កម្ពុជាកំពុងត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី៥២ កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧

កម្ពុជាកំពុងត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី៥២ កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧និងកិច្ចប្រជុំពាក់ព័ន្ធ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ។

 
កម្ពុជាកំពុងត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី៥២ កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧

ថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្តីការ ក្រសួង ឯកឧត្តម ឡេង ធនយុទ្ធា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំ កិច្ចប្រជុំគណៈកម្មការរៀបចំកិច្ចប្រជុំឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី៥២ និងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ និងកិច្ចប្រជុំពាក់ព័ន្ធ ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូពី ចម្ងាយពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក និងមន្ត្រីជំនាញអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង។

អង្គប្រជុំបានពិភាក្សាលើការកំណត់ចំនួនអ្នកចូលរួម តួនាទី និងភារកិច្ចសមាជិកគណៈកម្មការទាក់ទងនឹងការរៀបចំលិខិតអញ្ជើញអ្នកចូលរួមការរៀបចំ Backdrop ការកំណត់ទីតាំងទង់ជាតិ រូបសញ្ញា ការរៀបចំ កន្លែងអង្គុយ ការរៀបចំថតវីដេអូ ការរៀបចំប្រព័ន្ធបច្ចេកទេសសំឡេង ការរៀបចំសន្ទរកថាបើកសម្រាប់ ថ្នាក់ដឹកនាំ ការរៀបចំខ្លឹមសារសេចក្តីប្រកាសព័ត៌មាន និងការងារគ្រប់គ្រងបច្ចេកទេសប្រព័ន្ធវីដេអូពីចម្ងាយ ដើម្បីឱ្យដំណើរការនៃកិច្ចប្រជុំប្រព្រឹត្តទៅដោយរលូនប្រកបដោយជោគជ័យតាមការគ្រោងទុក។

សូមជម្រាបជូនថា៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន រដ្ឋមន្ត្រីដឹកជញ្ជូន អាស៊ាន-ចិន រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-កូរ៉េ រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ជប៉ុន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេង ទៀត នៅថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូពីចម្ងាយ តាមគោលការណ៍ឯកភាពពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

Join link Telegram https://t.me/cngtvcambodia

ប្រភព: ក្រសួងសាធារណការ និងដឹកជញ្ជូន