អាមេរិក និងអុីរ៉ង់ ប្រជែងគ្នាគ្រប់គ្រងច្រកសមុទ្រ Hormuz
ទោះបីជាមានការខិតខំប្រឹងប្រែងផ្នែកការទូតកាលពីសប្តាហ៍មុនក៏ដោយ ប៉ុន្តែកិច្ចព្រមព្រៀងឈប់បាញ់កំពុងស្ថិតក្នុងមន្ទិលសង្ស័យ ខណៈដែលសហរដ្ឋអាមេរិក និងអុីរ៉ង់ បានបង្កើនការប្រឈមមុខដាក់គ្នាផ្នែកយោធា ដើម្បីដណ្តើមការគ្រប់គ្រងច្រកសមុទ្រ Hormuz។
យោងតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី ៥ ខែឧសភា ម្សិលមិញនេះ ភាពតានតឹងបានផ្ទុះឡើងខ្លាំងសារជាថ្មី បន្ទាប់ពីកងទ័ពជើងទឹកអាមេរិកបានពង្រឹងការបិទខ្ទប់ផ្លូវទឹក ដោយអះអាងថាជាវិធានការចាំបាច់ដើម្បីការពារសន្តិសុខនាវាដឹកជញ្ជូនអន្តរជាតិ។ ជាការឆ្លើយតប អ៊ីរ៉ង់បានដាក់ពង្រាយកម្លាំងការពារឆ្នេរសមុទ្រ និងមីស៊ីលបន្ថែមទៀត ដោយព្រមានថា ខ្លួននឹងមិនអនុញ្ញាតឱ្យមហាអំណាចខាងក្រៅមកត្រួតត្រាផ្លូវទឹកដ៏សំខាន់របស់ខ្លួនឡើយ។
កត្តានេះបានធ្វើឱ្យកិច្ចចរចាសន្តិភាពដែលធ្លាប់មានសញ្ញាវិជ្ជមាន កាលពីពេលថ្មីៗនេះ ត្រូវជាប់គាំងទាំងស្រុង។ ភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកថា ជាអ្នករំលោភលើទំនុកចិត្ត និងព្យាយាមប្រើប្រាស់កម្លាំងយោធាដើម្បីដាក់សម្ពាធលើតុចរចា។
ការប្រជែងគ្នាគ្រប់គ្រងច្រកសមុទ្រ Hormuz នេះ បានបង្កជាក្តីបារម្ភជាសកលសារជាថ្មី ចំពោះស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ប្រេង។ តម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកបានហក់ឡើងភ្លាមៗ បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការប្រឈមមុខដាក់គ្នារវាងនាវាចម្បាំងនៃប្រទេសទាំងពីរ។ អ្នកវិភាគព្រមានថា ប្រសិនបើគ្មានការចុះថយក្នុងពេលឆាប់ៗនេះទេ ពិភពលោកអាចនឹងប្រឈមមុខនឹងវិបត្តិថាមពលដ៏ធ្ងន់ធ្ងរ៕
ប្រភព៖ Reuters


















