ឯកឧត្ដមរដ្ឋមន្ត្រីទេសចរណ៍៖ ការអភិវឌ្ឍថ្មីៗ និងការទប់ស្កាត់កូវីដបានល្អ ជាកត្តាទាក់ទាញភ្ញៀវទេសចរឱ្យមកខេត្តព្រះសីហនុ
(ព្រះសីហនុ)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា មានកត្តាជាច្រើនដែលបានចូលរួមទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាខេត្តព្រះសីហនុ ក្នុងនោះមានដូចជាការសម្រេចបាននូវការចាក់វ៉ាក់សាំងជូនប្រជាជន និងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ការអភិវឌ្ឍទីក្រុងវៃឆ្លាត សមិទ្ធផលផ្លូវទាំង៣៤ខ្សែ និងប្រព័ន្ធហេដ្ឋារចនាសម្ពន្ធថ្មីៗ សណ្ដាប់ធ្នាប់ សោភ័ណសមុទ្រ-ឆ្នេរ-កោះ ការរៀបចំព្រឹត្តិការណ៍អន្តរជាតិនានា និងលក្ខណសម្បត្តិជាច្រើនទៀត។
ក្នុងពេលចុះត្រួតពិនិត្យមូលដ្ឋានអាជីវកម្មនៅតាមឆ្នេរសមុទ្រនៃក្រុងព្រះសីហនុ ល្ងាចថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ លោករដ្ឋមន្ត្រី ថោង ខុន បានផ្ដល់កិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានយ៉ាងដូច្នេះថា ខេត្តព្រះសីហនុ គឺជាគោលដៅទេសចរណ៍ដ៏ពិសេសមួយសម្រាប់ការបើកទទួលទេសចរណ៍វ៉ាក់សាំង ស្របពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបើកប្រទេសទទួលទេសចរឡើងវិញ។
ឯកឧត្ដមរដ្ឋមន្ត្រីបានលើកហេតុផលចម្បងៗថា គោលដៅខេត្តព្រះសីហនុ គឺមានលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលភ្ញៀវទេសចរដែលចាក់វ៉ាក់សាំងរួចរាល់ ជាគោលដៅសុវត្ថិភាពស្របតាមសូចនាករគោលដែលក្រសួងទេសចរណ៍បានដាក់ចុះ ក្នុងនោះរួមមាន៖
* សូចនាករទី១៖ នៅក្នុងគោលដៅទេសចរណ៍សុវត្ថិភាពនីមួយៗ ប្រជាជនត្រូវចាក់វ៉ាក់សាំង២ដូសយ៉ាងហោចឱ្យបាន៨០%។ លោកថា នៅក្រុងព្រះសីហនុនេះមានប្រជាជនដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចំនួន២ដូសដល់ទៅ១០០% អ្នកខ្លះក៏បានចាក់ដល់ទៅ៣ដូសទៅទៀត។ នេះជាមូលដ្ឋានគ្រឹះមួយដែលផ្ដល់ជាសញ្ញាដ៏រឹងមាំក្នុងការជឿទុកចិត្តរបស់ភ្ញៀវទេសចរ។
* សូចនាករទី២៖ នៅក្នុងគោលដៅទេសចរណ៍សុវត្ថិភាពនីមួយៗ គេពិនិត្យទៅលើអត្រានៃអ្នកឆ្លង និងអ្នកដែលស្លាប់ដោយសារកូវីដ គឺមានការថយចុះដែរឬទេ។ ជាក់ស្ដែងនៅខេត្តព្រះសីហនុ គឺមានការគ្រប់គ្រងការរីករាលដាលជំងឺនេះបានល្អណាស់ ដែលមិនមានហានិភ័យនោះឡើយ។
* សូចនាករទី៣៖ ត្រូវរៀបចំលក្ខណសម្បត្តិខាងផ្នែកសុខាភិបាលនៅតាមគោលដៅនីមួយៗ គឺត្រូវមានមន្ទីរពេទ្យ មន្ទីរពិសោធន៍ មានមធ្យោបាយសម្រាប់ព្យាបាលនៅពេលមានករណីឆ្លង។ លោកថា នៅខេត្តព្រះសីហនុក៏ដូចជានៅរាជធានីភ្នំពេញ និងខេត្តសៀមរាប គឺធ្វើកិច្ចការនេះបានល្អ។
* សូចនាករទី៤៖ នៅក្នុងគោលដៅទេសចរណ៍សុវត្ថិភាពនីមួយៗ ផ្នែកឯកជនត្រូវត្រៀមលក្ខណសម្បត្តិក្នុងការទទួលភ្ញៀវទេសចរ ក្នុងនោះមូលដ្ឋានអាជីវកម្មទាំងអស់ តើមានលក្ខណសម្បត្តិសម្រាប់ទទួលភ្ញៀវទេសចរបានហើយឬនៅ។ ជាក់ស្ដែង អ្នកធ្វើការនៅក្នុងមូលដ្ឋានអាជីវកម្មទាំងអស់នៅក្នុងគោលដៅក្រុងព្រះសីហនុ គឺបានចាក់វ៉ាក់សាំង១០០%គ្រប់គ្នាហើយ៕
Join Telegram https://t.me/cngtvcambodia
ប្រភព៖ ក្រសួងទេសចរណ៍