កម្ពុជាស្វាគមន៍ និងបើកទូលាយចំពោះការបណ្តាក់ទុនវិនិយោគពីបរទេសលើគ្រប់វិស័យ ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដឹកជញ្ជូន និងភស្តុភារកម្ម
ប្រសាសន៍ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន CMA CGM (Cambodia) Co., Ltd.
ទីស្តីការក្រសួង៖ នារសៀលថ្ងៃអង្គារ ៨កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ចូន បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន CMA CGM (Cambodia) Co., Ltd. ដឹកនាំដោយលោក Laurent OLMETA នាយកប្រតិបត្តិក្រុមហ៊ុន CMA CGM Asia Pacific Limited រួមជាមួយសហការី ចូលជួបពិភាក្សាការងារដោយមានការចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ។
ជំនួបពិភាក្សាការងារនេះ បានផ្តោតជាសំខាន់លើវិស័យដឹកជញ្ជូនតាមផ្លូវទឹក កំពង់ផែ វិស័យភស្តុភារកម្មនៅកម្ពុជា និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន ដែលកំពុងមានមានការរីកចម្រើនគួរឱ្យកត់សម្គាល់នាពេលបច្ចុប្បន្ននេះ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីហេដ្ឋារចនាសម្ព័ន្ធកំពង់ផែស្វ័យតក្រុងព្រះសីហនុ និងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែស្វ័យតភ្នំពេញ ការពង្រីកចំណតផែកុងតឺន័រនៅកំពង់ផែក្រុងព្រះសីហនុ ការងារសាងសង់កំពង់ផែពហុបំណងខេត្តកំពត គម្រោងសិក្សាអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ គម្រោងសិក្សាជីកព្រែកតភ្ជាប់ផ្លូវទឹកពីទន្លេបាសាក់ទៅសមុទ្រកែប គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលបានសាងសង់រួចរាល់និងបានបញ្ចប់ការដាក់ឱ្យដំណើរការសាកល្បងដោយឥតគិតថ្លៃ និងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលកំពុងរៀបចំចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាពេលខាងមុខនេះ។
ជាមួយគ្នានោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា៖ វិស័យដឹកជញ្ចូន និងភស្តុភាកម្មនៅកម្ពុជាកំពុងតែមានសន្ទុះរីកចម្រើនយ៉ាងឆាប់រហ័ស សក្តិសមសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស(FDI) ហើយកម្ពុជាសូមស្វាគមន៍យ៉ាងពេញទំហឹង និងបើកទូលាយចំពោះការវិនិយោគពីបរទេស។
សូមជម្រាបជូនដែរថា៖ ក្រុមហ៊ុន CMA CGM (Cambodia) Co., Ltd. គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CMA CGM Group ដែលមានទីស្នាក់ការកណ្តាលរបស់ខ្លួនឋិតនៅរាជធានីភ្នំពេញ និងមានសាខានៅកំពង់ផែក្រុងព្រះសីហនុផងដែរ។ ក្រុមហ៊ុន CMA CGM (Cambodia) Co.,Ltd ផ្តល់ជូននូវសេវាកម្មដឹកជញ្ជូនដល់អតិថិជនរបស់ខ្លួននៅទូទាំងពិភពលោកប្រកបដោយគុណភាព និងភាពច្នៃប្រឌិត ៕
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន