មន្រ្តីការទូតជាន់ខ្ពស់អាមេរិក-ចិននឹងជួបពិភាក្សាគ្នាដោយផ្ទាល់ក្រោមការដឹកនាំរបស់លោក Joe Biden
វ៉ាស៊ីនតោន៖ មន្ត្រីនៅសេតវិមានបាននិយាយកាលពីថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១ កាលពីម្សិលមិញនេះថារដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken នឹងជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ចិន ដែលជាការប្រជុំដោយផ្ទាល់កម្រិតកំពូល លើកដំបូងរវាងប្រទេសទាំងពីរដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកប្រធានាធិបតី Joe Biden នាថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ នៅរដ្ឋអាឡាស្កា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីជំរុញការទូតសំខាន់ៗ របស់សហរដ្ឋអាមេរិកដើម្បីពង្រឹងសម្ព័ន្ធមិត្តនៅអាស៊ីនិងអឺរ៉ុបរាប់បញ្ជូលទាំងប្រទេសចិនផងដែរ។ សូមជម្រាបថាកិច្ចប្រជុំនេះនឹងធ្វើឡើងបន្ទាប់ពីដំណើរវិលត្រឡប់របស់លោក Antony Blinken ពីការធ្វើទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោកទៅកាន់ប្រទេសសម្ព័ន្ធមិត្តអាមេរិកសំខាន់ៗគឺប្រទេសជប៉ុននិងកូរ៉េខាងត្បូង។
លោកស្រី Psaki បានប្រាប់នៅក្នុងសន្និសិទកាសែតមួយថា កិច្ចប្រជុំនេះមានសារៈសំខាន់ណាស់សម្រាប់យើងដែលជាកិច្ចប្រជុំរដ្ឋបាលលើកដំបូងជាមួយមន្ត្រីចិន ដែលធ្វើឡើងនៅលើទឹកដីអាមេរិកហើយកើតឡើងបន្ទាប់ពីយើងបានជួបនិងពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយដៃគូនិងសម្ព័ន្ធមិត្តទាំងនៅអាស៊ីនិងអឺរ៉ុប" ។
គួរបញ្ជាក់ថា លោកស្រីបាននិយាយថាកិច្ចប្រជុំនេះនឹងក្លាយជា “ឱកាសមួយដើម្បីដោះស្រាយបញ្ហាជាច្រើនរួមទាំងបញ្ហាដែលយើងមានការខ្វែងគំនិតគ្នាយ៉ាងស៊ីជម្រៅផងដែរ” ។
សូមជម្រាបថា ស្ថានទូតប្រទេសចិនប្រចាំនៅទីក្រុងវ៉ាស៊ីនតោនមិនបានឆ្លើយតបភ្លាមៗចំពោះសំណើរសុំការអត្ថាធិប្បាយនោះទេ៕
ប្រភព: CNA ដោយ: ជា បញ្ញា
ា