អាជ្ញាធររាជធានីភ្នំពេញ ចុះដករបាំងថ្មតំបន់បិទខ្ទប់ និងបន្ដចុះសម្របសម្រួលបន្ទប់ ជូនកម្មករ នៅសង្កាត់ស្ទឹងមានជ័យទី១
AKP ភ្នំពេញ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១–ឯកឧត្ដម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ អមដំណើរដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និង លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ នៅព្រឹកថ្ងៃសុក្រ ៣កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញចុះដកប៉ារ៉ាស់នៅតំបន់បិទខ្ទប់ ក្នុងភូមិសាស្ត្រសង្កាត់ស្ទឹងមានជ័យ១ និងបន្តចុះសម្របសម្រួលកម្មករ កម្មការិនី ដែលតវ៉ាឱ្យម្ចាស់ផ្ទះជួលបញ្ចុះតម្លៃ ថ្លៃឈ្នួល ថ្លៃទឹក-ភ្លើង ចំនួន ៤០៤ បន្ទប់ ស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានធ្វើការសម្របសម្រួល រវាងម្ចាស់ផ្ទះជួល និងកម្មករ កម្មការិនី ដែលបានទាមទារឱ្យមានការបញ្ចុះថ្លៃផ្ទះជួល ហើយ ឯកឧត្ដម បានបន្តថា ដោយសារតែពួកគាត់គ្មានការងារធ្វើ ក្នុងកំឡុងពេលបិទខ្ទប់ នៃតំបន់ក្រហម ដោយមិនអនុញ្ញាតឱ្យពួកគាត់ចេញពីផ្ទះ ដើម្បីបំពេញការងារផ្សេងៗ និងគ្មានប្រាក់ចំណូល ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ។
ក្នុងការចុះសម្របសម្រួលនេះដែរ ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់ថា ឯកឧត្ដម នឹងសុំការយោគយល់ពី ភាគីខាងម្ចាស់ផ្ទះជួល ដើម្បីបញ្ចុះថ្លៃឈ្នួលតាមការស្នើសុំរបស់ កម្មករ កម្មការិនី ។
សូមបញ្ជាក់ថា ក្នុងមួយបន្ទប់ ថ្លៃឈ្នួល ៥០ដុល្លារ ហើយកម្មករ កម្មការិនី ស្នើសុំនៅត្រឹម ២៥ដុល្លារ ក្នុងមួយបន្ទប់ ៕
សូមចុច join link Telegram Channel CNGTV Cambodia https://t.me/cngtvcambodia
ប្រភព: ក្រសួងព័ត៌មាន