នៅឥណ្ឌាចំនួនអ្នកស្លាប់ដោយវីរុសកូវីដ១៩ កើនលើស ២០០,០០០ នាក់
ញូដេលី៖ នៅថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២១នេះ នៅប្រទេសឥណ្ឌាមានករណីស្លាប់ដោយវីរុសកូវីដ១៩ បានកើនឡើងលើស ២០០,០០០នាក់ ដែលជារឿងដ៏អាក្រក់បំផុតរបស់ប្រទេសនេះដោយសារតែកង្វះអុកស៊ីសែនសម្រាប់សង្គ្រោះជីវិត គ្រឿងបរិក្ខាពេទ្យនិងបុគ្គលិកផ្នែកសុខាភិបាល ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CNA ។
មួយសប្តាហ៍កន្លងមកនេះរលកទី ២ នៃការឆ្លងរីករាលដាលនៃវីរុសបានបង្ហាញថាយ៉ាងហោចណាស់មានមនុស្សចំនួន ៣០០.០០០ នាក់ធ្វើតេស្ត៍វិជ្ជមានក្នុងមួយថ្ងៃៗ ហេតុនេះហើយបានជាប្រទេសនេះត្រូវការកន្លែងថែទាំសុខភាពយ៉ាងច្រើនលើសលប់់ ចំណែកឯចំនួនអ្នកស្លាប់វិញចេះតែបន្តកើនឡើង ដែលជំរុញឱ្យមានការឆ្លើយតបជាអន្តរជាតិកាន់តែខ្លាំងឡើងៗ។
គួរបញ្ជាក់ថារយៈពេល ២៤ម៉ោងកន្លងទៅនេះ ប្រទេសឥណ្ឌាបានកត់ត្រាចំនួនអ្នកឆ្លងកូវីដ១៩សរុបចំនួន ៣៦០,៩៦០នាក់ដែលជាចំនួនឆ្លងដ៏អាក្រក់បំផុតនៅលើពិភពលោក និងមានអ្នកស្លាប់ចំនួន ៣,២៩៣នាក់។
សូមជម្រាបថា ចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសឥណ្ឌាកើនដល់ជិត ១៨ លាននាក់ និងមានករណីស្លាប់សរុបមានចំនូន ២០១,១៨៧នាក់៕
ប្រភព: CNA ដោយ: ជា បញ្ញា