វៀតណាម និង ហ្វីលីពីន បដិសេធការធ្វើសមយុទ្ធយោធារបស់ចិននៅក្នុងដែនសមុទ្រចិនខាងត្បូង
ហាណូយ៖ ប្រទេសវៀតណាមនិងហ្វីលីពីនកាលពីម្សិលមិញ បានរិះគន់ការធ្វើសមយុទ្ធយោធារបស់ចិននៅក្នុងតំបន់ដែលមានជម្លោះនៅសមុទ្រចិនខាងត្បូងដោយធ្វើការព្រមានថា ការធ្វើសមយុទ្ធនេះអាចនឹងបង្កើតឲ្យមានភាពតានតឹងនៅក្នុងតំបន់និងប៉ះពាល់ទៅដល់ទំនាក់ទំនងរវាងទីក្រុងប៉េកាំងជាមួយប្រទេសជិតខាងផងដែរ។
រដ្ឋមន្រ្តីការពារជាតិហ្វីលីពីនលោក Delfin Lorenzana បាននិយាយថាសមយុទ្ធរបស់ចិននៅក្នុងដែនទឹកក្បែរប្រជុំកោះ Paracel គឺជាការបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងខណៈក្រសួងការបរទេសវៀតណាមបានហៅសកម្មភាពបែបនេះថាជារំលោភលើអធិបតេយ្យភាពដែលអាចបង្កភាពអន្តរាយដល់ទំនាក់ទំនងរវាងទីក្រុងប៉េកាំងជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ។
គួររម្លឹកផងដែរថា ចិនបានកំណត់ពេលធ្វើសមយុទ្ធរយ:ពេល ៥ថ្ងៃ ចាប់តាំងពីថ្ងៃពុធសប្តាហ៍មុនមកម្ល៉េះនៅប្រជុំកោះ Paracels នេះបើយោងតាមសេចក្តីប្រកាសកាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២០ របស់រដ្ឋបាលសុវត្ថិភាពដែនសមុទ្រហៃណាន៕
ប្រភព: BBC ប្រែសម្រួល: ជា បញ្ញា