ឧកញ៉ា ប៉ិច បូឡែនបង្ហាញពីគន្លឹះក្នុងការសម្រេចជ្រើសរើសជំនាញសិក្សាឳ្យបានត្រឹមត្រូវសម្រាប់ទីផ្សាការងារ និងអាជីវកម្មនៅពេលអនាគត

ជាការពិតណាស់ បុគ្គលគ្រប់រូបតែងតែចង់បានអាជីពការងារមួយដែលទទួលប្រាក់ខ្ពស់ ឬប្រភេទការងារដែលត្រូវប៉ាន់ ខ្លះទៀតចង់បង្កើតអាជីវកម្មថ្មី និងមួយចំនួនទៀតចង់ក្លាយខ្លួនជាសហគ្រិនឆ្នើមនៅពេលអនាគត។ ប៉ុន្តែមុននឹងសម្រេចក្តីប្រាថ្នាខាងលើនេះ តើសិស្ស និស្សិត និយោជិក និងម្ចាស់អាជីវកម្មគួរសម្លឹងមើលលើអ្វីខ្លះ ដើម្បីទទួលបានជោគជ័យ?

 
ឧកញ៉ា ប៉ិច បូឡែនបង្ហាញពីគន្លឹះក្នុងការសម្រេចជ្រើសរើសជំនាញសិក្សាឳ្យបានត្រឹមត្រូវសម្រាប់ទីផ្សាការងារ និងអាជីវកម្មនៅពេលអនាគត

ក្នុងសិក្ខាសាលា “ការតម្រង់ទិសជំនាញសិក្សា និងការងារ” តាមប្រព័ន្ធអនឡាញ (Zoom Conference) នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងពីគន្លឹះមួយចំនួន ដើម្បីបង្ហាញផ្លូវដល់សិស្ស និស្សិត និយោជិក និងម្ចាស់អាជីវកម្មមួយចំនួន ដើម្បីជាជំនួយក្នុងការត្រិះរិះពិចារណា និងគួរចាប់យកជំនាញសិក្សា និងអាជីវកម្មថ្មីៗប្រភេទណាដែលនឹងរីកចម្រើននៅក្នុងប្រទេសកម្ពុជានាពេលខាងមុខ។

សម្រាប់ទទួលបានចំណេះដឹងថ្មីៗពាក់ព័ន្ធនិងនយោបាយ សេដ្ឋកិច្ច និងសហគ្រិនភាព ឧកញ៉ាបានលើកទឹកចិត្តឳ្យតាមដានមើលព្រឹត្តិការណ៍ និងនិន្នាការក្នុងតំបន់អាស៊ាន ក៏ដូចជាអន្តរជាតិនៅលើសារព័ត៌មានអាជីព ដើម្បីបានជ្រាបពីព្រឹត្តិការណ៍អ្វីខ្លះកើតឡើង? ហើយមានការប្រែប្រួលបែបណាខ្លះ សម្រាប់ពេលបច្ចុប្បន្ន និងអនាគត?។ ត្រូវអានសៀវភៅគោលនយោបាយជាតិ ដើម្បីឈ្វេងយល់បន្ថែមពីទិសដៅរដ្ឋាភិបាលថា តើវិស័យ និងសហគ្រាសអាជីវកម្មណាខ្លះ ដែលរដ្ឋាភិបាលត្រូវផ្តល់អាទិភាពអភិវឌ្ឍ តើអាជីវកម្មខ្នាតតូច និងមធ្យមនឹងប្រែប្រួលបែបណា នៅប៉ុន្មានឆ្នាំខាងមុខទៀត? ហើយពិសេស ត្រូវតាមដានស្តាប់ពីអនុសាន៍ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ។

 

ចំពោះការស្វែងរកការងារ និងប្រភេទការងារ ឧកញ៉ាបានផ្តល់យោបល់ចូលទៅមើលក្នុងវេបសាយរបស់ទីភ្នាក់ងារជាតិនិងមុខរបរ(NEA) ដែលមានក្រុមហ៊ុនជាតិជាច្រើនផ្សព្វផ្សាយជ្រើសរើសបុគ្គលិក។ លើសពីនេះ ទីភ្នាក់ងារជាតិនិងមុខរបរតែងតែរៀបចំពិពណ៌ការងារជារៀងរាល់ឆ្នាំ ដើម្បីផ្តល់ឳកាសដល់ក្រុមហ៊ុនដែលកំពុងស្វែងរកបុគ្គលិក និងយុវជនដែលកំពុងស្វែងរកការងារបានជួប។

ទន្ទឹមនឹងនោះ ឧកញ៉ាបានបង្ហើបពីជំនាញ និងប្រភេទការងារថ្មីៗ ព្រមទាំងវិស័យដែលនឹងរីកចម្រើនមួយចំនួនដូចជា៖ កសិកម្មបែបទំនើប កសិឧស្សាហ៍កម្ម ឬការកែច្នៃចំណីអាហារ ជំនាញវិទ្យាសាស្ត្រ ជំនាញផ្នែកលក់ វិស័យទេសចរណ៍ វិស័យសំណង់និងអចលទ្រព្យ វិស័យហិរញ្ញវត្ថុ វិស័យសុខាភិបាលឯកជន វិស័យអប់រំ ។

ឧកញ៉ាក៏លើកឡើងពីបំណិនជីវិតក្នុងសត្សវត្សរ៍ទី២១ ដែលមានជំនាញសំខាន់៤ក្នុងការគាំទ្រអាជីពការងារឳ្យទទួលបានជោគជ័យនោះគឺ៖ ១ ជំនាញទំនាក់ទំនង ២- ជំនាញសហប្រតិបត្តិការ ៣- ជំនាញគិតវិភាគស៊ីជម្រៅ ៤- គំនិតច្នៃប្រឌិត។

នាពេលបច្ចុប្បន្ននេះ ម្ចាស់គ្រឹះស្ថានអប់រំខាងលើសង្កេតឃើញថា គ្រប់អាជីវកម្ម និងការងារជាច្រើនបាននឹងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស ដោយសារមានគំនិតនវានុវត្តន៍ ដែលចេះបង្កើតគំនិតច្នៃប្រឌិតថ្មីៗ រួមនឹងការបញ្ចូលបច្ចេកវិទ្យា ព្រមទាំងការវិនិយោគបន្ថែមលើឧបករណ៍បច្ចេកវិទ្យាទំនើប ដើម្បីភាពទាក់ទាញ កាត់បន្ថយការចំណាយ និងទទួលបានផលិតភាពការងារខ្ពស់។

ម៉្យាងវិញទៀត ឧកញ៉ាបានក្រើនរំលឹកដល់យុវជនថា ការជ្រើសរើសជំនាញសិក្សា និងការងារក៏ផ្សាភ្ជាប់ជាមួយនឹងតម្រូវទីផ្សារការងារនៅពេលអនាគត ចំណង់ចំណូលចិត្ត ទេព្យកោសល្យ និងចំណេះជំនាញដែលរៀនពូកែនៅវិទ្យាល័យ។ សិស្ស និស្សិតមួយចំនួនរៀនជំនាញដោយសារកត្តាជំរុញពីក្រុមគ្រួសារ និងខ្លះទៀតរៀនតាមមិត្តភក្តិដោយមិនបានស្គាល់ពីខ្លួនឯងច្បាស់ថា ចូលចិត្តអ្វី? មានទេព្យកោសល្យផ្នែកណា? រៀនពូកែលើមុខវិជ្ជាអ្វីខ្លះ? និងចាប់យកអាជីពអ្វីនៅពេលអនាគត។ ដូចនេះសិស្ស និស្សិតត្រូវឈ្វេងយល់ពីខ្លួនឯងជាមុនសិន និងគួរកំណត់គោលដៅជំនាញសិក្សាណាមួយឳ្យបានច្បាស់លាស់ ហើយក៏ត្រូវឈ្វេងយល់បន្ថែមដែរថាជំនាញសិក្សានោះ ត្រូវការមុខវិជ្ជាវិទ្យាសាស្ត្រពិត ឬវិទ្យាសាស្រ្តសង្គម ដើម្បីប្អូនៗខិតខំសិក្សានៅកម្រិតវិទ្យាល័យ។

 តាមរយៈការរៀបរាប់ខាងលើនេះ អគ្គនាយករូបនេះបានបញ្ជាក់ថា គ្រប់ការណ៍លើកឡើងទាំងអស់នេះ មិនមែនជាការឆ្លុះបញ្ជាំងថាជារឿងត្រឹមត្រូវទាំងស្រុងនោះទេ ហើយក៏មិនមែនអនុសាសន៍អ្វីនោះដែរ នេះគ្រាន់តែជាទស្សនបុគ្គល បទពិសោធការងារគ្រប់គ្រងនិងដឹកនាំ ការងារអប់រំ ព្រមទាំងការប្រឡូកក្នុងការងារសហគ្រិនភាព ហើយនេះគឺជាការចែករំលែក ដើម្បីជាជំនួយស្មារតីដល់ អ្នកអាណាព្យាបាល សិស្ស និសិ្សត និយោជិក ឬម្ចាស់អាជីវកម្មនានា ឈ្វេងយល់បន្ថែម ក្នុងបរិបទពិភពការងារក្នុងគន្លងប្រក្រតីថ្មីដែលមានការប្រែប្រួល ក៏ដូចជាការក្រើនរំលឹក ដើម្បីត្រៀមខ្លួន បន្តអភិវឌ្ឍខ្លួន និងអភិវឌ្ឍជំនាញថ្មីចាំបាច់បន្ថែមទៀត៕