនៅទីនោះបានធ្វើឱ្យក្រុមហ៊ុនមិនអាចបញ្ជូននាវាចេញទៅកាន់ទីផ្សារអាស៊ី និងអឺរ៉ុបបានតាមការគ្រោងទុក។

 ភ្លាមៗបន្ទាប់ពីការប្រកាសនេះ តម្លៃឧស្ម័នធម្មជាតិនៅតាមបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប និងអាស៊ីបានហក់ឡើងខ្ពស់ ដោយសារតែការភ័យខ្លាចចំពោះកង្វះខាតការផ្គត់ផ្គង់ក្នុងរយៈពេលខ្លី។ អ្នកជំនាញព្រមានថា ប្រសិនបើច្រកសមុទ្រ Hormuz នៅតែបន្តបិទក្នុងរយៈពេលវែង វានឹងបង្កជាវិបត្តិថាមពលសកលដែលមិនធ្លាប់មាន។

បច្ចុប្បន្ន ក្រុមហ៊ុនកំពុងស្វែងរកមធ្យោបាយដឹកជញ្ជូនផ្សេងទៀត និងកំពុងពិភាក្សាជាមួយអតិថិជនរបស់ខ្លួន ដើម្បីកែសម្រួលកាលវិភាគដឹកជញ្ជូន។ ទន្ទឹមនឹងនេះ ទីក្រុងដូហា ក៏កំពុងដើរតួនាទីយ៉ាងសកម្មក្នុងកិច្ចចរចាការទូត ដើម្បីជួយសម្របសម្រួលឱ្យមានការបើកច្រកសមុទ្រឡើងវិញផងដែរ។

សូមជម្រាបថា សង្គ្រាម និងជម្លោះនៅច្រកសមុទ្រ Hormuz មិនត្រឹមតែប៉ះពាល់ដល់សន្តិសុខក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងគំរាមកំហែងដល់ស្ថិរភាពសេដ្ឋកិច្ច និងសន្តិសុខថាមពលរបស់ពិភពលោកទាំងមូលផងដែរ៕



ប្រភព៖ Reuters