លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ៖ ការហាមឃាត់ចូលមកកម្ពុជានៅពេលនេះ គឺធ្វើតែប្រទេសឥណ្ឌា មួយសិនប៉ុណ្ណោះ

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចាក់វ៉ាក់សាំងកូវីដ-១៩ (គ.វ.ក១៩) ក្នុងក្របខណ្ឌទូទាំងប្រទេស បានមានប្រសាសន៍ថា នៅក្នុងដំណាក់កាលនេះ ក្រសួងសុខាភិបាល ពុំទាន់សម្រេចថានឹងបញ្ចូលប្រទេសផ្សេងទៀតក្រៅពីឥណ្ឌា នៅឡើយទេ សម្រាប់ការហាមឃាត់រាល់ជនបរទេសទាំងអស់ ដែលធ្វើដំណើរចូលមកប្រទេសកម្ពុជា ពីប្រទេសឥណ្ឌា ឬឆ្លងកាត់ប្រទេសឥណ្ឌា ឬក៏មានប្រវត្តិធ្វើដំណើរទៅប្រទេសឥណ្ឌា រយៈពេលបីសប្តាហ៍មុនចូលមកប្រទេសកម្ពុជា។

 
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ៖ ការហាមឃាត់ចូលមកកម្ពុជានៅពេលនេះ គឺធ្វើតែប្រទេសឥណ្ឌា មួយសិនប៉ុណ្ណោះ

ការលើកឡើង​របស់លោក​ជំទាវ​វេជ្ជបណ្ឌិត គឺ​ឆ្លើយតប​ទៅនឹង​សំណួរ​របស់​អ្នកយកព័ត៌មាន នៃ​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP) ពាក់ព័ន្ធ​នឹង​ការបន្ថែម​ប្រទេស​ដែល​អាច​នឹង​បង្ក​ហានិភ័យ​ដល់​ប្រទេស​កម្ពុជា នូវ​វីរុស​បំប្លែង​ថ្មី B1617 ដែល​បាន​រកឃើញ​ដំបូង​នៅ​ប្រទេស​ឥណ្ឌា និង​មាន​ភាព​ឆ្លង​ខ្លាំង​ជាង និង​គ្រោះថ្នាក់​ខ្លាំង​ជាង វីរុស​បំប្លែង​ថ្មី B117 ដែលមាន​ប្រភព​មកពី​ប្រទេស​អង់គ្លេស​ទៅទៀត​។ លោកជំទាវ បាន​បញ្ជាក់ថា « នៅក្នុង​កាលៈទេសៈ​នេះ យើង​គិត​ត្រឹម​ជនបរទេស​ដែល​មកពី​ប្រទេស​ឥណ្ឌា ឆ្លងកាត់ និង​មាន​ប្រវត្តិ​ធ្វើដំណើរ​ទៅ​ប្រទេស​ឥណ្ឌា មុន​មក​កម្ពុជា សិន​ប៉ុណ្ណោះ »​។​

​សូមបញ្ជាក់ថា កាលពីពេល​ថ្មីៗ​នេះ ប្រទេស​វៀតណាម និង​ប្រទេស​ថៃ សុទ្ធតែ​បាន​រកឃើញ​ករណី​វិជ្ជមាន នូវ​វីរុស​បំប្លែង​ថ្មី​របស់​ឥណ្ឌា ក្នុងនោះ​ប្រទេស​ថៃ បាន​រកឃើញ​វីរុស​នេះ​លើ​ស្រី​ម្នាក់ និង​កូនតូច​របស់​ស្ត្រី​រូបនោះ ដែល​អ្នក​ទាំង​ពីរបាន​ធ្វើដំណើរ​មកពី​ប្រទេស​ប៉ា​គី​ស្ថាន​។ ជាមួយគ្នា​ដែរ ប្រទេស​មួយចំនួនទៀត ដូចជា​នេ​ប៉ាល់ បង់​ក្លា​ដេ​ស សិង្ហ​បុរី ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី ក៏បាន​រកឃើញ​វីរុស​បំប្លែង​ថ្មី​របស់​ឥណ្ឌា​នេះ​ផងដែរ​។​

​គួររម្លឹកថា កាលពី​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២១ ក្រសួងសុខាភិបាល បានចេញ​សេចក្តីប្រកាស​មួយ ដោយមាន​ការឯកភាព​ដ៏​ខ្ពង់ខ្ពស់​ពី សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ក្នុងការ​ហាមឃាត់​ការធ្វើដំណើរ​ចូលមក​ប្រទេស​កម្ពុជា ចំពោះ​ជនជាតិ​ឥណ្ឌា និង​ជនបរទេស​ទាំងអស់ ដែល​ធ្វើដំណើរ​មកពី​ប្រទេស​ឥណ្ឌា ឬ​ឆ្លងកាត់​ប្រទេស​ឥណ្ឌា ឬ​មាន​ប្រវត្តិ​ធ្វើដំណើរ​ទៅ​ប្រទេស​ឥណ្ឌា រយ​:​ពេល​បី​សប្តាហ៍​មុន​ចូលមក​កម្ពុជា តាមផ្លូវ​អាកាស រឺ​ផ្លូវគោក​៕

 

ប្រភព: ក្រសួងព័ត៌មាន