អគ្គិភ័យដ៏សន្ធោសន្ធៅឆាបឆេះភូមិមាត់សមុទ្រក្នុងរដ្ឋ Sabah ប្រទេសម៉ាឡេស៊ី បង្កឱ្យមនុស្សរាប់ពាន់នាក់បាត់បង់ជម្រកស្នាក់នៅ
សោកនាដកម្មដ៏រន្ធត់មួយនៅក្នុងប្រទេសម៉ាឡេស៊ី ខណៈដែលអគ្គិភ័យដ៏ខ្លាំងក្លាមួយបានឆាបឆេះបំផ្លាញភូមិមាត់សមុទ្រមួយកន្លែង ក្នុងរដ្ឋ Sabah លើកោះ Borneo។
គ្រោះមហន្តរាយនេះបានបន្សល់ទុកនូវផ្សែងខ្មៅងងឹតពាសពេញផ្ទៃមេឃ និងបានធ្វើឱ្យប្រជាពលរដ្ឋរាប់ពាន់នាក់ត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែងទាំងបង្ខំ។
យោងតាមរូបភាពដែលថតបានដោយដ្រូន (Drone) បានបង្ហាញឱ្យឃើញនូវទិដ្ឋភាពដ៏គួរឱ្យខ្លាច ដោយផ្សែងខ្មៅយ៉ាងក្រាស់ហុយចេញពីសំណង់ផ្ទះឈើខ្ពស់ៗ ដែលសង់នៅតាមបណ្តោយឆ្នេរសមុទ្រ។ ភូមិដែលរងគ្រោះនេះ គឺជាទីតាំងរស់នៅរបស់សហគមន៍ក្រីក្របំផុត ក្នុងនោះរួមមានទាំងក្រុមជនជាតិដើមភាគតិច និងជនដែលគ្មានសញ្ជាតិ ជាច្រើនគ្រួសារផងដែរ។
ដោយសារតែផ្ទះទាំងនោះសង់ពីឈើ និងស្ថិតនៅកៀកៗគ្នា ទើបធ្វើឱ្យអណ្តាតភ្លើងរីករាលដាលយ៉ាងឆាប់រហ័ស ពិបាកនឹងគ្រប់គ្រង។ អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា មនុស្សរាប់ពាន់នាក់ឥឡូវនេះកំពុងស្ថិតក្នុងស្ថានភាពគ្មានទីជម្រក ហើយកំពុងត្រូវបានបញ្ជូនទៅកាន់មណ្ឌលសង្គ្រោះបណ្តោះអាសន្ន។ រហូតមកដល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍ច្បាស់លាស់អំពីចំនួនអ្នករងរបួស ឬបាត់បង់ជីវិតនៅឡើយទេ ខណៈដែលប្រតិបត្តិការជួយសង្គ្រោះកំពុងបន្តយ៉ាងសកម្ម៕

ប្រភព៖Al Jazeera English


















