អាជ្ញាធរខេត្តសម្រេចបិទខ្ទប់ការិយាល័យក្រុមហ៊ុនដឹកជញ្ជូនវីរៈប៊ុនថាំ ប្រចាំស្រុកទាំងបីជាប់ព្រំដែនខេត្តបាត់ដំបង បន្ទាប់ពីរកឃើញតៃកុង ឡានម្នាក់មានវិជ្ជមានកូវីដ-១៩

បាត់ដំបង៖ អាជ្ញាធរខេត្តបានសម្រចបិទខ្ទប់ភ្លាមៗនូវការិយាល័យដឹកជញ្ជូននិងផ្ញើសម្ភាររបស់ ក្រុមហ៊ុន វីរៈប៊ុន ថាំ ប្រចាំស្រុកកំរៀង ស្រុកភ្នំព្រឹក និង ស្រុកសំពៅលូន និងផ្ទះពលរដ្ឋក្បែរខាងនោះ នាព្រលប់ថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០២១ បន្ទាប់ពីទទួលដំណឹងថា តៃកុង ឡានម្នាក់មាន វិជ្ជមានកូវីដ-១៩ ។

 
អាជ្ញាធរខេត្តសម្រេចបិទខ្ទប់ការិយាល័យក្រុមហ៊ុនដឹកជញ្ជូនវីរៈប៊ុនថាំ ប្រចាំស្រុកទាំងបីជាប់ព្រំដែនខេត្តបាត់ដំបង បន្ទាប់ពីរកឃើញតៃកុង ឡានម្នាក់មានវិជ្ជមានកូវីដ-១៩

បើតាមលោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តនឹងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់បន្ថែមថាមូលហេតុឈានដល់បិទខ្ទប់ នេះ ដោយសារតៃកុងឡានម្នាក់ដែលដឹកអីវ៉ាន់មានទិសដៅពីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ មកទម្លាក់នៅស្រុកជាប់ព្រំដែនទាំងបី របស់ខេត្តបាត់ដំបង និង ខេត្តប៉ៃលិននោះ ត្រូវបានមន្រ្តីជំនាញនៅខេត្តប៉ៃលិនស្ទាក់នឹងនាំយកទៅពិនិត្យសំណាក ឃើញមានវិជ្ជមាន កូវីដ-១៩ម្នាក់ ។

លោកបញ្ជាក់ថា តៃកុងឡានដែលមានវិជ្ជមានកូវីដ-១៩ខាងលើនេះ បានបើករថយន្តក្រុមហ៊ុនខាងលើ ចេញពីក្រុងប៉ោយប៉ែត មកកាត់ផ្លូវជាតិលេខ៥៩ ដោយទម្លាក់អីវ៉ាន់នៅក្បាលដំរី ម៉ាឡៃ ខេត្តបន្ទាយមានជ័យ និង ស្រុកជាប់ព្រំដែនខេត្តបាត់ដំបងមានស្រុកកំរៀង ភ្នំព្រឹក និង ស្រុកសំពៅលូន និង ខេត្តប៉ៃលិនប៉ុណ្ណោះ មិនបានបើកចូលមកការិយាល័យក្នុងកណ្តាលក្រុង បាត់ដំបងនោះទេ ។

ទោះបីយ៉ាងណា ការិយាល័យក្រុមហ៊ុនវីរៈប៊ុនថាំនៅក្នុងក្រុងបាត់ដំបង ក៏មានការចងខ្សែ បិទការធ្វើដំណើរឆ្លងកាត់ផងដែរ ដោយអាជ្ញាធរ បញ្ជាក់ថាគ្រាន់តែសង្ស័យ ដើម្បីឲ្យពលរដ្ឋ មានការប្រុងប្រយ័ត្នតែប៉ុណ្ណោះ ។

តៃកុងឡានដែលមានវិជ្ជមានកូវីដ-១៩នោះ ត្រូវបានយកទៅព្យាបាល នៅមន្ទីរពេទ្យ បង្អែកខេត្តប៉ៃលិន ។

បើតាមលោក សុខ គឹមខុន អភិបាលស្រុកកំរៀងខេត្តបាត់ដំបង បានឲ្យដឹងបន្ថែមថា អាជ្ញាធរ ស្រុកនិងមន្រ្តីពាក់ព័ន្ធបានរៀចំបិទខ្ទប់ទីតាំង ខាងលើនេះហើយ ក្រោយពីឯកឧត្តម អភិបាលខេត្ត បាត់ដំបងដាក់បញ្ជាជាបន្ទាន់នោះ ។លោកបញ្ជាក់ថាក្រុមគ្រូពេទ្យកំពុងតែរៀបចំយក សំណាកបុគ្គលិក ដែលបម្រើការនៅការិយាល័យដឹកជញ្ជូននិងផ្ញើសម្ភាររបស់ក្រុមហ៊ុនវីរៈប៊ុនថាំប្រចាំស្រុកកំរៀងនេះ ចំនួនជាង១០នាក់ និង បន្តដាក់ឲ្យធ្វើចត្តាឡីស័ក ៕

សូមចុចlink Telegram Channel CNGTV Cambodia ដើម្បីតាមដានព័ត៌មានប្រចាំថ្ងៃតាមរយៈ https://t.me/cngtvcambodia


 

ប្រភព: ក្រសួងព័ត៌មាន