លោកជំទាវ ឱ វណ្ណឌីន ពន្យល់អំពីការរកឃើញវីរុសកូវីដ-១៩ បំលែងខ្លួនថ្មីនៅប្រទេសអង់គ្លេស ប៉ុន្តែការផ្លាស់ប្តូរនៃប្រភេទវីរុសលើវ៉ារ្យ៉ង់នេះ មិនប៉ះពាល់ដល់តេស្តធ្វើរោគវិនិច្ឆ័យដែលត្រូវបានប្រើនៅក្នុងប្រទេសកម្ពុជាឡើយ
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងនៅយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះថា ដោយសារសង្កេតឃើញមានការលើកឡើងពីការរកឃើញវីរុសកូវីដ-១៩ ប្រភេទថ្មី (new strain) នៅប្រទេសអង់គ្លេសក្នុងពេលថ្មីៗនេះ និងក្រោយពីបានពិភាក្សាជាមួយអង្គការសុខភាពពិភពលោក លោកជំទាវ បានផ្តល់ព័ត៌មាននូវចំណុចសំខាន់ៗ ក៏ដូចជាផ្តល់នូវការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានមួយចំនួន មានដូចតទៅ៖
«ទី១ ការរកឃើញវីរុសកូវីដ-១៩ ប្រភេទថ្មី (new strain) គឺអ្នកវិទ្យាសាស្ត្រកំពុងតែធ្វើការសិក្សាលើប្រភេទវីរុសកូវីដ-១៩ ដែលបានបំលែងខ្លួន (Mutation) នេះ ដែលធ្លាប់មានការចុះផ្សាយកន្លង មកដែរ លើការបំលែងខ្លួនរបស់វីរុសកូវីដ-១៩ នេះ។
ទី២ វីរុសកូវីដ-១៩ មានការផ្លាស់ប្តូរជាបន្តបន្ទាប់ ដែលនាំឱ្យមានការលេចឡើង នូវបំលែងវីរុស ឬ វ៉ារ្យ៉ង់ថ្មី។ វ៉ារ្យ៉ង់ SARS-Cov-2 ថ្មីមួយដែលត្រូវបានគេហៅថា SARS-CoV-2 VUI 202012/01 មាន ដើមកំណើតនៅភាគអាគ្នេយ៍នៃប្រទេសអង់គ្លេសក្នុងខែកញ្ញា ហើយឥឡូវនេះ កំពុងរីករាលដាលយ៉ាងឆាប់រហ័ស និងមានភាពលេចធ្លោរនៅក្នុងចក្រភពអង់គ្លេស ដែលត្រូវបានគេរកឃើញផងដែរ នៅក្នុងប្រទេសដាណឺម៉ាក អូស្ត្រាលី និងហូឡង់។
ទី៣ លទ្ធផលសិក្សាបឋមនៅចក្រភពអង់គ្លេស បង្ហាញថា ប្រភេទវ៉ារ្យ៉ង់ថ្មីនៃវីរុសនេះ អាចឆ្លងបានច្រើនជាងវ៉ារ្យ៉ង់ដែលបានចរាចរពីពេលមុនៗ ហើយរហូតមកដល់បច្ចុប្បន្ននេះ មិនទាន់មានការបង្ហាញពីការកើនឡើងនៃភាពធ្ងន់ធ្ងរនៃការឆ្លង នេះនៅឡើយ។ ការស៊ើបអង្កេតកំពុងបន្តធ្វើនៅចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប សម្រាប់ស្វែងរកព័ត៌មានបន្ថែមអំពីភាពធ្ងន់ធ្ងរនៃគ្លីនិក ការឆ្លង ការផ្លាស់ប្តូរអង់ទីគ័រ និងផលប៉ះពាល់ដែលអាចនឹងកើតមានលើប្រសិទ្ធភាពវ៉ាក់សាំង និងការតាមដានករណីឆ្លងឡើងវិញ (re-infection) ផងដែរ។
ទី៤ ខ្ញុំសុំបញ្ជាក់ជូនផងដែរថា ការផ្លាស់ប្តូរនៃប្រភេទវីរុសលើវ៉ារ្យ៉ង់នេះ មិនប៉ះពាល់ដល់តេស្តធ្វើរោគវិនិច្ឆ័យដែលត្រូវបានប្រើនៅក្នុងប្រទេសកម្ពុជាឡើយ។
ទី៥ អ្វីដែលសំខាន់នៅពេលនេះ គឺនៅពេលដែលយើងកំពុងរងចាំនូវលទ្ធផលសម្រេចនៃវ៉ាក់សាំងកូវីដ-១៩ ដែលនឹងត្រូវចែកចាយមកបណ្តាប្រទេសជាសមាជិក ដោយមជ្ឈមណ្ឌលកូវ៉ាក់ និងការវាយតម្លៃជាមុននូវប្រសិទ្ធិភាព និងគុណភាពវ៉ាក់សាំង មុនការប្រើប្រាស់នៅកម្ពុជានោះ ដើម្បីការពារខ្លួនអ្នកពីការចម្លងវីរុសកូវីដ-១៩ (បំលែងបែបណាក៏ដោយ) យើងត្រូវនាំគ្នាអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួន ដែលបានណែនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងទៅកាន់ជនរួមជាតិនាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ដោយគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តវិធានការ ៖ គឺ៣ការពារ៖ ពាក់ម៉ាស់ លាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង។
គឺ៣កុំ ៖ កុំទៅកន្លែងមនុស្សច្រើនកុះករ កុំទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល ប្រើម៉ាស៊ីនត្រជាក់ច្រើន និងកុំប៉ះពាល់គ្នា ពេលជួបគ្នាកុំចាប់ដៃគ្នា កុំកៀកស្មាគ្នា ឬកុំឱបគ្នា ជាដើម»។
លោកជំទាវ បានបន្តថា ត្រូវបន្តការរស់នៅធម្មតាតាមបែបគន្លងថ្មី ដោយចេះកែប្រែឥរិយាបទ និងទម្លាប់នៃការរស់នៅ ដោយប្រកាន់យកនូវការការពារការឆ្លងវីរុសកូវីដ-១៩ តាមការណែនាំខាងលើនេះ ហើយការប្រហែសខ្លួន ដោយមើលស្រាលលើលទ្ធភាពនៃការចម្លងរបស់វីរុសកូវីដ-១៩ គឺជាការមើលងាយខ្លួនឯង ដោយទុកខ្លួនឯង ឱ្យវីរុសកូវីដ-១៩ សប្បាយចិត្ត អាចវ៉ៃលុកដោយសេរីមកលើសរីរាង្គខ្លួនឯង ធ្វើឱ្យធ្លាក់ខ្លួនឈឺ និងអាចមានសភាពធ្ងន់ធ្ងរ អាចស្លាប់បាត់បង់ជីវិតបាន ប្រសិនបើនៅតែប្រហែសខ្លួន មើលស្រាលលើលទ្ធភាពនៃការបង្កជាជំងឺកូវីដ-១៩ នេះ ។
លោកជំទាវ ក៏បានជូនពរ ឆ្នាំថ្មីសាកល ២០២១ សូមបងប្អូនប្រជាពលរដ្ឋកម្ពុជា មានសុខភាពល្អ បរិបូណ៌ ចៀសផុតនូវការឆ្លងវីរុសកូវីដ-១៩ និងជំងឺដង្កាត់ផ្សេងៗទៀត ព្រមទាំងមានសុខសុភមង្គលក្នុងក្រុមគ្រួសាររៀងៗខ្លួន៕
ប្រភព: ក្រសួងព័ត៌មាន