ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ចិន
ភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ចិន តាមរយៈវីដេអូពីចម្ងាយទាក់ទងនឹងវិធានការប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩ក្នុងវិស័យដឹកជញ្ជូន (the ASEAN-CHINA Transport Ministers’ meeting on COVID-19)។
កិច្ចប្រជុំនេះដឹកនាំដោយសហប្រធាន ឯកឧត្ដម Dato Abdul Mutalib Yusof រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនងព័ត៌មាននិងដឹកជញ្ជូននៃប្រទេសព្រុយណេ និងឯកឧត្ដម Li Xiaopeng រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាមានិតចិន ដោយផ្តោតជាសំខាន់លើវិធានការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ ក្នុងវិស័យដឹកជញ្ជូន។
ឯកឧត្ដមទេសរដ្ឋមន្ត្រីក៏បានលើកឡើងផងដែរអំពីវិធានការបិទច្រកទ្វារឆ្លងកាត់ព្រំដែនជាបណ្ដោះអាសន្ន ដោយមានការឯកភាពរវាងប្រទេសជិតខាង ក្នុងនោះមានការអនុវត្តតាមគោលការណ៍ចំនួនបីចំណុច ទីមួយត្រូវផ្ទេរទំនិញពីរថយន្តដឹកទំនិញរបស់ប្រទេសនាំចេញទៅកាន់រថយន្តដឹកទំនិញរបស់ប្រទេស នាំចូលនៅត្រង់ទីតាំងកំណត់មួយ ទីពីរត្រូវប្ដូររ៉ឺម៉កសណ្ដោងនៅត្រង់ទីតាំងកំណត់នោះ និងទីបី កំណត់ចំនួនរថយន្តចេញចូលច្បាស់លាស់តាមពេលម៉ោងជាក់លាក់ និងការកំណត់ចំនួនមនុស្សច្រើន បំផុតក្នុងមួយរថយន្តចំនួនពីរនាក់ ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគនេះ។
ជាមួយគ្នានោះដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបន្តថា៖ មេរោគកូវីដ-១៩ បានជះឥទ្ធិពលអវិជ្ជមានដល់វិស័យដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសនៅទូទាំងពិភពលោករួមទាំងកម្ពុជាផងដែរ និងធ្វើឱ្យវិស័យនេះមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ពោលគឺនៅក្នុងរយៈពេល៦ខែដើមឆ្នាំ២០២០នេះ កម្ពុជា ទទួលបានអ្នកដំណើរចំនួន១,៩៥ លាននាក់ ធ្លាក់ចុះ៦៨% និងទំនិញចំនួន២៥.០០០ តោន ធ្លាក់ចុះ៣០% ប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។
សូមជម្រាបថា ឯកឧត្តមទេសរដ្ឋមន្ត្រីបានជំរុញឱ្យប្រទេសដែលជាភាគីពាក់ព័ន្ធទាំងអស់សហការឲ្យបានជិតស្និទ្ធ មិនត្រូវចង្អុលដាក់គ្នា ឬស្ដីបន្ទោសគ្នាទៅវិញទៅមក ប៉ុន្តែចាំបាច់ត្រូវតែរួបរួមឯកភាពគ្នាជាធ្លុងមួយដើម្បីយកឈ្នះ ក៏ដូចជាប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ១៩៕
ប្រភព: ក្រសួងសាធារណការ និង ដឹកជញ្ជូន