វិស័យសំខាន់ៗចំនួន៣ អាចហក់ឡើងខ្ពស់នៅឆ្នាំនេះ

បណ្តាដៃគូពាណិជ្ជកម្មធំៗរបស់កម្ពុជា បានព្យាករណ៍ពីស្ថានភាពសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០២៤នេះ ដោយបានកត់សម្គាល់ឃើញពីវិស័យសំខាន់ៗចំនួន៣ ដែលអាចហក់ឡើងខ្ពស់នៅឆ្នាំនេះ ក្នុងនោះរួមមាន៖ “វិស័យទេសចរណ៍ កាត់ដេរ និងវិស័យកសិកម្ម” ដោយរំពឹងថាអាចទទួលបានស្ថានភាពល្អប្រសើរ ជួយឱ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនប្រមាណ ៦,៦% ចាប់ពីដើមឆ្នាំ២០២៤នេះទៅ។

 
វិស័យសំខាន់ៗចំនួន៣ អាចហក់ឡើងខ្ពស់នៅឆ្នាំនេះ

បើតាមឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា កត្តាជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៤នេះ រួមមាន ភាពល្អប្រសើរនៃសេដ្ឋកិច្ច ប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា, វិស័យឧស្សាហកម្មមិនមែនកាត់ដេរ ក៏នៅតែរំពឹងថាមានកំណើនល្អ, វិស័យទេសចរណ៍ក៏រំពឹងថានឹងបន្តកើនឡើង ខណៈវិស័យកាត់ដេរបានបង្ហាញសញ្ញាមានកំណើនឡើងវិញ នៅដើមឆ្នាំ២០២៤។
ជាមួយគ្នានេះដែរ បើតាមការសាកសួរអ្នកពាក់ព័ន្ធនិងអ្នកបញ្ជាទិញតាមបណ្តារោងចក្រ គឺ បានឱ្យដឹងថា នៅឆ្នាំ២០២៤នេះ គ្រប់អ្នកពាក់ព័ន្ធមានក្តីសង្ឈឹមនិងមានសញ្ញាវិជ្ជមាននៅក្នុងការបញ្ជាទិញ និងការផលិត។ នៅមានសញ្ញាណល្អមួយទៀត សម្រាប់វិស័យកសិកម្ម គឺនៅតែអាចរក្សាបានកំណើនល្អប្រសើរ សម្រាប់ខែមករានៅឆ្នាំនេះ ហើយអ្នកបម្រើលើវិស័យកសិកម្មនេះក៏មានក្តីរំពឹងថា វិស័យកសិកម្ម នឹងបន្តមានស្ថានភាព ល្អប្រសើរដូចពេលនេះ និងពេលអនាគតទៅមុខទៀត៕



ប្រភព៖ ក្រសួងព័ត៌មាន