ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំកំពូលគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ លើកទី៦ (The 6th Belt and Road Summit) ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ

នៅព្រឹកថ្ងៃពុធ ទី០១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានចូលរួមជាវាគ្មិនកិត្តិយស ក្នុងកិច្ចប្រជុំកំពូលគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ លើកទី៦ (The 6th Belt and Road Summit) ឆ្នាំ២០២១ ក្រោមប្រធានបទការលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុភាគី តាមប្រព័ន្ធវីដេអូ។

 
ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំកំពូលគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ លើកទី៦ (The 6th Belt and Road Summit) ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ

កិច្ចប្រជុំកំពូលនេះ បានរៀបចំ និង ដឹកនាំដោយ ឯកឧត្តម Edward Yau រដ្ឋមន្ត្រីពាណិជ្ជកម្ម និងសេដ្ឋកិច្ចអភិវឌ្ឍន៍ នៃតំបន់រដ្ឋបាលពិសេសហុងកុង នៃ សាធារណរដ្ឋប្រជាមានិតចិន និងមានការចូលរួម ជាវាគ្មិនកិត្តិយសពី ឯកឧត្តម Dato Lim Jock Hoi អគ្គលេខាធិការ អាស៊ាន និងរដ្ឋមន្ត្រីពាណិជ្ជកម្មមកពីបណ្តាប្រទេសជាសមាជិកអាស៊ាន និងប្រទេសដទៃមួយចំនួនទៀត។ គោលបំណង សំខាន់នៃកិច្ចប្រជុំកំពូល ផោ្តតលើការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ របស់ សាធារណរដ្ឋប្រជាមានិតចិន ជាមួយនឹងប្រទេសជាដៃគូ រួមមានអាស៊ាន អង្គការពាណិជ្ជកម្មពិភពលោក (WTO) និង ដៃគូពាណិជ្ជកម្មដទៃទៀត ក្នុងបរិបទទ្វេភាគី តំបន់ និងពហុភាគី។

ឯកឧត្តមរដ្ឋមន្រ្ដី បានបញ្ជាក់ពីផែនការស្តារសេដ្ឋកិច្ចអាស៊ាន និងកម្ពុជា ក្នុង​បរិការណ៍នៃវិបត្តិជំងឺឆ្លងកូវីដ-១៩ និងក្រោយវិបត្តិនេះ ជាពិសេសការធានាឱ្យបាននូវលំហូរនៃទំនិញចាំបាច់ សំភារៈបរិក្ខារសុខាភិបាល និងស្បៀងអាហារ។

ឯកឧត្តមរដ្ឋមន្រ្ដី ក៏បានលើកឡើងពីសារៈសំខាន់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិត ចិន និងរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនទៀត ក្រោមក្របខ័ណ្ឌអាស៊ាន ជាពិសេសកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលកិច្ចព្រមព្រៀងទាំងនេះ នឹងជួយកាត់ បន្ថយ និងលុបបំបាត់ពន្ធគយ និងរបាំងមិនមែនពន្ធគយ សម្រាប់ពាណិជ្ជកម្មទំនិញ និងពាណិជ្ជកម្មសេវា ដែលនឹងលើក កម្ពស់បរិស្ថានសម្រាប់ការវិនិយោគ ភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ និងជំរុញកំណើនពាណិជ្ជកម្មទ្វេភាគី និងតំបន់។​

ឯកឧត្តមរដ្ឋមន្រ្ដី ក៏បានលើកឡើងពីសារៈសំខាន់នៃប្រព័ន្ធពាណិជ្ជកម្មពហុភាគីក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាពិសេសការត្រៀមចូលរួមសន្និសីទថ្នាក់រដ្ឋមន្រ្តីអង្គការ WTO លើកទី១២ (MC12) នាពេលខាងមុខផងដែរ។

ជាមួយគ្នានេះ កម្ពុជាក៏បាន និងកំពុងទទួលបានផលប្រយោជន៍ជាច្រើនពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលចូលរួម ចំណែកក្នុងការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធ ជាពិសេសរចនាសម្ព័ន្ធក្នុងវិស័យដឹកជញ្ជូន រួមមានស្ពាន ទំនប់វារីអគ្គិសនី អាកាសយានដ្ឋាន កំពង់ផែសមុទ្រ និងទន្លេ ជាដើម។ ការអភិវឌ្ឍទាំងនេះនឹងឈានទៅដល់ ការលើកកម្ពស់ កិច្ចសម្រួលពាណិជ្ជកម្ម និងភាពប្រកួតប្រជែងរបស់កម្ពុជា ដែលនឹងនាំមកនូវការអភិវឌ្ឍ កំណើនសេដ្ឋកិច្ច សុខមាលភាព ប្រជាជន និងការលុបបំបាត់ភាពក្រីក្រ៕

join link Telegram https://t.me/cngtvcambodia

 

ប្រភព: ក្រសួងពាណិជ្ជកម្ម