ឯកឧត្ដម ថោង ខុន៖ កម្ពុជានឹងមានរៀបចំព្រឹត្តិការណ៍អន្តរជាតិជាច្រើននៅថ្ងៃទី១២-១៧ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ

ឯកឧត្ដម ថោង ខុន បន្តលើកឡើងថា ភ្ញៀវទេសចរនឹងមកទស្សនាខេត្តព្រះសីហនុកាន់តែច្រើន ក៏ព្រោះកម្ពុជានឹងមានរៀបចំព្រឹត្តិការណ៍អន្តរជាតិជាច្រើន ដូចជា នៅថ្ងៃទី១២-១៧ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រណាំងទូកក្ដោងជម្រើសជើងឯកអាស៉ីអាគ្នេយ៍ ដែលព្រឹត្តិការណ៍កីឡានេះនឹងរៀបចំនៅសមុទ្រនៃក្រុងព្រះសីហនុ។ មកដល់ពេលនេះ អ្នកដែលបានចុះឈ្មោះចូលរួម រួមមាន សិង្ហបុរី ម៉ាឡេស៉ី ថៃ រួមទាំងកម្ពុជាផង។

 
ឯកឧត្ដម ថោង ខុន៖ កម្ពុជានឹងមានរៀបចំព្រឹត្តិការណ៍អន្តរជាតិជាច្រើននៅថ្ងៃទី១២-១៧ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ

លោកបានបន្តថា នៅថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ ខាងមុខដែរ កម្ពុជាទទួលរៀបចំព្រឹត្តិការណ៍វេទិកាទេសចរណ៍អាស៊ាន (ATF2022) ដោយក្នុងនោះកម្ពុជាបានអញ្ជើញរដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសសមាជិកអាស៊ានទាំង១០ រួមទាំងមានអ្នកចូលរួមសរុបប្រមាណ៦០០នាក់។

ម្យ៉ាងវិញទៀត នៅចុងឆ្នាំ២០២២ កម្ពុជាក៏នឹងទទួលរៀបចំមហាសន្និបាតក្លឹបឆ្នេរអន្តរជាតិ និងការរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រនៅខេត្តព្រះសីហនុនេះទៀតផងដែរ។ ក្រៅពីនេះនឹងមានព្រឹត្តិការណ៍ទេសចរណ៍ជាច្រើនទៀត។

ឯកឧត្ដមបានបន្តទៀតថា ខេត្តព្រះសីហនុអាចទទួលរៀបចំព្រឹត្តិការណ៍ជាតិ-អន្តរជាតិធំៗបានទាំងអស់ មិនថាព្រឹត្តិការណ៍កីឡា ព្រឹត្តិការណ៍ទេសចរណ៍ និងកិច្ចប្រជុំកំពូលៗ (MICE) គឺអាចធ្វើបានទាំងអស់។

បើតាមឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន អ្វីដែលជាបំណងប្រាថ្នារបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិនោះ គឺចង់ទស្សនានិងលេងកម្សាន្តនៅសមុទ្រ ឆ្នេរ និងកោះស្អាតៗនៅខេត្តព្រះសីហនុ។

ក្រៅពីនេះ ខេត្តព្រះសីហនុក៏ថែមទាំងមានភាពទាក់ទាញផ្សេងទៀតដែរ ដូចជា ការអភិវឌ្ឍទីក្រុងវៃឆ្លាត សមិទ្ធផលផ្លូវទាំង៣៤ខ្សែ និងប្រព័ន្ធហេដ្ឋារចនាសម្ពន្ធថ្មីៗដែលស្ថាបនាឡើងស្របតាមស្ដង់ដាអន្តរជាតិ ការគិតគូរអំពីសោភ័ណឆ្នេរ ការរៀបចំសណ្ដាប់ធ្នាប់បានល្អ នៅតាមកោះនានាក៏មានការបង្កើតរីសតច្រើន រីឯមូលដ្ឋានអាជីវកម្មដែលមានឧបនិស្ស័យគាំទ្រវិស័យទេសចរណ៍ក៏មានច្រើនដែរ ដែលជាការទាក់ទាញចំណាប់អារម្មណ៍យ៉ាងសំខាន់សម្រាប់ទេសចរណ៍ផ្ទៃក្នុង ក៏ដូចជាទេសចរអន្តរជាតិ។

ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់លើការរៀបចំអាងចម្រោះទឹកកខ្វក់មុនបង្ហូរចូលទឹកសមុទ្រ ពីព្រោះការថែរក្សាបរិស្ថាន សោភ័ណភាពទឹកសមុទ្រ គឺជាកិច្ចការចាំបាច់របស់ភាគីពាក់ព័ន្ធ មិនអាចឱ្យទឹកសមុទ្រកខ្វក់ខូចសោភ័ណភាព ខូចបរិស្ថាននោះឡើយ។

ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងទេសចរណ៍រូបនេះបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់គោលដៅនេះជាតំបន់សេដ្ឋកិច្ចពហុបំណង ក្នុងនោះរាជរដ្ឋាភិបាលក៏មានគម្រោងអភិវឌ្ឍន៍ច្រើនទៀតនៅក្នុងខេត្តព្រះសីហនុ ក៏មានផែនការទាក់ទាញភ្ញៀវទេសចរឱ្យបានច្រើនលាននាក់ ការពង្រីកសមត្ថភាពរបស់អាកាសយានដ្ឋានកងកេងដែលអាចឱ្យយន្តហោះខ្នាតធំចុះចតបាន ហើយនៅថ្ងៃអនាគតនឹងមានរថភ្លើងល្បឿនលឿនមកកាន់ខេត្តព្រះសីហនុ និងនាវាទេសចរណ៍ខ្នាតយក្សមកបានផងដែរ។ សម្រាប់ទេសចរដែលមកតាមនាវាយក្សទាំងនោះនឹងភ្ជាប់ទៅកាន់គោលដៅសៀមរាបបន្តទៀត ហើយភ្ញៀវទេសចរចូលសៀមរាបមុនក៏នឹងភ្ជាប់មកគោលដៅព្រះសីហនុវិញដែរ។ នៅខេត្តសៀមរាបជាគោលដៅទេសចរណ៍ប្រវត្តិសាស្ត្រ វប្បធម៌ដ៏ទាក់ទាញមួយសម្រាប់ពិភពលោកទាំងមូល ប៉ុន្តែនៅខេត្តព្រះសីហនុគឺជាគោលដៅឆ្នេរស្អាតមិនចាញ់ប្រទេសដទៃឡើយ។

ឯកឧត្ដមរដ្ឋមន្ត្រីបានបង្ហើបទៀតថា «នៅថ្ងៃអនាគត កំពង់ផែក្រុងព្រះសីហនុនឹងក្លាយជាទីតាំងផ្លាស់ប្ដូរពាណិជ្ជកម្មអន្តរជាតិ ដូចទៅនឹងកំពង់ផែនៅសិង្ហបុរីដែរ»៕

Join Telegram https://t.me/cngtvcambodia

ប្រភព៖ ក្រសួងទេសចរណ៍