ករណីឆ្លងវីរុសកូវីដ១៩ នៅស៊ុយអែតកើនឡើងដល់ជាង ៧០,០០០នាក់
ទីក្រុងStockholm៖ ស្ថិតិរបស់ទីភ្នាក់ងារសុខភាពបង្ហាញឲ្យឃើញថា ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាកើនឡើងដល់ជាង៧០,០០០នាក់ហើយកាលពីថ្ងៃទី២ ខែកក្កដា ខណៈពេលដែលចំនួនអ្នកស្លាប់បានកើនឡើងដល់ ៥,៤១១ នាក់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។
ប្រទេសស៊ុយអែតបានកត់ត្រាករណីឆ្លងវីរុសកូវីដ១៩ថ្មីចំនួន៩៤៧នាក់ ដែលករណីសរុបមានដល់ទៅ ៧០,៦៣៩នាក់។ ការពិសោធន៍បានឃើញករណីថ្មីៗកើនឡើងជារៀងរាល់ថ្ងៃក្នុងពេលមួយខែកន្លងមកនេះ។
គួរបញ្ជាក់ផងដែរថា ករណីស្លាប់ដោយសារវីរុសកូវីដ១៩ នៅប្រទេសស៊ុយអែតមានចំនួនខ្ពស់ជាងជាច្រើនដងបើប្រៀបធៀបទៅនឹងប្រទេសជិតខាងក្នុងតំបន់ណ័រឌីក ដែលអាជ្ញាធរបានចាត់វិធានការតឹងរឹងប៉ុន្តែចំនួននេះទាបជាងនៅប្រទេសមួយចំនួនដូចជា អង់គ្លេស អ៊ីតាលី និងអេស្ប៉ាញ៕
ប្រភព៖ CNA, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ