យុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញនៅកម្ពុជាកំពុងបង្កើនល្បឿន ខណៈក្រុមកុមារអាយុចាប់ពី០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ ចាក់បានជាង៦ម៉ឺននាក់ត្រឹមរយៈពេល១ថ្ងៃ

យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទូទាំងប្រទេស បាននិងកំពុងបន្តនូវវឌ្ឍនភាពគួរជាទីមោទក ជាពិសេសនោះគឺការងារចាក់វ៉ាក់សាំងដូសជំរុញទី៣ ដែលសម្រេចបានចំនួន ៥ ៥៣៦ ៤៦៣ នាក់ និងដូសជំរុញទី៤ សម្រេចបាន ៨៨៨ ៥៨៣ នាក់ ក្នុងខណៈពេលដែលការចាក់វ៉ាក់សាំងដល់កុមារអាយុចាប់ពី០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ ដែលមានចំនួនប្រមាណ៦១ម៉ឺននាក់ ដែលទើបចាប់ផ្តើមកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ សម្រេចចាក់បាន ៦៤ ៩០២ នាក់ ក្នុងរយៈពេលត្រឹមមួយថ្ងៃប៉ុណ្ណោះ ដែលស្មើនឹង ១០.៦៣%។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល គិតត្រឹមយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

 
យុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញនៅកម្ពុជាកំពុងបង្កើនល្បឿន ខណៈក្រុមកុមារអាយុចាប់ពី០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ ចាក់បានជាង៦ម៉ឺននាក់ត្រឹមរយៈពេល១ថ្ងៃ

ប៉ុន្តែបើទោះជាការងារចាក់វ៉ាក់សាំងនៅកម្ពុជាយើងកំពុងតែបង្ហាញនូវភាពជោគជ័យក្តី ការបន្តចូលរួមអនុវត្តនូវវិធានការ ០៣ការពារ និង០៣កុំ គឺជាកត្តាដ៏ចាំបាច់បំផុត រួមជាមួយនឹងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី របស់បុគ្គលគ្រប់រូប ដើម្បីកាត់ផ្តាច់ខ្សែចម្លងវីរុសដ៏កាចសាហាវនេះ គឺជាកត្តារួមផ្សំគ្នាដែលមិនអាចខ្វះបាន ក្នុងបរិបទដែលវីរុសបំប្លែងថ្មីអូមីក្រុង បាននិងកំពុងឆ្លងរាលដាលនៅក្នុងសហគមន៍រស់នៅរបស់ប្រជាពលរដ្ឋក្នុងល្បឿនដ៏រហ័ស ដែលគួរឱ្យព្រួយបារម្ភបំផុត។

ចំពោះការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នេះផងដែរ ក្រុមដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ មានប្រជាពលរដ្ឋចំនួន ១០ ២៣៤ ០៣២ នាក់ បានចាក់ដូសទី១ និងចំនួន ៩ ៨៨៧ ៤៦៥ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១០២.៣៤% នៃប្រជាជនគោលដៅសរុប ១០លាននាក់។

ចំពោះកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំវិញ អ្នកចាក់ដូសទី១ មានចំនួន ១ ៨២៤ ០៥៤ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៧៥៣ ២៤០ នាក់ ដែលស្មើនឹង ៩៩.៨២% នៃក្រុមគោលដៅសរុបដែលមានចំនួនជាង ១លាន៨សែននាក់។

ក្នុងនោះផងដែរ ចំពោះកុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អ្នកចាក់ដូសទី១ មានចំនួន ២ ០២២ ០៤៤ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៩៣៧ ៣២០ នាក់ ដែលស្មើនឹង ១០៦.៥៧% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។ សម្រាប់កុមារ អាយុ ០៥ឆ្នាំ ដែលមានចំនួនប្រមាណជាង ៣០ម៉ឺននាក់ សម្រេចចាក់បាន ៣៤០ ០៩៣ នាក់ សម្រាប់ដូសទី១ និងចំនួន ២៥៨ ៧១១ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១១១.៧៦% ហើយដូសជំរុញទី៣ នឹងចាប់ផ្តើមនៅថ្ងៃទី១១ ខែមីនា ខាងមុខនេះ។

សរុបជារួម ប្រជាពលរដ្ឋកម្ពុជា ១៣ ៨៣៦ ៧៣៦ នាក់ នៃចំនួនប្រជាជនសរុបប្រមាណ ១៦លាននាក់ នៅកម្ពុជា បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋានរួចរាល់ ហើយស្ថិតិនៃការចាក់វ៉ាក់សាំងនៅកម្ពុជានេះ គឺស្ថិតក្នុងកម្រិតដ៏ខ្ពស់មួយនៅក្នុងចំណោមប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក ទាំងការចាក់វ៉ាក់សាំង ដូសមូលដ្ឋាន ដូសទី៣ និងដូសទី៤៕

Join Telegram https://t.me/cngtvcambodia

ប្រភព៖ ក្រសួងព័ត៌មាន