ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូ ការពារសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង (AHKFTA) នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៥ នីតិកាលទី៦
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូ ការពារសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង (AHKFTA) នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៥ នីតិកាលទី៦ ដែលដឹកនាំដ៏ខ្ពង់ខ្ពស់ដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
ជាកិច្ចចាប់ផ្តើម លោកជំទាវ និន សាផុន សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី៩ នៃរដ្ឋសភាបានជម្រាបជូនសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៥ នីតិកាលទី៦ថា គណៈកម្មការទី៩រដ្ឋសភា ដោយមានកិច្ចសហការពីគណៈកម្មការទី៥ បានពិនិត្យនិងពិភាក្សាលើការស្នើសុំការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង ជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តមរដ្ឋមន្រ្តី រួចរាល់ហើយ ដោយការស្នើសុំនេះបានបំពេញត្រឹមត្រូវតាមបែបបទ និងនីតិវិធី។
ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៥ នីតិកាលទី៦នេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបអំពីខ្លឹមសារសំខាន់ៗនៃកិច្ចព្រមព្រៀង ព្រមទាំងអត្ថប្រយោជន៍ដែលកម្ពុជានឹងទទួលបាននៅពេលកិច្ចព្រមព្រៀងនេះចូលជាធរមាន។
ក្រោយពីបានពិនិត្យយ៉ាងល្អិតល្អន់រួចរាល់មក សម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៥ នីតិកាលទី៦ក៏បានអនុម័តយល់ព្រមទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង ដោយមាន១១១សម្លេង។
គួរជម្រាបផងដែរថា កិច្ចព្រមព្រៀងនេះ នឹងធ្វើឱ្យកាន់តែស៊ីជម្រៅនូវការតភ្ជាប់សេដ្ឋកិច្ចរវាងអាស៊ាននិងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈការបន្តធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្មសេវាកម្ម និងការធ្វើឲ្យប្រសើរឡើងនូវនីតិវិធីគយ និងវិធានការនានា លើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេស និងរួមចំណែកដ៏សំខាន់ក្នុងការសម្រួលដល់ពាណិជ្ជកម្មនិងវិនិយោគឆ្លងដែន ព្រមទាំងកាត់បន្ថយនូវរបាំងចូលទីផ្សារ ដើម្បីជំរុញដល់ភាពងាយស្រួលដល់សហគ្រាសធុនតូច និងមធ្យម រវាងអាស៊ាន និងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន៕
ប្រភព: ក្រសួងពាណិជ្ជកម្ម