ចិនក្លាយជាទីផ្សារភាពយន្តធំជាងគេបំផុតរបស់ពិភពលោកក្នុងឆ្នាំ២០២០ ដោយទើបតែវ៉ាដាច់អាមេរិក
ចិន៖ ប្រទេសចិនទើបតែបានវ៉ាដាច់សហរដ្ឋអាមេរិកក្នុងការលក់សំបុត្រទស្សនាភាពយន្តជាលើកដំបូង ដែលធ្វើឲ្យប្រទេសមួយនេះក្លាយជាទីផ្សារខែ្សភាពយន្តធំជាងបំផុតរបស់ពិភពលោកនៅពេលបច្ចុប្បន្ន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន SKY NEWS នៅថ្ងៃច័ន្ទសប្តាហ៍នេះ។
ខ្សែភាពយន្តខ្នាតធំរបស់ចិន ដែលគ្រោងនឹងចាក់បញ្ចាំងរឹតតែកើនឡើង ប៉ុន្តែឧស្សាហកម្មភាពយន្តនៅសហរដ្ឋអាមេរិកកំពុងរងផលប៉ះពាល់ដោយសារការពន្យាពេលចាក់បញ្ចាំង និងផលិតកម្ម។
យោងតាមទីប្រឹក្សានៃឧស្សាហកម្មភាពយន្តអាស៊ី ដែលមានឈ្មោះថា អាតធីសាន ហ្គេតវេ (Artisan Gateway) បានឲ្យដឹងថា សម្រាប់ឆ្នាំ២០២០នេះ ការលក់សំបុត្រក្នុងប្រទេសចិនបានរហូតទៅដល់ ១,៩៨ពាន់លានដុល្លារអាមេរិក លើសពីចំនួនសរុបនៃការលក់សំបុត្រនៅអាមេរិក ដែលមាន១,៩ពាន់លានដុល្លារអាមេរិក។
មិនតែប៉ុណ្ណោះ ត្រឹមតែរយៈពេលពីថ្ងៃទី១ខែតុលា ដល់ថ្ងៃទី៨ ខែតុលា រោងភាពយន្តចិនទទួលបានប្រាក់ជាង ៥៦៨ លានដុល្លារអាមេរិក ពីការលក់សំបុត្រភាពយន្ត ជាពិសេសបានពីការឈប់សម្រាកនៅថ្ងៃបុណ្យជាតិក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕
សូមទស្សនាវីដេអូ៖
ប្រភព៖ SKY NEWS, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ