បុគ្គលបច្ចេកវិទ្យា ១២ រូបខំជម្នះឧបសគ្គបង្កើតរឿងមិនធ្លាប់មាននៅកម្ពុជាខាងបច្ចេកវិទ្យា
បច្ចុប្បន្ននេះយុវជនកម្ពុជាកំពុងតែមានការរីកចំរើនខ្លាំងក្នុងការសិក្សាទៅលើជំនាញបច្ចេកវិទ្យា និង ការចាប់អារម្មណ៍ទៅលើការបង្កើតឧបករណ៍បច្ចេកវិទ្យាថ្មីៗមិនចាញ់បរទេសនោះឡើយ។
មកទល់ពេលនេះ មានការលេចចេញស្នាដៃថ្មីៗរបស់យុវជនក្នុងស្រុកជាច្រើន ជាពិសេសសមិទ្ធផលដំបូងៗរបស់បុគ្គលបច្ចេកវិទ្យាទាំងនេះ ដែលសុខចិត្តលះបង់ពេលវេលា កម្លាំងកាយចិត្តព្រមទាំងថវិកាផ្ទាល់ខ្លួន ក្នុងការចំណាយពេលស្រាវជ្រាវតាំងពីនៅមិនទាន់មាននរណាចាប់អារម្មណ៍សោះ រហូតបានផ្លែផ្កាថែមទាំងទទួលការគោរពនិងកោតសរសើរពីពលរដ្ឋនិងមជ្ឈដ្ឋាននានាពិតជារឿងមិនងាយស្រួលប៉ុន្មានទេ។
ដូចនេះយើងសូមបង្ហាញអ្នកអោយស្គាល់ពីយុវជនដែលជាកូនខ្មែរឆ្នើមៗទាំង ១២ រូបដូចខាងក្រោម៖
1ទី រ៉ាឌី ស្ថាបនិកវិបសាយទិញលក់អនឡាញដំបូងគេ ឈ្មោះថា Khmer24
ប្រិយមិត្តប្រាកដជាស្គាល់ច្បាស់ថាវិបសាយ Khmer 24 ដែលអាចឲ្យអ្នកទិញ ឬដាក់លក់ផលិតផលទំនិញសព្វសារពើលើអនឡាញ ចាប់ពីគ្រឿងប្រើប្រាស់ទូទៅ រហូតដល់គ្រឿងសម្ភារៈទំនើបជាដើម។
មុននឹងជោគជ័យក្លាយជាស្ថាបនិកវិបសាយទិញលក់អនឡាញដ៏ល្បីល្បាញនេះ លោក ទី រ៉ាឌី តស៊ូខំបង្កើតចាប់តាំងពីឆ្នាំ ២០០២ ដោយគ្មានក្រុមការងារសូម្បីម្នាក់ ហើយក៏បានបរាជ័យលើការងារនេះច្រើនដងមកហើយ ប៉ុន្តែនៅឆ្នាំ ២០១៧ វាក៍ក្លាយជាវិបសាយឈានមុខគេ ខាងលក់ដូរទំនិញ ជាពិសេសគឺផ្ទះនិងរថយន្ត។ ក្នុងមួយខែមានអ្នកទិញ និងលក់ទំនិញរហូតជាង កន្លះលាននាក់ ខណៈនៅខែទី១ ក្រោយពេលបង្កើតមានអ្នកចូលប្រមាណតែជាង ៥០ នាក់ប៉ុណ្ណោះ។
2 បេ ចន្ត្រា ស្ថាបនិករៀបចំព្រឹត្តិការណ៍បារខែមដំបូងគេនៅកម្ពុជាពីឆ្នាំ ២០០៨
លោកបានខិតខំបង្កើតកម្មវិធីនេះទាំងបាតដៃទទេ មានក្រុមការងារតែប៉ុន្មាននាក់ប៉ុណ្ណោះ កម្មវិធីដែលលោកបង្កើតផ្តោតលើការវិវឌ្ឍន៍នៃវិស័យបច្ចេកវិទ្យា ដែលមានវាគ្មិនជំនាញៗនឹងលើកយកចំណេះដឹងនិងរបកគំហើញថ្មីៗ ចែករំលែកដល់អ្នកចូលរួមឲ្យបានយល់ដឹងពីបច្ចេកវិទ្យាជាពិសេសយុវវ័យដែលចង់ចាប់ជំនាញផ្នែកបច្ចេកទេស។
3 អៀ អ៊ុយ អ្នកផលិតហ្គេមខ្មែរដាក់លើទូរសព្ទដៃ Asva the Monkey
លោកជាអ្នកផ្ដួចផ្ដើមបង្កើតក្រុម Osja Studio ហើយក៏ជាអ្នកអភិវឌ្ឍន៍អាជីវកម្មផលិតហ្គេមដំបូងនៅកម្ពុជាផងដែរ។ លោកបានបង្កើតហ្គេមជាច្រើន មានហ្គេមមួយចំនួនរបស់លោកត្រូវបានទទួលស្គាល់នៅលើឆាកអន្តរជាតិដូចជា ហ្គេម Asva The Monkey ទទួលបានរង្វាន់ស្នាដៃលើកទឹកចិត្តយ៉ាងសន្ធឹកសន្ធាប់, ហ្គេមសាន់តា (Santa) អាស្វា (ASVA) និងល្បែងល្បងប្រាជ្ញាបុរសល្អ (Good Man Quiz) ជាដើម។
ថ្មីៗនេះ ក្រុមរបស់លោកបានបញ្ចេញស្នាដៃបង្កើតបច្ចេកវិទ្យា AR ដាក់លើក្រដាសប្រាក់រៀលខ្មែរដែលជាផ្នែកមួយនៃបច្ចេកវិទ្យានាពេលអនាគត សូម្បីតែបច្ចុប្បន្នមានក្រុមហ៊ុនផលិតស្មាតហ្វូនល្បីៗ ក៏បានពាំនាំបច្ចេកវិទ្យានេះមកដាក់លើផលិតផលរបស់ខ្លួនផងដែរ។
4 ញាន ផល្លឹក បង្កើតរថយន្តអង្គរដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ ចាប់ពីឆ្នាំ២០០៣
រថយន្តអង្គរជារថយន្តខ្មែរដ៏ល្បីល្បាញដែលជាគំនិតច្នៃប្រឌិតដ៏អស្ចារ្យ របស់ស្ថាបនិកលោក ញាន ផល្លឹក ។ រថយន្តអង្គរមិនត្រឹមទទួលស្គាល់ពីពលរដ្ឋក្នុងស្រុកប៉ុនោះទេ តែក៏ទទួលបានការកោតសរសើររហូតដល់បណ្ដាញផ្សព្វផ្សាយធំៗនៅបរទេសផងដែរហើយបានចុះមកផ្សព្វផ្សាយយ៉ាងព្រោងព្រាត។
5 ដាញ់ ហុង ស្ថាបនិកបង្កើតប្រព័ន្ធអក្សរខ្មែរយូនីកូដ
ជាអ្នកត្រួសត្រាយផ្លូវឲ្យមានប្រព័ន្ធអក្សរខ្មែរយូនីកូដមកប្រើសម្រាប់វាយអត្ថបទនៅលើកុំព្យូទ័រ និងអ៊ីនធឺណិតឲ្យកាន់តែងាយស្រួលជាង ប្រព័ន្ធលីមូន(Limon) ហើយលោកបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយអក្សរសាស្ត្រខ្មែរខ្ពស់មុខខ្ពស់មាត់ និងទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីពលរដ្ឋកម្ពុជានិងជាតិសាសន៍ដទៃផងដែរ។
6 គ្រុយ វណ្ណា ស្ថាបនិកក្ដារចុចឆ្លាតវៃ
នៅពាក់កណ្ដាលឆ្នាំ ២០១៤ លោកបានបង្កើតក្ដារចុចសម្រាប់ iOS មានឈ្មោះថា khmer Smart Keyboard ជាមួយនឹងក្រុមការងារ Alien Dev។ ថ្វីត្បិតតែក្ដារចុចនេះ មិនមែនជាការរកឃើញដំបូងគេនៅកម្ពុជាក៍ដោយក៍លោកនៅតែបង្កើតវាបានយ៉ាងរលូន និងការច្នៃប្រឌិតថ្មីនៅលើក្ដារចុចថែមទៀត ដែលជាហេតុធ្វើឲ្យស្នាដៃដំបូងរបស់លោកទទួលបានការគាំទ្រយ៉ាងខ្លាំង។
ទោះជាយ៉ាងនេះក្ដីមកដល់ឆ្នាំ ២០១៧ ក្រុមលោកក៏បានបែកខ្ញែកគ្នា នៅសល់តែស្នាដៃប៉ុណ្ណោះសម្រាប់ទុកឲ្យ Developer ជំនាន់ក្រោយៗបន្តកិច្ចការ បង្កើតអ្វីថ្មីទៀតនៅលើក្ដារចុចនេះ។
7 ក្រុមអ្នករចនាពុម្ពអក្សរខ្មែរ
អ្នករចនាពុម្ពអក្សរទាំងអស់ក្នុងក្រុមសុទ្ធតែពុំរៀន IT នោះទេដោយអ្នកខ្លះរៀនខាង សេដ្ឋកិច្ច អក្សរសាស្ត្រអង់គ្លេស និងជំនាញផ្សេងៗជាដើម។ តែដោយមានឆន្ទៈស្រឡាញ់ការរចនាពុម្ពអក្សរខ្មែរទើប ប្រឹងប្រែងខំបង្កើតអោយមានមកដល់សព្វថ្ងៃ។ អ្នកខ្លះត្រូវឆ្លៀតពេលទំនេរពីរៀន មករចនាពុម្ពអក្សរថ្មីៗជាដើម។
ក្រុមអ្នករចនាពុម្ពអក្សរខ្មែរ បានចំណាយពេលប្រហែល ៣ ឆ្នាំ រចនាពុម្ពអក្សរបានដល់ទៅជាង ៣០០ ម៉ូដ តែគ្មានការលើកទឹកចិត្តពីស្ថាប័នដែលយកពុម្ពអក្សរទៅប្រើឡើយ។ មកទល់ពេលនេះពួកគេបានបែកខ្ញែកគ្នាអស់ហើយ នៅសល់តែពុម្ពអក្សរតាមម៉ូឌដែលពួកគេបានបង្កើតឡើងតែប៉ុនោះ។
8 ប្លុង ម៉ាលីពណ៌ បង្កើតកម្មវិធីមើលចំណតរថយន្តក្រុងសាធារណៈ
សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រកញ្ញា ប្លុង ម៉ាលីពណ៌ ដែលជាអ្នកអភិវឌ្ឍន៍កម្មវិធី Stop Near Me ឬកម្មវិធីចំណតក្បែរខ្ញុំដំបូងគេក្នុងប្រទេសកម្ពុជា វាជាកម្មវិធីថ្មីមួយសម្រាប់ជួយដោះស្រាយបញ្ហាការពិបាកស្វែងរកចំណតឡានក្រុងធ្វើដំណើររបស់ពលរដ្ឋ។
សាស្ត្រាចារ្យ វ័យក្មេងរូបនេះបានប្រឹងប្រែង និងឆ្លៀតពេលទំនេរពីការបង្រៀនមកបង្កើតកម្មវិធីនេះឡើង ប៉ុន្តែមកទល់ពេលនេះនៅមិនទាន់ទទួលបានការគាំទ្រច្រើននោះទេ។
9 ជា ឡង់ដា BookmeBus កក់សំបុត្រឡានតាមអនឡាញលើទូរសព្ទដៃដំបូងគេ
លោកជាអតីតនិស្សិតជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ បានក្លាយជាអ្នកជំនួញជោគជ័យទាំងវ័យក្មេង តាមរយៈការបង្កើតកម្មវិធីកក់សំបុត្ររថយន្តតាមអនឡាញដំបូងគេឈ្មោះថា BookmeBus រហូតទទួលបានជយលាភីលេខ ១ ពានរង្វាន់ Cambodia ICT Award ប្រចាំឆ្នាំ ២០១៦។
យុវជនវ័យ ២៧ឆ្នាំរូបនេះ បានចែករំលែកបទពិសោធន៍ថា ការបង្កើតក្រុមហ៊ុនត្រូវមានចំណង់ខ្ពស់ ភាពប្រឌិតខ្ពស់ ដើម្បីបំពេញទៅតាមតម្រូវការ និងការដោះស្រាយបញ្ហាក្នុងសង្គម។
10 លោក សុខ សុភមង្គល ជានាយកក្រុមហ៊ុន Codingate
លោក សុភមង្គល បច្ចុប្បន្នជានាយកក្រុមហ៊ុនផ្តល់សេវាបង្កើតវិបសាយ និងបង្កើតប្រព័ន្ធគ្រប់គ្រងលើអាជីវកម្មឈ្មោះ Codingate និងធ្លាប់បម្រើការជា Solution Developer ជាច្រើនឆ្នាំផងដែរ។
មកដល់ពេលនេះសម្រាប់ក្រុមហ៊ុន Codingate របស់ លោក មង្គល បានសហការជាមួយដៃគូក្រៅប្រទេសមួយចំនួនដើម្បីផ្លាស់ប្ដូរបទពិសោធន៍បច្ចេកវិទ្យាថ្មីៗទៅវិញទៅមក។
បច្ចុប្បន្ន Codingate បានបង្កើតកម្មវិធីទូរសព្ទនិង Web ជាច្រើនសម្រាប់ដៃគូទាំងក្នុងនិងក្រៅប្រទេស ហើយលោកជឿថា នៅរយៈពេល ៥ឆ្នាំខាងមុខក្រុមហ៊ុននឹងផ្លាស់ប្ដូរមុខមាត់ថ្មី ដោយយក Google ជាគំរូផងដែរ។
11 លោក មាស ស៊ីណាល់- Bayonia
ដោយឃើញថាយុវវ័យភាគច្រើនពិបាកស្វែងរកព័ត៌មានពីកន្លែងស្នាក់នៅពេលចង់ដើរលេងនៅកន្លែងស្អាតៗជុំវិញប្រទេសកម្ពុជាដូចជា ខេត្តសៀមរាប ព្រះសីហនុ កំពត ឬ តាមបណ្ដាខេត្តនានា។
លោកក៏បានបោះបង់ការងារជាអ្នកអភិវឌ្ឍកម្មវិធីវិបសាយ(Web Developer) នៅក្នុងក្រុមហ៊ុនមួយកន្លែង មកចាប់ផ្ដើមបង្កើតវិបសាយកក់សណ្ឋគារតាមអនឡាញ Bayonia ដែលជាវេបសាយក្នុងស្រុកដំបូងគេ។ ក្រោយពីឆ្លងកាត់ឧបសគ្គរាប់មិនអស់ ឥឡូវសេវាកម្មកក់អនឡាញនេះទទួលបានការគាំទ្រយ៉ាងខ្លាំង មានទាំងបរទសផងដែរ ស្ញើចសរសើរពីសេវាកម្មថាល្អមិនចាញ់វិបសាយបរទេសដូចជា Booking.com ជាដើម។
12 លោក ថុល រិទ្ធី បង្កើតកុំព្យូទ័រ Koompi “គម្ពីរ"
ថ្វីត្បិតតែមិនធ្លាប់ជានិស្សិត IT ក៏ប៉ុន្តែលោកថុល រិទ្ធី ចូលចិត្តនិងស្រលាញ់បច្ចេកវិទ្យា។ លោក ធ្លាប់ធ្វើការជាច្រើនទាក់ទងនឹងវិស័យនេះ រហូតដល់បង្កើតកន្លែងបណ្ដុះបណ្ដាលចំណេះដឹងបច្ចេកវិទ្យាមួយរូបមានឈ្មោះថា SmallWorld ដែលបង្កើតឡើងតាំងពីឆ្នាំ ២០១១។
ពេលនេះ SmallWorld កំពុងធ្វើការបោះជំហានធំមួយ តាមរយៈការបង្កើតកុំព្យូទ័រផ្ទាល់ខ្លួន ដើម្បីលើកទឹកចិត្តដល់អ្នករៀនសរសេរកូដជំនាន់ក្រោយ។
គំនិតរបស់ SmallWorld គឺបង្កើតនូវកុំព្យូទ័រយួរដៃដែលមានតម្លៃធូរថ្លៃ មានសមត្ថភាពខ្លាំង និងអាចដំណើរការកម្មវិធីបែប Open Source បានទៀតផង។ លោកបានប្រាប់ឲ្យដឹងថាកុំព្យូទ័រដែលខ្លួនផលិតនិងក្រុមការងារផលិតឡើងនេះ បានប្រើម៉ាកសញ្ញាឈ្មោះ Koompi “គម្ពីរ"។
ផលិតផលកុំព្យូទ័រម៉ាក Koompi នេះប្រើប្រាស់ Software កូនកាត់ Windows លាយនឹង Software របស់ Apple ដែលងាយស្រួលប្រើសម្រាប់អ្នកប្រើថ្មីៗ។បច្ចុប្បន្ន គម្ពីរ ត្រូវបានមហាជនចាប់អារម្មណ៍ខ្លាំង ថែមទាំងបញ្ជាទិញយ៉ាងច្រើនសន្ធឹក។ ទៅថ្ងៃខាងមុខ លោកនឹងពង្រីកទីផ្សារចូលទៅតំបន់អាស៊ាន ឬអ៊ឺរ៉ុបថែមទៀតផង៕