រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន(US-ABC) តាមប្រព័ន្ធវីដេអូ
(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (U.S. ASEAN Business Council – US-ABC) ដឹកនាំដោយ ឯកឧត្តមអគ្គរដ្ឋទូត Ted Osius ជាប្រធាន និងនាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ច US-ABC តាមប្រព័ន្ធវីដេអូ។
មុននឹងចាប់ផ្តើមពិភាក្សាការងារ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ច US-ABC ដែលបានចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ និងបានថ្លែងការអបអរសាទរជូនចំពោះឯកឧត្តមអគ្គរដ្ឋទូត Ted Osius ដែលត្រូវបានជ្រើសតាំងជាប្រធាន និងនាយកប្រតិបត្តិថ្មី។
ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា កិច្ចពិភាក្សានេះ ផ្តោតសំខាន់លើការងារអាទិភាព និងគំនិតផ្តួចផ្តើមនានាដាក់ចេញដោយអាស៊ាន ជាពិសេសនៅពេលកម្ពុជាទទួលតួនាទីជាប្រធានអាស៊ាននៅឆ្នាំ២០២២។ បន្ថែមពីនេះ កិច្ចពិភាក្សា ផ្តោតលើការជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម-សេដ្ឋកិច្ចទ្វេភាគី និងតំបន់ និងការចូលរួមរបស់វិស័យឯកជនក្នុងស្តារទ្បើងវិញនូវខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងផលិតកម្មសកល ពាណិជ្ជកម្មឌីជីថល ប្រព័ន្ធសុខាភិបាល ការស្តារទំនុកចិត្តឡើងវិញក្នុងការធ្វើដំណើរ និងការលើកកម្ពស់សេដ្ឋកិច្ចឌីជីថល ជាដើម។
ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជានឹងខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមរួមក្នុងតំបន់ ដោយឈរជាមូលដ្ឋានភាពបើកចំហ ស្មោះត្រង់ សុចរិត សុឆន្ទៈ សាមគ្គីភាពគ្នា និងភាពសុខដុមរមនា នៅក្នុងអាស៊ាន។ ពិសេសកម្ពុជានឹងផ្តោតសំខាន់លើកិច្ចខិតខំស្តារសេដ្ឋកិច្ចសង្គម ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ព្រមទាំងប្ដេជ្ញាធ្វើឱ្យអាស៊ាននៅតែជាតំបន់ដែលមានសារៈសំខាន់សម្រាប់ពាណិជ្ជកម្ម វិនិយោគ និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ពិភពលោក តាមរយៈការបង្កើតនូវផលប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ និងកិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលទើបបានចុះហត្ថលេខាកាលពីពេលថ្មីៗនេះ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងការស្វាគមន៍នូវការដាក់ដំណើររោងចក្រដំទ្បើងរថយន្ត Ford នៅខេត្តពោធិសាត់ ដែលអាចផ្តល់ឱកាសការងារជូនប្រជាជនកម្ពុជា និងការផ្ទេរបច្ចេកវិទ្យាជាដើម។ ម្យ៉ាងទៀតឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្វាគមន៍ ក្រុមហ៊ុនដឹកជញ្ជូន Fedex ដែលមានគោលបំណងពង្រីកសេវាកម្មដឹកជញ្ជូនត្រង់តាមផ្លូវអាកាសមកកម្ពុជាផងដែរ។
ឯកឧត្តមអគ្គរដ្ឋទូត និងក្រុមហ៊ុនអាមេរិក បានប្តេជ្ញាជំរុញការវិនិយោគ និងកិច្ចសហប្រតិបត្តិការធុរកិច្ចបន្ថែមទៀត ជាពិសេសបានបង្ហាញពីការគាំទ្រនៅពេលដែលកម្ពុជាទទួលធ្វើជាប្រធានអាស៊ានឆ្នាំ២០២២៕
សូមចុច join Telegram https://t.me/cngtvcambodia
ប្រភព៖ ក្រសួងពាណិជ្ជកម្ម