នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសលោក បូរីស ចនសុន រងការរិះគន់ជុំវិញការដោះស្រាយវិបត្តិកូវីដ១៩
ទីក្រុងឡុងដ៍៖ នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) នៅថ្ងៃពុធទី២២ ខែមេសា ឆ្នាំ២០២០នេះ ប្រឈមជាមួយការចោទសួរនានាទៅលើរដ្ឋាភិបាលរបស់លោកជុំវិញការដោះស្រាយវិបត្តិកូវីដ១៩ ដោយមិនអាចពន្យល់ឲ្យបានពេញលេញអំពីតួលេខនៃករណីស្លាប់មួយចំនួន ករណីធ្វើតេស្តមានកម្រិត និងបញ្ហាខ្វះសម្ភារៈពេទ្យក្នុងការជួយសង្រ្គោះជីវិតជាដើម។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
ការរាតត្បាតនៃវីរុសកូរ៉ូណា ដែលជាវិបត្តិសុខភាពពិភពលោកដ៏អាក្រក់បំផុតចាប់តាំងពីការរាតត្បាតជាសកលនៃវីរុសផ្តាសាយកាលពីឆ្នាំ១៩១៨នោះ បានបង្ករឲ្យរដ្ឋាភិបាលទូទាំងពិភពលោកឈឺក្បាលវិលមុខជាមួយនឹងបញ្ហាដែលត្រូវដោះស្រាយដូចជាបញ្ហាប្រជាពលរដ្ឋ ការជាប់គាំងសេដ្ឋកិច្ចជាសកល និងវិបត្តិសេវាសុខាភិបាលជាដើម។
សូមបញ្ជាក់ផងដែរថា ដំបូងឡើយលោក បូរីស ចនសុន បានបដិសេធមិនអនុម័តការត្រួតពិនិត្យដ៏តឹងរឹងដែលមេដឹកនាំអឺរ៉ុបដទៃទៀតបានដាក់ចេញនោះឡើយ។ ប៉ុន្តែក្រោយមកលោកបានដាក់ប្រទេសនៅដាច់ដោយឡែកនៅពេលដែលការព្យាករណ៍បានបង្ហាញថា ប្រជាជនប្រមាណ២៥ម៉ឺននាក់អាចស្លាប់នៅចក្រភពអង់គ្លេស។
ចាប់តាំងពីមានការបិទប្រទេសរួចមក រដ្ឋាភិបាលបានផ្តល់ការពន្យល់ផ្ទុយពីមូលហេតុដែលខ្លួនខកខានមិនបានចូលរួមក្នុងគម្រោងផ្គត់ផ្គង់ម៉ាស៊ីនជំនួយការដកដង្ហើមរបស់សហភាពអ៊ឺរ៉ុប ហើយបានសារភាពថាមានបញ្ហាមិនអាចផ្គត់ផ្គង់បរិក្ខាពេទ្យសម្រាប់ការពារបុគ្គលិកសុខាភិបាលឲ្យគ្រប់គ្រាន់៕
ប្រភព៖ Reuters ប្រែសម្រួល៖ ចាប មិថុនា