ការមិនការពារខ្លួនពីការចម្លងវីរុសកូវីដ-១៩ គឺជាការមើលងាយខ្លួនឯង ទុកខ្លួនឯងឲ្យឈឺ និងអាចឈានទៅដល់គ្រោះថ្នាក់សុខភាពធ្ងន់ធ្ងរ ប្រសិនបើកាន់តែប្រហែសជាមួយនឹងវីរុសកូវីដ-១៩ ៖
(រាជធានីភ្នំពេញ)៖ សុំកុំមើលស្រាលលើលទ្ធភាពនៃការចម្លងវីរុសកូវីដ-១៩ ធ្វើឲ្យយើងងាយភ្លេចវីរុសកូវីដ-១៩ ដែលងាយនឹងធ្លាក់ចូលទៅក្នុងស្ថានភាពឲ្យវីរុសកូវីដ-១៩ សប្បាយរីករាយក្នុងការវ៉ៃឡុកសរីរាង្គយើងដោយងាយស្រួល និងដោយមិនដឹងខ្លួនបានគ្រប់ពេលវេលា គ្រប់កាល:ទេស: និងគ្រប់ទីកន្លែង។ ដូច្នេះ សូមលោកអ្នក មេត្តាកុំភ្លេចអនុសាសន៌ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺ ត្រូវអនុវត្តន៌ វិធានការ ៣ការពារ និង ៣កុំ ឲ្យបានគ្រប់ៗគ្នា។ នេះជាប្រសាសន៌លើកឡើងរបស់លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា ក្នុងពេលឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មាននាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។
លោកជំទាវ បានបន្តថា៖ ខ្ញុំសុំជម្រាបជូនថា ការធ្វេសប្រហែសរបស់បុគ្គល និងអាចនាំមកនូវការចម្លងវីរុសកូវីដ-១៩ ក្នុងគ្រួសារ និងក្នុងសហគមន៌ដោយមិនដឹងខ្លួន។ ដូច្នេះ ការខិតខំអនុវត្តន៌វិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ព្រមទាំងចេះកែប្រែឥរិយាបទរបស់ខ្លួនសម្រាប់ការរស់នៅធម្មតាតាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាភារកិច្ចរបស់បុគ្គលម្នាក់។
យើងមិនត្រូវមើលស្រាលលើលទ្ធភាពចម្លងរហ័ស នៃវីរុសកូវីដ-១៩ និងភាពធ្ងន់ធ្ងររបស់ជំងឺនេះឡើយ ដែលអាចកើតមានឡើងគ្រប់កាល:ទេស: គ្រប់ពេលវេលា និងគ្រប់ទីកន្លែង លើបុគ្គលដែលមិនបានការពារខ្លួនត្រឹមត្រូវតាមការណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងរបស់ក្រសួងសុខាភិបាល។
ខ្ញុំសូមអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តន៏នូវវិធានការ ៣ការពារ ៖ ពាក់ម៉ាស់ លាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង និង វិធានការ ៣កុំ ៖ កុំទៅកន្លែងមានមនុស្សច្រើនកុះករ កុំទៅកន្លែងដែលបិទជិតគ្មានខ្យល់ចេញចូល ប្រើម៉ាស៊ីនត្រជាក់ច្រើន និងកុំប៉ះពាល់គ្នា ដូចជាពេលជួបគ្នា កុំចាប់ដៃគ្នា កុំឱបគ្នា កុំកៀកកគ្នា ជាដើម។
សូមជូនពរឆ្នាំថ្មីសាកល ២០២១ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ និងចៀសផុតពីការចម្លងវីរុសកូវីដ-១៩ គ្រប់ៗគ្នា។ សូមឲ្យការភ័យ មានតែមួយឆ្នាំ២០២០ និងមានជោគជ័យឈ្នះកូវីដ-១៩ នៅ ឆ្នាំ២០២១។ សួស្តីឆ្នាំថ្មី ឆ្នាំ២០២១! សូមអរគុណ៕
ប្រភព: ក្រសួងសុខាភិបាល