ប្រជាពលរដ្ឋស្ថិតនៅតំបន់ក្រហម នឹងទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ នៅពេលឆាប់ៗខាងមុខនេះ

ភ្នំពេញ៖ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្តាល ដែលកំពុងឋិតនៅតំបន់ក្រហម នឹងទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ នៅក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីកាត់ផ្តាច់ នូវការចម្លងវីរុសដ៏កាចសាហាវមួយនេះ ។

 
ប្រជាពលរដ្ឋស្ថិតនៅតំបន់ក្រហម នឹងទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ នៅពេលឆាប់ៗខាងមុខនេះ

យោងតាមរយៈសារសំឡេងពិសេស កាលពីយប់ថ្ងៃទី២៧ ខែមេសា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជាឱ្យបើកយុទ្ធនាការថ្នាក់ជាតិ ចាក់វ៉ាក់សាំងកូវីដ១៩ ដល់ប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើងទៅ ដោយផ្តើមចេញពី «តំបន់ក្រហម» នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ។ ក្នុងនោះ សម្តេចតេជោ ក៏បានស្នើឱ្យសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយក្រសួងការពារជាតិ ត្រូវទទួលភារកិច្ចពីគណៈកម្មការចំពោះកិច្ច ដើម្បីបើកយុទ្ធនាការថ្នាក់ជាតិ ចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋក្នុងតំបន់ក្រហមនេះ ហើយក្នុងយុទ្ធនាការនេះត្រូវធ្វើឱ្យបានលឿនបំផុត។ សម្តេចបញ្ជាក់ថា ការធ្វើដូចនេះ គឺដើម្បី ការពារប្រជាពលរដ្ឋនៅតំបន់ក្រហម ចេញមកចាក់វ៉ាក់សំាង នៅតំបន់ផ្សេងទៀត ដែលអាចបង្ករឱ្យមានការរីករាលដាលនៃជំងឺកូវីដ១៩។ សម្តេចបញ្ជាក់ទៀតថា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនេះ គឺត្រូវចាក់ឱ្យបានគ្រប់ៗគ្នា ដែលឋិតនៅក្នុងតំបន់ក្រហមនេះ រួមទាំងជនបរទេសផងដែរ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួង ការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១,២៩៨,៨៥១នាក់៕