ទោះមានបទឈប់បាញ់ អុីស្រាអែបន្តវាយប្រហារនៅតំបន់ហ្គាហ្សា សម្លាប់ជនជាតិប៉ាលេស្ទីនយ៉ាងតិច ១២ នាក់បន្ថែមទៀត

ស្ថានការណ៍នៅមជ្ឈិមបូព៌ានៅតែបន្តភាពរកាំរកូស បើទោះបីជាមានការប្រកាសបទឈប់បាញ់ក៏ដោយ។ របាយការណ៍ចុងក្រោយបានឱ្យដឹងថា ការវាយប្រហារតាមអាកាសរបស់អុីស្រាអែល បានបណ្តាលឱ្យជនជាតិប៉ាលេស្ទីនយ៉ាងហោចណាស់ ១២ នាក់បាត់បង់ជីវិត ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។

 
ទោះមានបទឈប់បាញ់ អុីស្រាអែបន្តវាយប្រហារនៅតំបន់ហ្គាហ្សា   សម្លាប់ជនជាតិប៉ាលេស្ទីនយ៉ាងតិច ១២ នាក់បន្ថែមទៀត

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Al Jazeera និងអាជ្ញាធរសុខាភិបាលនៅតំបន់ហ្គាហ្សា ការវាយប្រហារជាបន្តបន្ទាប់បានកើតឡើងនៅពាសពេញដែនដីព័ទ្ធជុំវិញមួយនេះ។ ក្នុងចំណោមជនរងគ្រោះទាំង ១២ នាក់ មានរបាយការណ៍ថា ៦ នាក់គឺជាមន្ត្រីនគរបាលដែលត្រូវបានកំណត់គោលដៅវាយប្រហារលើរថយន្តល្បាត ហើយក្នុងនោះក៏មានកុមារ និងស្ត្រីផងដែរ។

ការបង្ហូរឈាមនេះ កើតឡើងក្នុងខណៈដែលពិភពលោកកំពុងសម្លឹងមើល បទឈប់បាញ់ ដែលត្រូវបានប្រកាសតាំងពីខែតុលា ឆ្នាំមុន ប៉ុន្តែត្រូវបានគេមើលឃើញថា មានការរំលោភបំពានជាញឹកញាប់។ យោងតាមទិន្នន័យពីអង្គការសហប្រជាជាតិ (UN) ចាប់តាំងពីបទឈប់បាញ់បានចូលជាធរមាន មនុស្សជាង ៧៥០ នាក់ហើយបានបាត់បង់ជីវិតនៅក្នុងតំបន់ហ្គាហ្សា ដោយសារការបន្តវាយប្រហារតាមអាកាស និងការបាញ់ប្រហារនៅតាមព្រំដែន។

មន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ដោយលើកឡើងថា ប្រជាជនប៉ាលេស្ទីននៅតែគ្មានសុវត្ថិភាព ទោះបីជាមានកិច្ចព្រមព្រៀងផ្អាកការប្រយុទ្ធក៏ដោយ។ ការវាយប្រហារចុងក្រោយនេះ បានធ្វើឱ្យចំនួនអ្នកស្លាប់សរុបនៅក្នុងសង្រ្គាមរយៈពេលជាង ២ ឆ្នាំមកនេះ កើនឡើងដល់ជាង ៧២,០០០ នាក់។

ចំណែកឯស្ថានភាពមនុស្សធម៌វិញ កាន់តែមានភាពដុនដាបខ្លាំង ដោយសារតែកង្វះខាតស្បៀងអាហារ ថ្នាំពេទ្យ និងការរីករាលដាលនៃជំងឺសើស្បែកនៅក្នុងជម្រកជនភៀសខ្លួន។ ទន្ទឹមនឹងនេះ អាមេរិកកំពុងព្យាយាមជម្រុញកិច្ចចរចាថ្មីនៅប្រទេសប៉ាគីស្ថាន ដើម្បីសង្គ្រោះកិច្ចព្រមព្រៀងសន្តិភាពដែលកំពុងរង្គោះរង្គើនេះ៕

ប្រភព៖ Al Jazeera English